កីឡាជាតិ
ជាតិ
NOCC ធ្វើការ​កែទម្រង់​វេ​ប​សាយ​ឲ្យ​មាន​ស្តង់ដា ដើម្បី​ផ្តល់ព័ត៌មាន​រហ័ស​និង​ទាន់​ហេតុការណ៍​
16, Jul 2017 , 10:59 am        
រូបភាព
ដោយ:
​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​បាននិងកំពុង​ធ្វើការ​កែទម្រង់​គេហទំព័រ​ផ្លូវការ www.nocc.org.kh របស់ខ្លួន​ឲ្យ​មាន​តាម​ស្តង់ដា​អន្តរជាតិ ដើម្បី​ផ្តល់ព័ត៌មាន​ទាន់​ហេតុការណ៍​ពី​ព្រឹត្តិការណ៍​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ លើសពីនេះ NOCC នឹង​បង្កើត APP ដែល​អាច​ប្រើ​តាមរយៈ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​ទៀតផង​។ ទម្រង់​ថ្មី​នេះ នឹងដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​សប្តាហ៍​ក្រោយ​។​



​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា NOCC នឹងធ្វើ​ការកែទម្រង់​គេហទំព័រ​របស់ខ្លួន​ឲ្យ​ក្លាយជា​គេហទំព័រ​មាន​បច្ចេកវិទ្យា​ទំនើប និង​ស្របតាម​ស្តង់ដា​អន្តរជាតិ ដែល​អាច​ផ្តល់ព័ត៌មាន​ភ្លាមៗ​ពី​ការប្រកួត​ផ្សេងៗ​ទាំង​ព្រី​ត្តិ​ការណ៍​ជាតិ និង​អន្តរជាតិ​។ សម្រាប់​ការកែទម្រង់​វេ​ប​សាយ​ថ្មី​នេះ ដោយមាន​ការសហការ​ពី​អ្នកជំនាញ​មកពី​ប្រទេស​អ៊ី​ស្លង់ និង​អង់គ្លេស ដោយមាន​ការគាំទ្រ​ពី​អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ​។​

​លោក​បាន​បន្តថា ក្រោយ​ទម្រង់​ថ្មី​នៃ​គេហទំព័រ www.nocc.org.kh ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​សប្តាហ៍​ក្រោយ NOCC នឹង​បង្កើត APP ដែល​អាច​ប្រើប្រាស់​នៅលើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ដើម្បី​បង្កលក្ខណ​ងាយស្រួល​អ្នកប្រើប្រាស់​ទៀត​ផង​។ កម្មវិធី APP ដែល NOCC គ្រោង​បង្កើត​នេះ នឹង​ចេញ​ជា​រូបរាង​មុន​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី នា​ខែសីហា​។​

«​យើង​នឹងធ្វើ​ការកែទម្រង់​ប្រព័ន្ធ​ផ្សាយ​របស់​យើង​ឲ្យ​មាន​លក្ខណ​ទំនើប​ដោយ​ភ្ជាប់​ជាមួយ APP​។ យើង​គ្រាន់តែ​ក្លិ​ច​ទៅលើ APP ដែល​នៅលើ​ស្មា​ត​ហ្វូ​ន យើង​នឹង​ចូលក្នុង​វេ​ប​សាយ​របស់ NOCC ដែលមាន​ព័ត៌មាន​ទាន់​ហេតុ និង​ព្រឹត្តិការណ៍​ផ្សេងៗ​នៅ​ទីនោះ​តែម្តង​។ លើសពីនេះ​យើង​នឹង​ឃើញ​ស្ថិតិ​ផ្សេងៗ​ពី​ការប្រកួត​ភ្លាមៗ​ផងដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន​៕


Tag:
 NOCC
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com