ជាតិ
ក្រសួងរ៉ែ បញ្ឈប់អាជីវកម្មនាំខ្សាច់ពីកោះកុងទៅក្រៅប្រទេស ដើម្បីទប់ស្កាត់ផលប៉ះពាល់បរិស្ថាន រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម
× ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល ចេញសេចក្តីប្រកាសបញ្ឈប់ជាស្ថាពរនៃការអនុញ្ញាតឲ្យធ្វើអាជីវកម្ម នាំខ្សាច់សំណង់គ្រប់ប្រភេទ និងខ្សាច់ល្បាយភក់ នៅខេត្តកោះកុង ចេញទៅក្រៅប្រទេស ដើម្បីទប់ស្កាត់ផលប៉ះពាល់ជាអវិជ្ជមានដល់បរិស្ថាន និងជលសាស្ត្រសង្គម។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ម៉េង សក្កធារ៉ា បានឲ្យដឹងថា ការធ្វើអាជីវកម្មទ្រង់ទ្រាយធំលើការបូមសំណង់គ្រប់ប្រភេទ និងខ្សាច់ល្បាយភក់ នាំចេញនៅក្រៅប្រទេសកន្លងមក ពិតជាបង្កឲ្យមានការប៉ះពាល់ដល់បរិស្ថានមែន។ ដូច្នេះទើបបានជាក្រសួងសម្រេចបញ្ឈប់អាជីវកម្មទាំងនេះ ដើម្បីទប់ស្កាត់ផលប៉ះពាល់សង្គម។
បើតាមលោក ម៉េង សក្កធារ៉ា ការសម្រេចបញ្ឈប់ស្ថាពរនៃការធ្វើអាជីវកម្មខ្សាច់ នាំចេញក្រៅប្រទេសនេះ គឺមិនមានការកំណត់ពេលវេលាអនុញ្ញាតឲ្យដំណើការវិញឡើយ ល្គឹកណាតែរយៈពេល៥ឆ្នាំម្ដង ដែលក្រសួងត្រូវពិនិត្យ និងវាយតម្លៃតាមស្ទឹង ឬទន្លេឡើងវិញ ពោលមានន័យថា ការពិនិត្យបោសសម្អាត(បូមគំនក់ខ្សាច់)ខ្សាច់ស្ទឹង ឬទន្លេ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលរូបនេះ បានពន្យល់យ៉ាងដូច្នេះថា៖« មូលហេតុធំនៃការបញ្ឈប់ការធ្វើអាជីវកម្មជាលក្ខណៈក្នុងក្របខណ្ឌនេះ ក្រោយពីមានការសិក្សាដោយក្រុមជំនាញលើបញ្ហាបូមខ្សាច់ នាំចេញទៅក្រៅប្រទេស ឃើញថាវាអាចបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថាន សង្គមធំធេង បើសិនជានៅតែបន្តឲ្យមានការធ្វើអាជីវកម្មទ្រង់ទ្រាយធំបន្តទៀត»។
តែយ៉ាងណាក្រសួងរ៉ែ និងថាមពល អាចផ្ដល់ឱកាសដល់អាជីវកម្មខ្នាតតូចជាលក្ខណៈបែបសិប្បកម្ម សម្រាប់ការបូមខ្សាច់យកមកបំពេញតម្រូវការក្នុងស្រុកដែរ។ ត្រង់ចំណុចនេះលោក ម៉េង សក្កធារ៉ា បានបញ្ជាក់ថា ៖«ការធ្វើអាជីវកម្មខ្នាតតូចបែងចែកជាពីរ គឺក្រសួងកំណត់ឲ្យមានការធ្វើអាជីវកម្មខ្នាតតូច បែបសិប្បកម្មដោយប្រើកម្លាំងមនុស្ស ឬប្រើម៉ាសីនខ្នាតតូច ដែលមានកម្លាំង៣០សេស ហើយបូមខ្សាច់មិនលើសពី១០ម៉ែត្រគូបទេ។ ចំណែកអាជីវកម្មខ្នាតតូចមួយទៀត ត្រូវប្រើម៉ាស៊ីនមិនលើសពី៧០សេស ហើយអាចបូមខ្សាច់មិនលើសពី៥០ម៉ែត្រគូបឡើយ»។
