កីឡាជាតិ
ជាតិ
AFF U15៖ ក្រោយឈ្នះទីម័រខាងកើត U15 កម្ពុជាបន្តប៉ះព្រុយណេនៅល្ងាចនេះ U15 កម្ពុជាក្រោយយកឈ្នះទីម័រខាងកើត ១-០ កាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៧។
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជាត្រូវជួបប្រកួតជាមួយក្រុមព្រុយណេនាជំនួបលើកទី៤ក្នុងពូល B នៃពានរង្វាន់ AFF U15 Championship 2017 នាវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃទី១៦ កក្កដា នេះ នៅកីឡដ្ឋាន Chonburi Campus Stadium 1 ក្នុងខេត្តឈុនបុរី ប្រទេសថៃ។
ក្រោយយកឈ្នះជាបន្តបន្ទាប់លើក្រុមហ្វីលីពីន ៤-០ និងទីម័រខាងកើត ១-0 រួចមក U15 កម្ពុជាត្រូវបន្តបេសកកម្មស្វែងរកជ័យជម្នះក្នុងពេល B នៃព្រឹត្តិការណ៍ AFF U15 Championship 2017 ដោយប៉ះជាមួយ ក្រុមព្រុយណេ នាវេលាម៉ោង៦:៣០នាទីល្ងាចនេះនៅកីឡដ្ឋាន Chonburi Campus Stadium 1 ក្នុងខេត្តឈុនបុរី ប្រទេសថៃ។
បើតាមការប្រកួតបីលើកដូចគ្នាក្នុងពូល B U15 កម្ពុជាហាក់ទទួលបានលទ្ធផលល្អជាងព្រុយណេ ពោលគឺ U15 កម្ពុជាឈ្នះពីរលើកនិងចាញ់មួយលើក ខណៈព្រុយណេចាញ់ពីរលើក និងស្មើមួយលើក។ អាស្រ័យហេតុនេះ សម្រាប់ការជួបគ្នារវាងក្រុមទាំងពីរល្ងាចនេះ U15 កម្ពុជាអាចមានភាគរយឈ្នះច្រើនជាង U15 ព្រុយណេ។
បើតាមប្រវត្តិ ក្រុមទាំងពីរធ្លាប់ជួបគ្នា៤លើករួចមកហើយ នៅឆ្នាំ២០០៧ កម្ពុជាបានយកឈ្នះព្រុយណេ ២-០ នៅលើទឹកដីរបស់ខ្លួន មុនស្មើ ១-១ នៅលើទឹកដីឡាវនៅឆ្នាំ២០១១។ ឆ្នាំ២០១៣ កម្ពុជាបានលត់ព្រុយណេយ៉ាងចាស់ដៃក្នុងលទ្ធផល ៨-០ នៅលើទឹកដីមីយ៉ាន់ម៉ា មុនបន្តយកឈ្នះ ២-០ នៅលើទឹកដីខ្លួនឯងកាលពីឆ្នាំ២០១៦។
សម្រាប់ការប្រកួតក្នុងពូល B នេះដែរ ខណៈហ្វីលីពីន ប៉ះ ទីម័រខាងកើត នាវេលាម៉ោង៤រសៀលនៅកីឡដ្ឋាន Chonburi Campus Stadium 1 U15 វៀតណាម តទល់ជាមួយ U15 ម៉ាឡេស៊ីនៅកីឡដ្ឋាន Chonburi Campus Stadium 2។
សម្រាប់ការប្រកួតពូល A កាលពីម្សិលមិញ U15 ឡាវបានយកឈ្នះហ្វីលីពីន ៣-២ ខណៈអូស្ត្រាលីលត់មីយ៉ាន់ម៉ា ៥-០ មុនម្ចាស់ផ្ទះថៃ យកឈ្នះសិង្ហបុរី ២-០៕
Tag:
AFF U15 Championship 2017
U15 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com