ពីនេះ ពីនោះ
រឿង​មិនគួរ​ធ្វើ​នៅ​កន្លែងធ្វើការ​៖ ត្អូញត្អែរ​, មាត់ចាបមាត់ព្រាប​, និយាយ​រឿង​នយោបាយ​, ស្លៀកពាក់​មិន​សមរម្យ​, មើល​ហ្វេ​ស​ប៊ុ​ក​…
15, Jul 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ជា​រឿង​កើតឡើង​សព្វថ្ងៃ បុគ្គលិក​ក្នុង​ក្រុមហ៊ុន​នីមួយៗ ត្រូវ​បង្ហាញខ្លួន​នៅ​កន្លែងធ្វើការ​ឲ្យ​ទាន់​ម៉ោង ការគោរព​ថ្នាក់លើ និង​បំពេញការងារ​ឲ្យ​ចប់​តាម​ពេល​កំណត់​ជាដើម​។ ការងារ​ទាំងនេះ គឺជា​កា​ត្វ​កិច្ច​ដែល​បុគ្គលិក​ទាំងអស់​ត្រូវ​ជួបប្រទះ​នៅ​កន្លែងធ្វើការ​។ យ៉ាងណាមិញ នៅ​មានរឿង​មួយចំនួនទៀត​ដែល​បុគ្គលិក​ក្រុមហ៊ុន មិនត្រូវ​ធ្វើ បើ​ចង់​ជោគជ័យ​ក្នុង​អាជីព​។



​ខាងក្រោម​នេះ គឺជា​ទង្វើ​៨​ចំណុច​ដែល​បុគ្គលិក​ក្រុមហ៊ុន​មិនត្រូវ​ប្រព្រឹត្ត​៖

១. ត្អូញត្អែរ​ច្រើន​នាំ​បញ្ហា​ឲ្យ​ខ្លួនឯង​
​វា​ជា​រឿង​មួយ​ដែល​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​មិន​សប្បាយ​ចិត្តនឹង​របៀប​របប​ការងារ ឬក៏​បរិយាកាស​នៅ​កន្លែង​។ ប៉ុន្តែ​បើ​ការ​ត្អូញត្អែរ​កា្ល​យ​ជា​ទម្លាប់​នោះ អ្នក​គួរតែ​ផ្លាស់ប្ដូរ​ចេញទៅ​។ មូលហេតុ​ទីមួយ គឺ​គ្មាន​នរណា​ចូលចិត្ត​អ្នក​ត្អូញត្អែរ​ច្រើន​ទេ​។ បើ​អ្នក​តវ៉ា​ច្រើន​ពី​កន្លែងធ្វើការ​របស់​អ្នក អ្នកនឹង​ធ្លាក់​ចូលក្នុង​បញ្ហា​មិន​ខាន​។ ប្រសិនបើ​ជួប​បញ្ហា​នៅ​កន្លែងធ្វើការ ឬក៏​ពិបាក​សហការ​ជាមួយ​បុគ្គលិក​ដូចគ្នា អ្នក​គួរតែ​និយាយ​ជាមួយ​គេ​ផ្ទាល់ ឬក៏​ទៅរក​មិត្ត​ជិតស្និទ្ធ ដើម្បី​ទប់​អារម្មណ៍​របស់​អ្នក​។​

២. ស្ម័គ្រចិត្ត​ធ្វើ​អ្វី ក្រៅពី​ការងារ​ប្រចាំថ្ងៃ​
​ការធ្វើការងារ​លើសពី​កា​ត្វ​កិច្ច​ប្រចាំថ្ងៃ​របស់​អ្នក ពិតជា​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ចៅហ្វាយនាយ​អ្នក ហើយក៏​អាចជួយ​ឲ្យ​អនាគត​ភ្លឺ​ថ្លា​ផងដែរ​។ ប៉ុន្តែ​រឿង​មួយ​ដែល​មិនគួរ​ធ្វើ គឺ​ស្ម័គ្រចិត្ត​ច្រើនដង​ពេក ឬក៏​ដល់​ថ្នាក់​ចង់​ធ្វើ​ដល់​ការងារ​អ្នកដទៃ​។ វា​មិន​ត្រឹមតែ​ជា​រឿង​ប្រថុយប្រថាន​ឡើយ តែ​វា​អាច​ប៉ះពាល់​ដល់​អាជីព​របស់​អ្នក​ទៅទៀត​។​

៣. ស្លៀកពាក់​មិន​សមរម្យ​
​ជាទូទៅ កន្លែងធ្វើការ​នីមួយៗ​តែងមាន​សម្លៀកបំពាក់​ប្រចាំ​កន្លែង​របស់ខ្លួន​។ ជា​រឿង​ល្អ ព្រោះ​វា​ផ្ដល់​បរិយាកាស​គួរ​ឲ្យ​ចង់​ធ្វើការ ប៉ុន្តែ​វា​ក៏​ផ្ដល់​ផល​មិនល្អ​ដែរ​។ ការ​ស្លៀកពាក់​ដែល​បញ្ចេញ​ខ្លាំងពេក ឬក៏​រហែក ឬក៏​មិនបាន​អ៊ុត​ឲ្យ​ត្រឹមត្រូវ គឺជា​រឿង​ត្រូវ​ចៀសវាង​ដាច់ខាត​។​

