ជាតិ
សេដ្ឋកិច្ច
ទុនវិនិយោគ​លើ​វិស័យ​សំណង់​មាន​ជិត​៥​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០១៧
14, Jul 2017 , 8:19 pm        
រូបភាព
រូបភាពពីហ្វេសបុកក្រសួងដែនដី
រូបភាពពីហ្វេសបុកក្រសួងដែនដី
​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៧​នេះ ទំហំ​ទុនវិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា មាន​ប្រមាណ​៤.៩៤៣ ពាន់​លាន​ដុល្លារ​អាមេរិក​។ ទំហំ​នេះ​កើនឡើង​ជាង​២៧​ភាគរយ ធៀប​នឹង​យៈ​ពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៦ ដែលមាន​ជាង ៣.៨​ពាន់​លាន​ដុល្លារ​។



​ក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំ ២០១៧​នេះ សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់​រាជធានី​-​ខេត្ត បានផ្ដល់​លិខិតអនុញ្ញាត​សាងសង់​ចំនួន​១,៥២៣ គម្រោង ដែលមាន​ផ្ទៃក្រឡា​សំណង់​សរុប ៧.២៨៤.៦៧៥ ម៉ែត្រការ៉េ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​។

​ប្រភព​ដដែល បញ្ជាក់ថា​តម្លៃ​ប៉ាន់ស្មាន​នៃ​សំណង់​នោះ មាន​ប្រមាណ ៤.៩​ពាន់​លាន​ដុល្លារ​អាមេរិក  កើនឡើង ជាង​២៧​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៦ ដែលមាន​ជាង ៣.៨​ពាន់​លាន​ដុល្លារ​។

​ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០១៧ មាន​ទីក្រុង​រណប​បុរី​លំនៅឋាន​មាន​លក្ខណៈ​ជា​បុរី​សរុប​ចំនួន ១៤​ទីតាំង និង​មាន​អគារ​ខ្ពស់​ចាប់ពី ៥​ជាន់​ឡើងទៅ មាន​ចំនួន​៤៣​អគារ​។   បើតាម​ក្រសួង​ដែនដី គិតពី​ឆ្នាំ​២០០០ ដល់​ពាក់កណ្តាល​ឆ្នាំ​២០១៧​នេះ ការបោះ​ទុនវិនិយោគ​វិស័យ​ឯកជន​មកពី​បរទេស ចំនួន ១៨​ប្រទេស មាន​ចំនួន​៣០៩​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​ជាង ១៣​លាន​ម៉ែត្រការ៉េ និង​មានតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​សាងសង់ ៤.៦៨៦.៨០៧.១០១ ដុល្លារ​សហរដ្ឋអាមេរិក​។​

​ចំពោះ​ការចុះបញ្ជី​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ និង​សាងសង់​វិញ បើតាម​ក្រសួង​ដែនដី មាន​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ និង​សាងសង់ នៅមាន​សុពលភាព​ចំនួន ១​ពាន់ ៦​ក្រុមហ៊ុន ក្នុងនោះ មាន​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ មាន​ចំនួន ៤០​ក្រុមហ៊ុន និង​ក្រុមហ៊ុន​សាងសង់​មាន​ចំនួន ៩៦៦ ក្រុមហ៊ុន​។  មាន​ក្រុមហ៊ុន​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់ និង​សាងសង់​ជនបរទេស​នៅមាន​សុពលភាព​ចំនួន ៤០៨​ក្រុមហ៊ុន​។ នេះ​បើតាម​ប្រភព​ដដែល ដែល​ឲ្យ​ដឹង​ទៀតថា រូបវ័ន្ត​បុគ្គល​សិក្សា​គម្រោង​ប្លង់​នៅមាន​សុពលភាព​ចំនួន ១១៣​រូប ក្នុងនោះ​ស្ថាបត្យករ ៨០​រូប និង​វិស្វករ​ចំនួន ៣៣​រូប និង​បាន​ចុះបញ្ជី​ស្ថាបត្យករ​នៅ​គណៈ​ស្ថាបត្យករ​កម្ពុជា បាន​ចំនួន ៣៨​រូប​៕


Tag:
 សំណង់​
  ​វិនិយោគ​
© រក្សាសិទ្ធិដោយ thmeythmey.com