កីឡាជាតិ
ជាតិ
ទាំងគ្រូបង្វឹកកម្ពុជា និង Muangthong សុទ្ធតែអះអាងដាក់កីឡាករល្បីៗពេលជួបគ្នាល្ងាចនេះ
× ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុម Cambodia All Star ជាមួយក្រុម Muangthong United នៅពហុកីឡដ្ឋានជាតិនាវេលាម៉ោង៦ល្ងាចនេះ នឹងក្លាយជាជំនួបដ៏ស្វិតស្វាញ និងជក់ចិត្តបំផុតសម្រាប់អ្នកគាំទ្រ ព្រោះគ្រូបង្វឹកក្រុមទាំងពីរសុទ្ធតែបានអះអាងថា នឹងដាក់កីឡាករជើងខ្លាំងល្បីៗឲ្យចូលរួមដូចគ្នា។
គ្រូបង្វឹកក្រុម Cambodia All Star លោក Leonardo Vitorino បានអះអាងថា ក្រុម Cambodia All Star បានហ្វឹកហាត់ពង្រឹងសមត្ថភាព និងបច្ចេកទេស ត្រៀមខ្លួនយ៉ាងល្អសម្រាប់ការស្វាគមន៍ក្រុមភ្ញៀវថៃ Muangthong United នាជំនួបមិត្តភាពអន្តរជាតិនាវេលាម៉ោង៦ល្ងាចនៅពហុកីឡដ្ឋានជាតិ។ លើសពីនេះ លោក នឹងចម្រាញ់យកកីឡាករល្អៗ ដើម្បីស្វែងរកជ័យលាភីលើម្ចាស់ជើងឯកថៃ Muangthong United។
មិនខុសពីគ្រូបង្វឹកកម្ពុជានោះឡើយ លោក Totchtawan Sripan គ្រូបង្វឹកក្រុម Muangthong United បានបញ្ជាក់ថា ទោះបីវាជាជំនួបក្រៅផ្លូវការ ប៉ុន្តែលោកមិនមើលស្រាលចំពោះការប្រកួតនោះទេ លោក នឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកជ័យជម្នះឲ្យបានក្នុងជំនួបល្ងាចនេះ។ លោកបានបន្តថា លោកនឹងដាក់កីឡាករជើងខ្លាំងល្បីៗក្នុងជំនួបល្ងាចនេះ ព្រោះលោកបានដឹងមកថា ក្រុម Cambodia All Star មានកីឡាករល្បីៗជាច្រើនត្រូវបានជ្រើសរើសឲ្យចូលរួម។
«នេះជាលើកទី២ហើយសម្រាប់ការប៉ះគ្នារវាងក្រុម Muangthong United និងក្រុម Cambodia All Star ខ្ញុំមិនប្រមាទនោះឡើយ ខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីយកឈ្នះឲ្យបាន។ ខ្ញុំបានលឺមកថា ក្រុមកម្ពុជាបានជ្រើសរើសកីឡាករជើងខ្លាំងជាច្រើនឲ្យចូលរួមជាក្រុមមួយនេះ ដូច្នេះដើម្បីកុំឲ្យអ្នកគាំទ្រខកចិត្ត ខ្ញុំនឹងព្យាយាមជ្រើសរើសកីឡាករល្បីៗដាក់ឲ្យចូលរួមក្នុងការប្រកួតនេះ»។ នេះជាការលើកឡើងរបស់ លោក Totchtawan Sripan។
ទន្ទឹមនឹងនេះ លោក Leonardo Vitorino បានចាត់ទុកជំនួបមិត្តភាពនេះ ជាការរួមចំណែកមួយដ៏ល្អក្នុងការពង្រឹងសមត្ថភាពក៏ដូចជាបច្ចេកទេសរបស់កីឡាករ ដើម្បីត្រៀមការប្រកួតវគ្គជម្រុះសន្សំពិន្ទុពូល J នៃព្រឹត្តិការណ៍ AFC U23 Championship ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
គួររំលឹកថា កាលប៉ះគ្នានៅជើងទី១កន្លងទៅក្រុម Cambodia All Star ក្រោមការដឹកនាំរបស់ លោក ប្រាក់ សុវណ្ណារ៉ា បានយកឈ្នះក្រុម Muangthong United ក្នុងលទ្ធផល ៤-៣។ តើនៅល្ងាចនេះ Cambodia All Star អាចបន្តរក្សាជ័យជម្នះរបស់ខ្លួនបានឬយ៉ាងណា?
Tag:
Cambodia All Star
Muangthong United
Leonardo Vitorino
© រក្សាសិទ្ធិដោយ thmeythmey.com