ជាតិ
សេដ្ឋកិច្ច
កម្ពុជា ជំរុញឲ្យមីយ៉ាន់ម៉ា ពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគ រូបពីហ្វេសប៊ុកប្រធានាធិបតីមីយ៉ាន់ម៉ា
× ភ្នំពេញ៖ កម្ពុជា ស្នើឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ពន្លឿនការចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគ រវាងប្រទេសទាំងពីរ។ ការស្នើនេះធ្វើឡើងស្របពេលដែលកម្ពុជា និងមីយ៉ាន់ម៉ា កំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
បើតាមសេចក្តីថ្លែងការណ៍ក្រសួងការបរទេសកម្ពុជា កិច្ចព្រមព្រៀងខាងលើនេះ គឺជាការជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈការលើកទឹកចិត្តដល់ការវិនិយោគសហគ្រាសធុនតូច និងមធ្យម និងការផ្លាស់ប្ដូរផលិតផលកសិកម្មជាដើម។
បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនចំនួន៣០ ដែលកំពុងវិនិយោគនៅមីយ៉ាន់ម៉ា ភាគច្រើនលើវិស័យសេវាកម្ម និងធនាគារ។ ចំណែកមីយ៉ាន់ម៉ា ក៏មានក្រុមហ៊ុនសេវាកម្មទេសចរណ៍ និងធុរកិច្ច ចំនួន៣ កំពុងដំណើរការនៅកម្ពុជាផងដែរ។
រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក ប្រាក់ សុខុន បានទស្សនកិច្ចនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី១០ -១១ កក្កដា ដែលជាការទស្សនកិច្ចលើកដំបូងចាប់តាំងពីលោកចូលកាន់តំណែងកាលពីឆ្នាំមុន។ ដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន ក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ដើម្បីស្វែងរកយន្តការនានា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់នៅក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគីរវាងប្រទេសទាំងពីរ។
កម្ពុជា និងមីយ៉ាន់ម៉ា បានប្ដេជ្ញារួមគ្នាពង្រីកទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ។ ក្នុងជំនួបរវាងលោក ប្រាក់ សុខុន និងប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ច បានពិភាក្សាគ្នានិងឯកភាពគ្នាពង្រឹងលើកិច្ចសហការលើវិស័យអប់រំ, វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្ម ព្រមទាំងការបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ប្រទេសទាំងពីរជាដើម៕
Tag:
ប្រាក់ សុខុន
កម្ពុជា
មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com