ជាតិ
ខេត្ត​ដែល​នៅ​អម​ទន្លេមេគង្គ​លើ នឹងរង​គ្រោះទឹកជំនន់ នៅ​រយៈពេល​៥​ថ្ងៃ​ខាងមុខ​
16, Jul 2017 , 11:05 am        
រូបភាព
​ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ កម្ពុជា​នឹងរង​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ ដែល​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ទូទាំងប្រទេស​។ កម្រិត​ទឹកភ្លៀង​នឹងធ្វើ​ឲ្យ​កម្ពស់​ទឹកទន្លេ​មេគង្គ​លើ ហក់​ឡើងជា​គំហុក និង​បណ្ដាល​ឲ្យ​តំបន់​មួយចំនួន នៅ​អម​សងខាង​ទន្លេ​រងគ្រោះ​ទឹកជំនន់​ផងដែរ​។ នេះ​បើតាម​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម​។​



​ក្រោយពី​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ក្រសួង​ធនធានទឹក បាន​ឲ្យ​ដឹងថា កូន​ព្យុះ​ទី​៨ ប្រចាំ​ឆ្នាំនេះ ដែលមាន​ឈ្មោះថា តា​ឡាស កំពុងស្ថិត​នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង នឹង​រំកិល​ខ្លួន​ចូល​ឈូង​សមុទ្រ កុង​តឹង ហើយ​បង្ក​ជា​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ ចូលក្នុង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​ទន្លេមេគង្គ​ថៃ និង​មេគង្គ​ឡាវ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃ​២១ កក្កដា​។ បើតាម​ក្រសួង​ធនធានទឹក ប្រព័ន្ធ​សម្ពាធ​ទាប ដែល​រង​ឥទ្ធិពល​ពី​កូន​ព្យុះ​តា​ឡាស នេះ នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅ​ទូទាំងប្រទេស​កម្ពុជា រហូតដល់​ថ្ងៃទី​២៥ កក្កដា​។

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក ចុះ​ថ្ងៃទី​១៦ កក្កដា នេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្នុង​រយៈពេល​៤-៥ ថ្ងៃ​ខាងមុខ ទឹកទន្លេ​មេគង្គ​នឹង​បន្ត​ហក់​ឡើងជា​លំដាប់​។ បើទោះបីជា​ការកើនឡើង​នេះ មិនទាន់​ឈានទៅដល់​កម្រិត​កម្ពស់ ដែល​ត្រូវ​ប្រុងប្រយ័ត្ន តែ​ទឹកជំនន់​អាចធ្វើ​ឲ្យ​លិច​តំបន់​ទំនាប​មួយចំនួន ដែល​ស្ថិតនៅ​អម​សងខាង​ដង​ទន្លេមេគង្គ​លើ ក្នុង​ខេត្តស្ទឹងត្រែង ក្រចេះ និង​កំពង់ចាម​»​។​

​ចំណែក​ទន្លេមេគង្គ​ក្រោម ទន្លេសាប និង​ទន្លេបាសាក់ ក៏មាន​កម្ពស់​ទឹក​ហក់​ឡើងជា​បន្តបន្ទាប់​ផងដែរ​។​
​ជាមួយគ្នានេះ​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម ស្នើ​ឲ្យ​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេ​ទាំងនេះ បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ស្ថានភាព​ទឹកទន្លេ ដែល​ហក់​ឡើងជា​បន្តបន្ទាប់​នេះ​។

​សម្រាប់​ប្រជាកសិករ គួរតែ​រួសរាន់​ប្រមូល​កសិផល​ឲ្យ​ទាន់ពេលវេលា​។ ចំណែក​អ្នកនេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើ​ឡើង​ជាយ​ថ​ហេតុ​។ នេះ​ជាការ​អំពាវនាវ​របស់​ក្រសួង​ធនធានទឹក​៕
 

Tag:
 ជំនន់​ទឹកភ្លៀង​
 ​ ទន្លេមេគង្គ​
 ​ ធនធានទឹក
© រក្សាសិទ្ធិដោយ thmeythmey.com