កីឡាជាតិ
ជាតិ
AFF U15៖ ក្រោយ​ឈ្នះ​ហ្វីលីពីន តើ​កម្ពុជា​អាច​បន្ត​ឈ្នះ​ទី​ម័​រ​ខាងកើត​បានដែរ​ឬទេ​?
14, Jul 2017 , 8:19 am        
រូបភាព
U15 កម្ពុជា ក្រោយជ័យជម្នះ ៤-០ លើហ្វីលីពីន។ រូបថត៖ លោក ង៉ែត វុទ្ធី
U15 កម្ពុជា ក្រោយជ័យជម្នះ ៤-០ លើហ្វីលីពីន។ រូបថត៖ លោក ង៉ែត វុទ្ធី
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា​ត្រូវ​បន្ត​បេសកកម្ម​ក្នុង​ពូ​ល B នៃ​ព្រឹត្តិការណ៍ AFF U15 Championship 2017 ដោយ​ប៉ះ​ជាមួយ U15 ទី​ម័​រ​ខាងកើត​នា​វេលា​ម៉ោង​៤រសៀល​ថ្ងៃ​សុក្រ នេះ នៅ​កីឡដ្ឋាន Chonburi Campus Stadium 2 ក្នុង​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​។ កាលពី​ឆ្នាំ​២០១៦ កម្ពុជា បាន​យកឈ្នះ​ទី​ម័​រ​ខាងកើត ៣-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ តើ​កម្ពុជា​អាច​រក្សា​កំណត់ត្រា​ឈ្នះ​ទី​ម័​រ​ខាងកើត​បាន​ឬ​យ៉ាងណា​នៅ​យប់​នេះ​?



​ក្រុម U15 កម្ពុជា​របស់​គ្រូបង្វឹក​កូរ៉េខាងត្បូង​លោក Lee Tae Hoon ត្រូវ​បើក​យុទ្ធនា​ការរក្សា​កំណត់ត្រា​ឈ្នះ​លើ​ក្រុមទី​ម័​រ​ខាងកើត ដែល​ខ្លួន​ធ្លាប់​លត់ ៣-0 នៅ​ហ​ពុ​កីឡដ្ឋាន​ជាតិ​កាលពី​ឆ្នាំ​២០១៦​។ កាលណោះ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជប៉ុន លោក​Inoue Kazunori ជ័យជម្នះ​នេះ​សម្រេច​ដោយ​ប្រធាន​ក្រុម យី សា​ហ្វី មួយ​គ្រាប់​ក្នុង​វគ្គ​ទី​១ មុន​កីឡាករ ម៉ៅ ពិសិដ្ឋ ថែម​ពីរ​គ្រាប់​នៅ​វគ្គ​ទី​២​។ 

U15 កម្ពុជា​ត្រូវ​ជួប​ប្រកួត​លើក​ទី​៣​ក្នុង​ពូ​ល B នៃ​ព្រឹ្ត​ត្តិ​ការណ៍ AFF U15 Championship 2017 ជាមួយ U15 ទី​ម័​រ​ខាងកើត នា​វេលា​ម៉ោង​៤រសៀលនេះ​នៅ​កីឡដ្ឋាន Chonburi Campus Stadium 2 ខណៈ​វៀតណាម​ប៉ះ​ហ្វីលីពីន​នៅ​កីឡដ្ឋាន Chonburi Campus Stadium 1​។ ការប្រកួត​ទាំងពីរ​នេះ​ធ្វើឡើង​បន្ទាប់ពី​ក្រុម U15 ព្រុយ​ណេ តទល់​ជាមួយ U15 ម៉ាឡេស៊ី​នា​វេលា​ម៉ោង​៥​រសៀល​នៅ​កីឡដ្ឋាន Chonburi Campus Stadium 1​។ 

​នា​ប្រកួត​ក្នុង​ពូ​ល B ពីរលើក​កន្លងមក​ក្រុម U15 កម្ពុជា​បាន​យកឈ្នះ​ក្រុម​ហ្វីលីពីន ៤-០ និង​ចាញ់​ក្រុម​វៀត​ណាត ២-១ ខណៈ U15 ទី​ម័​រ​ខាងកើត​ស្មើ ០-០ ជាមួយ​ព្រុយ​ណេ  និង​ចាញ់​ម៉ាឡេស៊ី ២-០​។ បើតាម​ប្រវត្តិ​តាំងពី​បង្កើត​ព្រឹត្តិការណ៍​ពានរង្វាន់​យុវជន​អាស៊ាន​នៅ​ឆ្នាំ​២០០២ ក្រុម​ទាំងពីរ​មិន​ធ្លាប់​ទទួលបាន​ជើងឯក​នោះទេ ពោលគឺ​កម្ពុជា​ធ្លាប់បាន​ចំណាត់ថ្នាក់​លេខ​៤​ម្តង​កាលពី​ឆ្នាំ​២០១៦ ខណៈ​ទី​ម័​រ​ខាងកើត​ធ្លាប់បាន​ចំណាត់ថ្នាក់​លេខ​៣​ម្តង​នៅ​ឆ្នាំ​២០១០៕  


Tag:
 AFF U15 Championship 2017
  ទី​ម័​រ​ខាងកើត​
  U15 កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com