ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រោគសញ្ញា​ជំងឺអំបៅអំបែក​លើ​កូនក្មេង និង​មនុស្ស​ធំ​គឺ​បែបនេះ​
14, Jul 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការបង្ក​រោគ​នៅ​ត្រចៀក​ផ្នែក​កណ្តាល ឬ​អំបៅអំបែក​នោះ​ភាគច្រើន​បណ្តាលមកពី​បាក់តេរី ឬ​វីរុស​។ ក្មេង​ច្រើនតែ​ប្រឈមមុខ​ខ្លាំង​ជាង​មនុស្ស​ធំ​។ ជំងឺ​នេះ​ច្រើនតែ​មានការ​ឈឺចាប់​ខ្លាំង​ព្រោះតែ​ការ​រលាក និង​កើនឡើង​ជាតិ​ទឹក​ក្នុង​ត្រចៀក​កណ្តាល​។​



​ដោយសារតែ​ការបង្ក​រោគ​ច្រើនតែ​ជា​វិញ​ដោយ​ខ្លួនឯង ការព្យាបាល​ប្រហែលជា​ចាប់ផ្តើម​ជាមួយនឹង​ការគ្រប់គ្រង​ការឈឺចាប់ និង​តាមដាន​លើ​បញ្ហា​របស់​វា​។ ការបង្ក​រោគ​លើ​ទារក​ទើប​កើត និង​ករណី​ធ្ងន់ធ្ងរ​ច្រើនតែ​ត្រូវការ​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ​។ ចំពោះ​បញ្ហា​រយៈពេល​យូរ​វិញ​អាច​នឹង​ប៉ះពាល់​ដល់​ការ​លឺ​សម្លេង និង​ផលវិបាក​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​។​

​រោគសញ្ញា​ដំបូង​នៃ​ការបង្ក​រោគ​នៅ​ត្រចៀក​ច្រើនតែ​កើតឡើង​លឿន​ណាស់​។​

​ក្មេង​
•    ឈឺ​ត្រចៀក ជាពិសេស​ពេល​គេង​
•    ចេះតែ​យកដៃ​ញ៉ុ​ក ឬ​ទាញ​ត្រចៀក​
•    ពិបាក​គេង​
•    យំ​ច្រើនជាង​ធម្មតា​
•    កាច​ជាង​ធម្មតា​
•    ពិបាក​ក្នុងការ​ស្តាប់លឺ ឬ​ឆ្លើយតប​នឹង​សម្លេង​
•    បាត់បង់​តុល្យភាព​
•    ក្តៅខ្លួន​លើសពី ៣៨​អង្សា​
•    ហូរ​ទឹក​ចេញពី​ត្រចៀក​
•    ឈឺក្បាល​
•    មិន​ឃ្លាន​អាហារ​។​

​មនុស្ស​ធំ​
•    ឈឺ​ត្រចៀក​
•    ហូរ​ទឹក​ចេញពី​ត្រចៀក​
•    លទ្ធភាព​នៃ​ការ​លឺ​សម្លេង​ថយចុះ​។​

​ពេលដែល​ត្រូវ​ជួប​ពេទ្យ​
​សញ្ញា​នៃ​ការបង្ក​រោគ​ក្នុង​ត្រចៀក ឬ​អំបៅអំបែក​នេះ​អាច​បញ្ជាក់​អំពី​ជំងឺ​មួយចំនួន​ដែរ​។ យក​ល្អ​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​កាន់តែច្បាស់ និង​ព្យាបាល​លឿន នោះ​គួរតែ​ទាក់ទង​ទៅ​គ្រូពេទ្យ​បើសិន​ជាមាន​បញ្ហា​ដូចខាងក្រោម​នេះ​៖
•    កើតរោគ​សញ្ញា​ខាងលើ​យូរ​ជាង​មួយថ្ងៃ​
•    ឈឺ​ត្រចៀក​ខ្លាំង​
•    កូនតូចៗ​គេង​មិនបាន ឬ​កាច​ក្រោយពី​មានការ​បង្ក​រោគ​ផ្លូវដង្ហើម​ខាងលើ ឬ​ផ្តាសាយ​រួច​
•    ស​ង្គេ​ត​ឃើញ​មាន​ហូរ​ទឹក ខ្ទុះ ឬ​ឈាម​ចេញពី​ត្រចៀក​។​

​មនុស្ស​ធំ​ដែល​ឈឺ​ត្រចៀក ឬ​ហូរ​ទឹក​ចេញពី​ត្រចៀក​គួរតែ​ជួប​គ្រូពេទ្យ​ឱ្យបាន​លឿន​បំផុត​តាមតែ​អាចធ្វើ​ទៅបាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com