ក្រសួងកំណត់ការធ្វើអាជីកម្មខ្នាតតូចនេះ សម្រាប់អនុវត្តនៅតាមស្ទឹងស្រែអំបិល, ស្ទឹងតាតៃ, ស្ទឹងត្រពាំងរូង និងស្ទឹងកោះប៉ោ ក្នុងខេត្តកោះកុង។
ការសម្រេចរបស់ក្រសួងរ៉ែនេះ ធ្វើឡើងក្រោយពីមានការទាមទាឲ្យបញ្ឈប់ការធ្វើអាជីកម្មខ្សាច់ ទៅក្រៅប្រទេសជាបន្តបន្ទាប់ ពីសំណាក់សង្គមស៊ីវិល និងអ្នកនយោបាយ ដែលបានរិះគន់ពីភាពមិនប្រក្រតីមួយចំនួន នៃការនាំខ្សាច់ចេញនេះ។
ក្រុមសកម្មជនមាតាធម្មជាតិ ដែលតែងតែចេញមុខរិះគន់លើបញ្ហាបូមខ្សាច់ និងនាំខ្សាច់ចេញពីខេត្តកោះកុងនេះ ធ្លាប់បានអះអាងថា ពួកគេរកឃើញទិន្និន័យពីប្រទេសឥណ្ឌា និងសិង្ហបុរី ដែលបាននាំខ្សាច់ពីកម្ពុជា មានចំនួនរាប់លានតោនក្នុងមួយឆ្នាំ ប៉ុន្តែគយកម្ពុជា កត់ត្រាមានចំនួនតិចតួច ដែលខុសគ្នារាប់សិបដងនៃតួលេខនាំចេញនេះ ចាប់តាំងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥។ ភាពមិនប្រក្រតីនេះ ត្រូវបានក្រុមសកម្មជនមាតាធម្មជាតិ ដាក់ការសង្ស័យថា តួលេខខុសគ្នាអាចនឹងមានការឃុបឃិតជាប្រព័ន្ធ ក្នុងការនាំចេញខ្សាច់គេចពន្ធខុសច្បាប់ និងយកលុយរដ្ឋរាប់លានដុល្លារក្នុងមួយឆ្នាំៗ ដាក់ក្នុងហោប៉ៅរបស់មន្ត្រីរដ្ឋាភិបាលទាំងនោះ។
ប៉ុន្តែរដ្ឋាភិបាល បានបដិសេធចំពោះការលើកឡើងរបស់ក្រុមសកម្មជនទាំងនេះ ។ ក្រសួងរ៉ែ និងថាមពល បានចេញមុខបកស្រាយជាញយដង ចំពោះមុខគណៈកម្មការរដ្ឋសភាផង និងសន្និសីទផងពាក់ព័ន្ធនឹងករណីនេះថា ក្រសួងមិនមែនជាស្ថាប័នផ្តាច់មុខតែមួយគត់ ដែលទទួលបន្ទុកការនាំចេញខ្សាច់នោះទេ។ ក្រសួង ធ្លាប់បានបញ្ជាក់កន្លងមកថា ការនាំចេញខ្សាច់ទៅក្រៅប្រទេស ត្រូវអនុវត្តតាមនីតិវិធីដោយឡែកពីគ្នា ស្របតាមបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធ និងអនុវត្តដោយស្ថាប័នមានសមត្ថកិច្ចផ្សេងគ្នា ពោលមិនមែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងទាំងអស់ឡើយ។ ចំណែកការកត់ត្រានៃការនាំចេញ-ចូល និងការកំណត់ប្រភេទទំនិញរបស់ប្រទេសនីមួយៗក៏មានវិធីសាស្ត្រខុសគ្នាដែរ ទើបជាបញ្ហានាំឲ្យប្រទេសនីមួយៗមានចំនួនតួលេខខុសគ្នានេះ៕
Tag:
ក្រសួងរ៉ែ
ខ្សាច់
កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com