ជាតិ
រដ្ឋមន្រ្តីអប់រំ នឹងបង្កើតពានរង្វាន់សម្រាប់សាលារៀន ដែលមានសិស្សពូកែ និងនិទ្ទេស A ច្រើនជាងគេ រូបលោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ផ្ដល់កិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងបង្កើតពានរង្វាន់ សម្រាប់សាលារៀន ដែលមានសិស្សប្រឡងសញ្ញាបត្រទុតិយសភូមិ ជាប់និទ្ទេស A ច្រើនជាងគេ។ គោលនយោបាយរបស់ក្រសួងអប់រំនេះ គឺជាទិសដៅលើកទឹកចិត្តដល់គ្រូបង្រៀន និងនាយកសាលារៀន ដើម្បីជួយលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន បានឲ្យដឹងថា គម្រោងបង្កើតពានរង្វាន់នេះ គឺក្រសួងអប់រំ នឹងយកទៅពិភាក្សាគ្នារកចំណុចរួមមួយ ដើម្បីដាក់បញ្ជូននៅក្នុងគោលនយោបាយរបស់ក្រសួង សម្រាប់ទិសដៅលើកកម្ពស់ការអប់រំឆ្នាំ២០១៨-២០១៩ ខាងមុខ។ លោកថា ពានរង្វាន់នេះ គឺនឹងផ្ដល់ជូនសាលារៀនណា ដែលបានពង្រឹងគុណភាពអប់រំខ្ពស់ ហើយមានសមត្ថភាពបង្កើតធនធានសិស្សពូកែ និងសិស្សជាប់និទ្ទេសA ច្រើនជាងគេ នៅទូទាំងប្រទេស ។ គោលនយោបាយនេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់នាយកវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង ដែលបានស្នើសុំឲ្យក្រសួងអប់រំ ជួយបង្កើនការយកចិត្តទុកដាក់ដល់សាលារៀននៅតាមខេត្ត ដែលមានសិស្សប្រឡងជាប់និទ្ទេស A ផងនោះ។
ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់លើកទី៤ ស្តីពីការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា កាលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ដូច្នេះថា៖«អ្វីដែលជាធាតុចូលនេះ គឺក្រសួងនឹងយកទៅពិនិត្យនឹងអនុវត្តតែម្ដង ដោយដាក់ចេញជាវិធានការតែម្ដង ។ យើងនឹងយកនាយក ឬសាលាដែលផលិតធនធាននិទ្ទេស A បានច្រើន សិស្សពូកែបានច្រើន យើងបង្កើតជាពានមួយទៀត ហើយយើងហៅថាពានអ្វីនោះចាំជជែកគ្នាក្រោយ។ ប៉ុន្តែវាសម្រាប់ជាការលើកចិត្ត»។
សូមស្ដាប់សំឡេងរដ្ឋមន្ត្រីក្រសួងអប់រំ៖
លោក អេង ភិរុណ នាយកវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីឆ្នាំ២០១៦កន្លងមក សិស្សពូកែទូទាំងប្រទេសក្នុងវិទ្យាល័យមុនីវង្ស មានចំនួន៨ នាក់ ដោយទទួលបានមេដាយមាសចំនួន៥ និងសិស្សនិទ្ទេស A ចំនួន២២នាក់។ ប៉ុន្តែមិនមានការលើកចិត្តសរសើរដល់គ្រូបង្រៀន និងសិស្សនៅវិទ្យាល័យលោកឡើយ។ ត្រង់ចំណុចនេះហើយ ទើបលោក ស្នើសុំឲ្យក្រសួងអប់រំពិនិត្យលើបញ្ហានេះ ដើម្បីផ្ដល់ការលើកចិត្តដល់សិស្ស និងគ្រូនៅតាមសាលារៀន ឲ្យមានកម្លាំងចិត្តយកចិត្តទុកដាក់បង្កើនគុណភាពអប់រំបន្ថែមទៀត។
ក្រៅពីឆ្លើយតបនឹងសំណើរបស់នាយកវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង ហើយនោះ ក្រសួងអប់រំ ក៏មានគោលនយោបាយពង្រឹងគុណភាពអប់រំតាំងពីថ្នាក់បឋម ដល់ថ្នាក់ឧត្តមសិក្សាផងដែរ។ សម្រាប់ទិសដៅគោលនយោបាយលើប្រព័ន្ធអប់រំ ឆ្នាំ២០១៨-២០១៩ ក៏ដូចជាចក្ខុវិស័យរយៈពេលវែងនោះ ក្រសួងអប់រំ យុវជន និងកីឡា បានកំពុងរៀបចំយុទ្ធសាស្ត្រអប់រំ ដោយកំណត់យកទិសដៅអទិភាពមួយចំនួន រួមមាន ការវិនិយោគលើសាលាគរុកោសល្យ និងការរៀបចំទីកន្លែងស្នាក់នៅសម្រាប់គ្រូបង្រៀន, ការបំប៉នគ្រូបង្រៀន , ការរៀបចំកន្លែងបង្រៀនបច្ចេកវិទ្យា និងភាសាបរទេស, ការគ្រប់គ្រងតាមសាលារៀន និងការវិនិយោគលើវស័យថ្នាក់ឧត្តមសិក្សាណា ដែលឈានមុខសម្រាប់បណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីឆ្លើយតបគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មជាដើម៕
Tag:
ហង់ ជួនណារ៉ុន
អប់រំ
និទ្ទេសA
© រក្សាសិទ្ធិដោយ thmeythmey.com