ជាតិ
រដ្ឋមន្រ្តី​អប់រំ នឹងបង្កើត​ពានរង្វាន់​សម្រាប់​សាលារៀន ដែលមាន​សិស្ស​ពូកែ និង​និទ្ទេស A ច្រើនជាងគេ​
14, Jul 2017 , 10:32 am        
រូបភាព
រូបលោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ផ្ដល់កិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ
រូបលោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ផ្ដល់កិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​បង្កើត​ពានរង្វាន់ សម្រាប់​សាលារៀន ដែលមាន​សិស្ស​ប្រឡង​សញ្ញាបត្រ​ទុតិយ​ស​ភូមិ ជាប់​និទ្ទេស A ច្រើន​ជាងគេ​។ គោលនយោបាយ​របស់​ក្រសួង​អប់រំ​នេះ គឺជា​ទិសដៅ​លើកទឹកចិត្ត​ដល់​គ្រូបង្រៀន និង​នាយក​សាលារៀន ដើម្បី​ជួយ​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា​។



​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួន ណា​រ៉ុ​ន បាន​ឲ្យ​ដឹងថា គម្រោង​បង្កើត​ពានរង្វាន់​នេះ គឺ​ក្រសួង​អប់រំ នឹង​យកទៅ​ពិភាក្សាគ្នា​រក​ចំណុច​រួមមួយ ដើម្បី​ដាក់​បញ្ជូន​នៅក្នុង​គោលនយោបាយ​របស់​ក្រសួង សម្រាប់​ទិសដៅ​លើកកម្ពស់​ការអប់រំ​ឆ្នាំ​២០១៨-២០១៩ ខាងមុខ​។ លោក​ថា ពានរង្វាន់​នេះ គឺ​នឹង​ផ្ដល់ជូន​សាលារៀន​ណា ដែល​បាន​ពង្រឹងគុណភាព​អប់រំ​ខ្ពស់ ហើយ​មាន​សមត្ថភាព​បង្កើត​ធនធាន​សិស្ស​ពូកែ និង​សិស្ស​ជាប់​និទ្ទេស​A ច្រើនជាង​គេ នៅ​ទូទាំងប្រទេស ។ គោលនយោបាយ​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​នាយ​ក​វិទ្យាល័យ​ព្រះមុនីវង្ស ខេត្តបាត់ដំបង ដែល​បាន​ស្នើសុំ​ឲ្យ​ក្រសួង​អប់រំ ជួយ​បង្កើន​ការយកចិត្តទុកដាក់​ដ​ល់​សាលារៀន​នៅតាម​ខេត្ត ដែលមាន​សិស្ស​ប្រឡង​ជាប់​និទ្ទេស A ផង​នោះ​។​

​ថ្លែង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី​៤ ស្តីពី​ការអភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា កាល​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ នា​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង​អប់រំ បានបញ្ជាក់​ដូច្នេះ​ថា​៖«​អ្វី​ដែលជា​ធាតុ​ចូល​នេះ គឺ​ក្រសួង​នឹង​យកទៅ​ពិនិត្យ​នឹង​អនុវត្ត​តែម្ដង ដោយ​ដាក់ចេញ​ជា​វិធានការ​តែម្ដង ។ យើង​នឹង​យក​នាយក ឬ​សាលា​ដែល​ផលិត​ធនធាន​និទ្ទេស A បាន​ច្រើន សិស្ស​ពូកែ​បាន​ច្រើន យើង​បង្កើតជា​ពាន​មួយទៀត ហើយ​យើង​ហៅថា​ពាន​អ្វី​នោះ​ចាំ​ជជែក​គ្នា​ក្រោយ​។ ប៉ុន្តែ​វា​សម្រាប់​ជាការ​លើក​ចិត្ត​»​។​

​សូម​ស្ដាប់​សំឡេង​រដ្ឋមន្ត្រីក្រសួង​អប់រំ​៖





​លោក អេង ភិ​រុណ នាយក​វិទ្យាល័យ​ព្រះមុនីវង្ស ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​២០១៦​កន្លងមក សិស្ស​ពូកែ​ទូទាំងប្រទេស​ក្នុង​វិទ្យាល័យ​មុនី​វង្ស មាន​ចំនួន​៨ នាក់ ដោយ​ទទួលបាន​មេដាយមាស​ចំនួន​៥ និង​សិស្ស​និទ្ទេស A ចំនួន​២២​នាក់​។ ប៉ុន្តែ​មិនមាន​ការលើក​ចិត្ត​សរសើរ​ដល់​គ្រូបង្រៀន និង​សិស្ស​នៅ​វិទ្យាល័យ​លោក​ឡើយ​។ ត្រង់ចំណុច​នេះហើយ ទើប​លោក ស្នើសុំ​ឲ្យ​ក្រសួង​អប់រំ​ពិនិត្យ​លើ​បញ្ហា​នេះ ដើម្បី​ផ្ដល់​ការលើក​ចិត្ត​ដល់​សិស្ស និង​គ្រូ​នៅតាម​សាលារៀន ឲ្យ​មាន​កម្លាំងចិត្ត​យកចិត្តទុកដាក់​បង្កើន​គុណភាព​អប់រំ​បន្ថែមទៀត​។

​ក្រៅពី​ឆ្លើយតប​នឹង​សំណើ​របស់​នាយក​វិទ្យាល័យ​ព្រះមុនីវង្ស ខេត្តបាត់ដំបង ហើយ​នោះ ក្រសួង​អប់រំ ក៏មាន​គោលនយោបាយ​ពង្រឹងគុណភាព​អប់រំ​តាំងពី​ថ្នាក់​បឋម ដល់​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ផងដែរ​។ សម្រាប់​ទិសដៅ​គោលនយោបាយ​លើ​ប្រព័ន្ធ​អប់រំ ឆ្នាំ​២០១៨-២០១៩ ក៏ដូចជា​ចក្ខុវិស័យ​រយៈពេល​វែង​នោះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​អប់រំ ដោយ​កំណត់​យក​ទិសដៅ​អទិភាព​មួយចំនួន រួមមាន ការវិនិយោគ​លើ​សាលា​គរុកោសល្យ និង​ការរៀបចំ​ទីកន្លែង​ស្នាក់នៅ​សម្រាប់​គ្រូបង្រៀន​, ការ​បំប៉ន​គ្រូបង្រៀន , ការរៀបចំ​កន្លែង​បង្រៀន​បច្ចេកវិទ្យា និង​ភាសាបរទេស​, ការគ្រប់គ្រង​តាម​សាលារៀន និង​ការវិនិយោគ​លើ​វ​ស័​យ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ណា ដែល​ឈានមុខ​សម្រាប់​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ដើម្បី​ឆ្លើយតប​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្មជាដើម៕


Tag:
 ហង់ ជួនណា​រ៉ុ​ន​
 ​ អប់រំ​
 ​ និទ្ទេស​A
© រក្សាសិទ្ធិដោយ thmeythmey.com