ជាតិ
តុលាការខ្មែរ កាត់ទោសជនជាតិវៀតណាម ដែលធ្វើទារុណកម្មលើកុមារ ឲ្យជាប់ពន្ធនាគារ១៨ឆ្នាំ ជនជាតិវៀតណាម ង្វៀន ថាញ់ឌុង ដែលបានធ្វើទារុណកម្មលើក្មេងប្រុសកម្ពុជាអាយុ២ឆ្នាំ ។ រូបថត ប៉ុស្តិ៍ប៉ូលិសក្រុងហូជីមិញ កាលពីថ្ងៃទី៧ ធ្នូ ឆ្នាំ២០១៦
× ភ្នំពេញ៖ ជនជាតិវៀតណាមឈ្មោះ ង្វៀន ថាញ់ឌុង (Nguyen Thanh Dung) ដែលបានធ្វើទារុណកម្មលើក្មេងប្រុសអាយុ២ឆ្នាំ នៅខេត្តមណ្ឌលគីរី កាលខែធ្នូ ឆ្នាំ២០១៦កន្លងមក ត្រូវបានតុលាការខ្មែរកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារ១៨ឆ្នាំ ពីបទធ្វើទារុណកម្ម និងប្រើសកម្មភាពឃោរឃៅមានស្ថានទម្ងន់ទោស។
អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគីរី លោក មាស ប្រុស បានប្រាប់សារព័ត៌មានថ្មីៗថា តុលាការបានបញ្ជូនដីការសម្រេចផ្តន្ទាទោសជនជាប់ចោទ ង្វៀន ថាញ់ឌុង ទៅភាគីវៀតណាមរួចហើយ ដោយកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១៨ឆ្នាំ និងពិន័យប្រាក់៨០លានរៀល ដើម្បីសងជំងឺចិត្តដល់គ្រួសារជនរងគ្រោះ។
ជាមួយគ្នានេះតុលាការក៏បានកាត់ទោសជនជាតិហូឡង់ម្នាក់ទៀតឈ្មោះ Stafan Struik ដែលជាប់ពាក់ព័ន្ធនឹងករណីធ្វើបាបក្មេងនេះ ឲ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យប្រាក់សងជំងឺចិត្ត៤លានរៀលផងដែរ។ ជនជាតិហូឡង់រូបនេះ ត្រូវអនុវត្តទោសនៅពន្ធនាគារខេត្តមណ្ឌលគីរី ។ នេះបើតាមលោក មាស ប្រុស ដែលបានបន្ថែមថា ជនល្មើស ង្វៀន ថាញ់ឌុង ដែលអាជ្ញាធរវៀតណាមចាប់ខ្លួននោះ ត្រូវទទួលទោសជាប់ពន្ធនាគារ នៅទីក្រុងហាយណូយ ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគីរីរូបនេះ បានបញ្ជាក់ដូច្នេះថា៖«យើងបានកាត់ទោសជនជាតិវៀតណាមនេះតាមច្បាប់ហើយ។ ប៉ុន្តែចំពោះការធ្វើបត្យាប័នជនជាតិវៀតណាម ឲ្យមកទទួលទោសនៅកម្ពុជានេះ គឺវាអាស្រ័យលើរដ្ឋាភិបាល»។
ទាក់ទងបញ្ហានេះ រដ្ឋាភិបាលក៏បានបញ្ជូនមន្ត្រីជំនាញ ទៅចរចាជាមួយភាគីវៀតណាមជាច្រើនលើកច្រើនសារដែរ ដើម្បីសុំធ្វើបត្យាប័នយកជនជាតិវៀតណាមនោះមកប្រឈមការកាត់ក្តីតាមច្បាប់ប្រទេសកម្ពុជា។ ប៉ុន្តែត្រូវបានអាជ្ញាធរវៀតណាម បដិសេធចំពោះការស្នើសុំរបស់កម្ពុជា។ នេះបើតាមអគ្គស្នងការរងនគរបាលជាតិ ដែលបានប្រាប់សារព័ត៌មានថ្មីៗកន្លងមក។
គួរបញ្ជាក់ថា ជនជាតិវៀតណាមឈ្មោះ ង្វៀន ថាញ់ឌុង ដែលត្រូវបានតុលាការខ្មែរផ្តន្ទាទោសនេះ បានធ្វើទារុណកម្មលើក្មេងប្រុសអាយុពីរឆ្នាំម្នាក់ នៅខេត្តមណ្ឌលគីរី កាលពីចុងឆ្នាំ២០១៦ ។ រឿងរ៉ាវទាំងនោះ បានបែកធ្លាយតាមរយៈការបង្ហោះវីដេអូ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយជនល្មើសរូបនេះ បានធ្វើសកម្មភាពបិទមុខនិងចងស្លាបសេកក្មេងរងគ្រោះ ហើយបានយកឧបករណ៍ឆក់ទៅក្បាល ជើង ខ្នង និងប្រដាប់ភេទ ។ ចំណែកសកម្មភាពមួយទៀត នៅពេលដែលក្មេងប្រុសរងគ្រោះស្រែកយំ ជនសង្ស័យរូបនេះបានទះកំផ្លៀងក្មេងប្រុសរងគ្រោះ ហើយបានប្រើម្រាមដៃ និងវត្ថុរឹងរុកចូលក្នុងមាត់ធ្វើឲ្យក្មេងប្រុសរូបនេះខក់បំពងកទៀតផង។ ការធ្វើទារុណកម្មលើកុមារនេះ គឺជនសង្ស័យបានប្រព្រឹត្តនៅខេត្តមណ្ឌលគីរី ក្នុងចំការកាកាវរបស់ លោក Stafan Struik ដែលជាជនជាតិហូឡង់ ខណៈដែលឪពុកម្ដាយរបស់ក្មេងប្រុសរងគ្រោះ ជាកម្មករចាំចំការកាកាវនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com