Romelu Lukaku បាននិយាយថា Paul Pogba គឺជាតួអង្គសំខាន់ដែលនាំឲ្យរូបគេសម្រេចជ្រើសរើសយក Manchester United បើទោះបី Chelsea ព្យាយាមទាក់ទងខ្លាំងយ៉ាងណាក៏ដោយ។
ក្រុមបិសាចក្រហម Man Utd បានចុះកិច្ចព្រមព្រៀងនាំយកខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ីកពីក្រុម Everton ក្នុងតម្លៃ៩៧លានដុល្លារ ដោយចុះកិច្ចសន្យារយៈពេល៥ឆ្នាំ។ ការជ្រើសយកក្រុមម្ចាស់ជើងឯក Premier League ២០សម័យកាលនេះ Lukaku និយាយថាមិត្តល្អរបស់គេ Pogba ជាអ្នកបញ្ចុះបញ្ចូលខ្លួនឲ្យផ្លាស់មកកាន់ទឹកដី Old Trafford ដើម្បីប្រជែងយកពានជាមួយគ្នា។
មុនពេលផ្លាស់មក Man utd កីឡាករដែលស៊ុតបញ្ចូលទីឲ្យ Everton ២៥គ្រាប់ ក្នុងក្របខណ្ឌ Premier League រដូវកាលមុន ក៏មានទំនាក់ទំនងពីការផ្ទេទៅក្រុមចាស់ Chelsea យ៉ាងខ្លាំងខ្លាផងដែរ។ តែយ៉ាងណាក៏ដោយអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់លោក Jose Mourinho នៅតែអាចយករូបគេមករួមក្រុមបាន ស្របពេល Everton ក៏ចង់បាន Wayne Rooney ត្រឡប់ទៅទឹកដី Goodison Park វិញដែរនោះ។
បច្ចុប្បន្ន Lukaku បានចូលរួមហ្វឹកហាត់ជាមួយក្រុម Man utd ផ្លូវការហើយ ដើម្បីត្រៀមការប្រកួតជាលក្ខណទេសចរណ៍ក្នុងទឹកដីអាមេរិក មុនបើករដូវកាលថ្មី៕