៤. និយាយ​រឿង​នយោបាយ​
​ការជជែក​គ្នា​ពីនេះ​ពី​នោះ គឺជា​រឿង​ធម្មតា​សម្រាប់​បុគ្គលិក​ក្នុង​ក្រុមហ៊ុន ដូចជា​ការនិយាយ​គ្នា​ពី​សកម្មភាព​ចុង​សប្ដាហ៍​ជាដើម​។ ប៉ុន្តែ​ការនិយាយ​រឿង​នយោបាយ​នៅ​កន្លែងធ្វើការ មិនមែនជា​រឿង​ល្អ​ឡើយ​។ ទីមួយ នយោបាយ​ជា​រឿង​ផ្ទាល់ខ្លួន ឯ​ទី​ពីរ ការនិយាយ​ពី​បញ្ហា​នេះ​អាច​នាំ​ឲ្យ​មាន​ជម្លោះ​មិន​ខាន​។​

៥. មាត់ចាបមាត់ព្រាប​
​គ្មាន​នរណាម្នាក់​ចូលចិត្ត​ការនិយាយ​ដើម​គ្នា​នោះឡើយ ប៉ុន្តែ​នេះ​ជា​មូលហេតុ​មួយ​ដែល​បុគ្គលិក​ទាំងអស់​មិនត្រូវ​ផ្សព្វផ្សាយ​ពាក្យ​ច​ចាម​អារាម​ដែរ​។ ការចំណាយ​ពេល​រាប់​ម៉ោង​និយាយ​មិនល្អ​ពី​អ្នកដទៃ អាចធ្វើ​ឲ្យ​អ្នករំលោភ​ច្បាប់​ក្រុមហ៊ុន​ទៅទៀត​។ ដូចនេះ បើ​អ្នក​ចង់​និយាយដើម​គេ​មែន ត្រូវ​រក​មិត្តភក្តិ​ណា​ម្នាក់ រួច​នាំគ្នា​និយាយ​នៅក្រៅ​ការិយាល័យ​ទៅ​។​

៦. ចំណាយពេល​ច្រើន​លើ​បណ្ដាញ​សង្គម​, ការងារ​ផ្ទាល់ខ្លួន​, និយាយ​ទូរ​សព្ទ​
​ទោះជា​អ្នកធ្វើការ​ក្នុង​ការិយាល័យ​ដែល​ពោរពេញ​ដោយ​ការងារ​ក្ដី អ្នក​នៅតែ​អាច​ត្រូវគេ​តាមដាន​គ្រប់ពេល​។ អាចនិយាយបាន អ្នកចាត់ការ​របស់​អ្នក ឬក៏​អ្នក​រួម​ការងារ​ជា​អ្នកតាមដាន​សកម្មភាព​របស់​អ្នក​ដូចជា​ការនិយាយ​ទូរ​សព្ទ ប្រើប្រាស់​បណ្ដាញ​សង្គម ឬក៏​ឆ្លើយឆ្លង​សារ​ជាមួយ​អ្នកផ្សេង​ជាដើម​។ ជាពិសេស​នោះ ក្រុមហ៊ុន​របស់​អ្នក ក៏​អាច​តាមដាន​អ្នកតា​មរយៈ​ការពិនិត្យ​ប្រព័ន្ធ​អ៊ីនធឺណិត​ផងដែរ​។​

៧. មក​ធ្វើការ​ទាំង​ឈឺ​
​ប្រសិនបើ​អាកាសធាតុ​មិនល្អ ហើយ​អ្នក​ធ្លាក់ខ្លួន​ឈឺ ក្អក​គឃូស ឬក៏​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ធ្ងន់ធ្ងរ អ្នក​គួរតែ​សម្រាក​នៅផ្ទះ ជាជាង​មក​ធ្វើការ ទោះ​មិនមែនជា​ថ្ងៃ​សម្រាក់​ក៏ដោយ​។ អ្នក​អាច​ប្រាប់​ចៅហ្វាយនាយ​ពី​ស្ថានភាព​របស់​អ្នក ឬក៏​អាច​សុំច្បាប់​សម្រាក​ក៏បាន ចៀសវាង​មក​ធ្វើការ​ទាំង​ឈឺ ហើយ​អាច​ចម្លង​អ្នកដទៃ​បាន​។​

៨. លួច​អាហារ​មិត្ត​រួមការ​ងារ​

​នេះ​ជា​រឿង​ដែល​អ្នក​មិនត្រូវ​ធ្វើ​ដាច់ខាត​។ ការ​លួច​យក​អាហារ​របស់​មិត្ត​រួមការ​ងារ​មិនមែនជា​រឿង​ល្អ​ឡើយ ហើយ​អ្នក​ចង់បាន​អាហារ​ដូចគ្នា​នោះ អ្នក​អាច​ស្នើសុំ​ពី​មិត្ត​រួមការ​ងារ​របស់​អ្នក​បាន​។ អ្វី​ត្រូវ​ចៀសវាង​ដាច់​ណាត់ គឺ​យក​អាហារ​របស់​អ្នកដទៃ​៕


© រក្សាសិទ្ធិដោយ thmeythmey.com