ពីនេះ ពីនោះ
តើ​ពាក្យ ខា​រា​អូ​ខេ​(Karaoke) មាន​ប្រវត្តិ​មកពីណា​? និង​មានន័យ​ដូចម្តេច​?
16, Jul 2017 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
​​ខា​រា​អូ​ខេ តាម​សំនៀង​ភាសា​ខ្មែរ ឬ​កា​រ៉ា​អុ​កិ (Karaoke) តាម​ភាសា​ជប៉ុន កំពុង​ពេញនិយម​ទាំង​នៅ​កម្ពុជា និង​នៅ​សកលលោក ប៉ុន្តែ​សម្រាប់​នៅ​កម្ពុជា មនុស្ស​ភាគច្រើន ពុំបាន​ដឹង ឬ​យល់​អត្ថន័យ នៃ​ពាក្យ​ខា​រា​អូ​ខេ កា​រ៉ា​អុ​កិ​នេះ​ទេ​។​



​ខា​រា​អូ​ខេ ឬ​កា​រ៉ា​អុ​កិ គឺជា​ពាក្យ​ពីរ​ម៉ា​ត់នៃ​ភាសា​ជប៉ុន ផ្សំ​ចូលគ្នា គឺ​កា​រ៉ា និង​អុ​កិ​។ ភាសា​ជប៉ុន ពាក្យ​ថា កា​រ៉ា មានន័យថា ទទេ ឬ​គ្មាន​។ ចំណែក​ពាក្យ​ថា អុ​កិ មកពី​ភាសា​បារាំង ថា អ័គ​កេះ ដែល​ខ្មែរ​យើង​ហៅថា តន្ត្រី ឬ​ភ្លេង​។ ដូច្នេះ ពាក្យ​ថា ខា​រា​អូ​ខេ ឬ​កា​រ៉ា​អុ​កិ មានន័យ ថា កម្មវិធី ដែល​មានតែ​តន្ត្រី ឬ​ភ្លេង​ទទេ​។ ប្រសិនបើ​យើង​ទៅ​កា​រ៉ា​អុ​កិ មានន័យថា យើង​ទៅ ច្រៀង ចម្រៀង ដែល​មានតែ​ភ្លេង ឬ​តន្ត្រី​ទទេ​។ ប៉ុន្តែ សម្រាប់​នៅ​កម្ពុជា ឬ​នៅ​ប្រទេស ផ្សេងៗ មួយចំនួនទៀត ពេល​ទៅ​ខា​រា​អូ​ខេ ឬ​កា​រ៉ា​អុ​កិ គឺ​ទៅ​ដើម្បី​បាន​ឱប ស្ទាបអង្អែល បាន​កេះកៀវ នារី​ក្មេងៗ ឬ​អាច​ឈានដល់​សេវា​ផ្លូវភេទ​ផងដែរ​។ នៅ​កម្ពុជា បើ​គេ​និយាយថា ទៅ​ខា​រា​អូ​ខេ មិនមែន​ទៅ​ច្រៀង​កម្សាន្ត​បំបាត់​អផ្សុក​ទេ តែ​គោលដៅ​គេ​គឺ​ទៅ​ឱប​ស្រី នៅក្នុង​បន្ទប់​ខា​រា​អូ​ខេ​។​

​កា​រ៉ា​អុ​កិ​(Karaoke) ឬ​ខា​រា​អូ​ខេ  ត្រូវបាន​បង្កើតឡើង​ដោយ​លោក​ដាយ​ស៊ូ​កិ អ៊ី​ណូ​អិ (DAISUKE INOUE) ជនជាតិ​ជប៉ុន កាលពី​អំលុង​ឆ្នាំ​១៩៧០ ហើយ​នៅ​ឆ្នាំ​១៩៧១ កម្មវិធី​នេះ ចាប់ផ្តើម​ល្បីល្បាញ​ខ្លាំង​នៅ​ទីក្រុង​កូ​បេ និង​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​។​

