ជាតិ
សិល្បះ
បទ​ចម្រៀង​ដែល​ទាក់ទង​នឹង​ភូមិសាស្ត្រ​មិន​ខ្វះ​ទេ​ការគាំទ្រ !
12, Jul 2017 , 10:04 am        
រូបភាព
ដោយ: រួបរួម
​ទន្លេ​វ៉ៃ​កូ គយ​ត្របែក វត្ត​ព្រៃ​ឆ្លាក់ វាល​យន្ត បាវិត​! អ្នក​ដែល​បាន​ទៅដល់​ទីតាំង​ទាំងនេះ ច្បាស់​នឹក​ដល់​ចម្រៀង​មួយ​បទ​ដែលមាន​ចំណងជើង​ថា «​វាសនា​បុប្ផា​ស្វាយរៀង​» ជាមិនខាន​។  បទ​ចម្រៀង​បែកបាក់​ស្នេហា​ដែល​ច្រៀង​ដោយ​កញ្ញា សួស វី​ហ្សា នេះ មាន​អាយុកាល​ជិត​៣​ឆ្នាំ​ហើយ ប៉ុន្តែ​វា​មិនបាន​សាបរលាប​ដូច​បទ​មួយចំនួន​នោះទេ​។​



​ក្នុង​អាល់​ប៊ុ​ម​ស៊ី​ឌី ៥២៣ និង​វីស៊ីឌី ២១៤ «​វាសនា​បុប្ផា​ស្វាយរៀង​» គ្រាន់តែ​ជា​បទ​ចម្រៀង​មួយ​ក្នុងចំណោម​បទ​ផ្សេងៗ ដែល​ផលិតកម្ម​រស្មី​ហង្ស​មាស បាន​ចេញលក់​នាឱកាស​បុណ្យចូលឆ្នាំ កាលពី​ជាង​ពីរ​ឆ្នាំមុន​ប៉ុណ្ណោះ តែ​បទ​ចម្រៀង​នេះ ជា​តែ​ការពេញនិយម​របស់​អ្នក​ស្តាប់​ដដែល​។​

«​វាសនា​បុប្ផា​ស្វាយរៀង​» ដែល​និពន្ធ​ទំនុកច្រៀង​ដោយ​លោក ហ៊ុន ហេង និង​សម្រួល​តន្ត្រី​ដោយ លោក ញូ​ង សារិន រួមជាមួយ​នឹង​សំឡេង​ដ៏​ពិ​រោះ​របស់​កញ្ញា សួស វី​ហ្សា បាន​អង្រួន​អារម្មណ៍​អ្នក​ស្តាប់​ឲ្យ​ស្រមៃ​ដល់​ភូមិសាស្ត្រ​មួយចំនួន​នៅក្នុង​ខេត្តស្វាយរៀង ក្នុងនោះ​មាន ទ​ន្លេ​វ៉ៃ​កូ ភូមិ​គយ​ត្របែក វត្ត​ព្រៃ​ឆ្លាក់ ភូមិ​វាល​យន្ត (​ឬ​ផ្សារ​វាល​យន្ត​) និង​ក្រុង​បាវិត ជាដើម​។​

​បទ​ចម្រៀង​បែប​មនោសញ្ចេតនា​នេះ លើកឡើង​ពី​នារី​ម្នាក់​ដែល​ច្រៀង​ប្រាប់​ទន្លេ​វ៉ៃ​កូ​ស្តីពី​ប្រវត្តិ​ស្នេហា​របស់ខ្លួន​ជាមួយ​និស្សិត​កម្រិត​បរិ​ញ្ញា​ម្នាក់​ដែល​ក្រោយមក​ឈានទៅដល់​ការបែកបាក់ ស្រប​ពេលដែល​នារី​រូបនោះ ត្រូវ​ទៅធ្វើ​ការ​នៅ​ក្រុង​បាវិត ព្រំដែន​កម្ពុជា​-​វៀតណាម​។​

​នៅក្នុង​វីស៊ីឌី បទ «​វាសនា​បុប្ផា​ស្វាយរៀង​» គ្រាន់តែ​មានការ​សម្តែង​កាយវិការ​រាំច្រៀង​លើ​ឆាក​ប៉ុណ្ណោះ មិនមាន​ការចុះ​ផ្តិត​រូបភាព​ទៅតាម​ទីតាំង​នៅក្នុង​បទ​ចម្រៀង​នោះឡើយ​។ គេ​ក៏​មិនបាន​ដឹងថា នារី​រូបនោះ ទៅ​បាវិត​ដើម្បី​ធ្វើជា​កម្មការិនី​រោងចក្រ ទៅ​បម្រើការ​កាស៊ីណូ ឬ​ធ្វើ​អ្វី​ឲ្យ​ពិត​ប្រាក​ដ​នោះទេ​។​



​ជាការ​ឆ្លើយតប​នឹង​ការ​ត្អូញត្អែរ​របស់​កញ្ញា សួស វី​ស្សា ក៏មាន​ការ​ច្រៀង​បកស្រាយ​ពី​តារាចម្រៀង​ប្រុស​ម្នាក់​ផងដែរ ដោយ​ប្រើ​បទ​ភ្លេង​តែមួយ​។ ប៉ុន្តែ ភាពអាថ៌កំបាំង​គឺជា​សិល្បៈ ដូច្នេះ​ការ​ច្រៀង​បកស្រាយ មិនសូវ​ជា​ទទួលបាន​ការគាំទ្រ​ដូច​បទ​ដើមឡើយ​។​

​ប្រជាប្រិយភាព​របស់​ប​ទ «​វាសនា​បុប្ផា​ស្វាយរៀង​» បានបង្ហាញ​ឲ្យ​ឃើញថា ជនជាតិ​កម្ពុជា​ពិតជា​ស្រឡាញ់​បទ​ដែល​រៀបរាប់​ពី​ទីតាំង​ភូមិសាស្ត្រ​ខ្លាំងណាស់ បើទោះបីជា​វា​មិន​ទទួលបាន​ការគាំទ្រ​យ៉ាងគំហុក​ដូច​បទ​ញាក់ បទ​ហ៊ី​ប​ហប ប៉ុន្តែ​អាយុកាល​នៃ​ការគាំទ្រ​មាន​រយៈពេល​យូរ​។​

​ដោយ​មិនចាំបាច់​និយាយ​ដល់​កវីនិពន្ធ​ឆ្នើម លោក គ​ង្គ ប៊ុន​ឈឿន លោក ពៅ ស៊ី​ផូ ឬ​លោក ម៉ា ឡា​ពី ដែល​ចូលចិត្ត​តែង​បទ​ចម្រៀង​ទាក់ទង​នឹង​ទីតាំង​ភូមិសាស្ត្រ លោក ហ៊ុន ហេង ក៏បាន​សាង​ស្នាដៃ​លេចធ្លោ​ជាច្រើន​ផងដែរ ជាក់ស្តែង បទ «​សម្រស់​បុប្ផា​កំពង់ធំ​» ដែល​ច្រៀង​ដោយ​លោក ណូយ វ៉ាន់ណេត​៕


Tag:
 ស្វាយរៀង​
  សួស វី​ហ្សា
© រក្សាសិទ្ធិដោយ thmeythmey.com