​លោក​ដាយ​ស៊ូ​កិ អ៊ី​ណូ​អិ ជា​ក្រុម​តន្ត្រី​មួយ​ប្រចាំ​ក្លឹប​កម្សាន្ត នៅ​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន​។ លោក​ពុំមែន​ជា​អ្នកជំនាញ​ខាង​តន្ត្រី​ទេ តែ​លោក​បង្កើតជា​ខា​រា​អូ​ខេ ឬ​កា​រ៉ា​អុ​កិ នេះ គឺ​ធ្វើ​ទៅតាម​សំណើ របស់​ប្រធាន​ក្រុមហ៊ុន​ម្នាក់ ដែល​គេ​មិន​បង្ហាញ​ឈ្មោះ ចង់​ច្រៀង​លេង​ម្នាក់​នៅពេល​ខ្លួន​អផ្សុក​។ ប្រធាន​ក្រុម​ហ៊ុ​នេះ ស្នើ​ឲ្យ​លោក​ដាយ​ស៊ូ​កិ អ៊ី​ណូ​អិ ប្រគុំ​តន្ត្រី ក្នុង​ក្លឹប  ដើម្បី​គាត់​ច្រៀង​ម្នាក់ឯង​។  លោក​ដាយ​ស៊ូ​កិ អ៊ី​ណូ​អិ មាន​អារម្មណ៍​ថា ប្រសិនបើ​គេ​អាច ច្រៀង​ម្នាក់ឯង​បាន ម្តេចក៏​យើង​មិន​រក​វិធី បំពាក់​បច្ចេកវិជ្ជា​ថ្មី ទៅ​ម៉ាស៊ីន​ចាក់​ថាស ហើយ ច្រៀង​តែម្នាក់ឯង ច​ខាងក្រៅ​ក្លឹប​ទៅ​?​។ ចាប់ពីពេលនោះ​មក​លោក និង​សហការី បាន​បង្កើត​បន្ទប់​សម្រាប់​ច្រៀង​ជា​ឯកជន ចំនួន​១១​បន្ទប់ ដោយ​បំពាក់​គ្រឿង​បរិក្ខា មាន​កាស្សែត មាន​អំភ្លី និង​ចាប់ផ្តើម​ចុះកិច្ចសន្យា​ជួល​ម៉ាស៊ីន​ចាក់​តាម​រង្គសាល ក្នុង​ទីក្រុង​កូ​បេ នៅ​ឆ្នាំ​១៩៧១​។

​លោក​អ៊ី​ណូ​អិ បានធ្វើ​ឲ្យ​ការ​ខ្មាសអៀន​របស់​ប្រជាជន​ជប៉ុន ដែល​មិន​ហ៊ាន​ច្រៀង មានការ​ផ្លាស់ប្តូរ ចាម់​ពី​ពេល​នោះមក ហើយ​ពិភពលោក​ទាំងមូល ក៏​ទទួលយក​កម្មវិធី​រប​ស់លោក​ទៅធ្វើ​អាជីវកម្ម​ដោយ​សេរី ប៉ុន្តែ ប្រហែល​ដោយសារ​បញ្ហា​កម្មសិទ្ធិបញ្ញា សព្វថ្ងៃ លោក​ស្ទើរតែ​ពុំមាន​អ្វី​សោះ​។ ឯ​ក្រុមហ៊ុន ខា​រា​អូ​ខេ ដែល​លោក​ប្រគល់​ឲ្យ​ប្អូនប្រុស របស់លោក​គ្រប់ គ្រង​នោះ បាន​បិទទ្វារ​ទៅហើយ​។  លោក​អ៊ី​ណូ​អិ និយាយថា ខ្ញុំ​ជា​អ្នកបង្កើត ជា​ម៉ែឪ ខា​រា​អូ​ខេ តែ​ឥឡូវ​ខ្ញុំ​បាន​បោះបង់ វា​ចោល​ហើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com