កីឡាជាតិ
ជាតិ
ទាំង​គ្រូបង្វឹក​កម្ពុជា និង Muangthong សុទ្ធតែ​អះអាង​ដាក់​កីឡាករ​ល្បីៗ​ពេល​ជួបគ្នា​ល្ងាច​នេះ​
16, Jul 2017 , 2:22 pm        
រូបភាព
ដោយ:
​ការប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម Cambodia All Star ជាមួយ​ក្រុម Muangthong United នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​វេលា​ម៉ោង​៦​ល្ងាច​នេះ នឹង​ក្លាយជា​ជំនួប​ដ៏​ស្វិតស្វាញ និង​ជក់ចិត្ត​បំផុត​សម្រាប់​អ្នកគាំទ្រ ព្រោះ​គ្រូបង្វឹក​ក្រុម​ទាំងពីរ​សុទ្ធតែ​បាន​អះអាងថា នឹងដាក់​កីឡាករ​ជើង​ខ្លាំង​ល្បីៗ​ឲ្យ​ចូលរួម​ដូចគ្នា​។



​គ្រូបង្វឹក​ក្រុម Cambodia All Star លោក Leonardo Vitorino បាន​អះអាងថា ក្រុម Cambodia All Star បាន​ហ្វឹកហាត់​ពង្រឹងសមត្ថភាព និង​បច្ចេកទេស ត្រៀមខ្លួន​យ៉ាង​ល្អ​សម្រាប់​ការស្វាគមន៍​ក្រុម​ភ្ញៀវ​ថៃ Muangthong United នា​ជំនួប​មិត្តភាព​អន្តរជាតិ​នា​វេលា​ម៉ោង​៦​ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ លើសពីនេះ លោក នឹង​ចម្រាញ់​យក​កីឡាករ​ល្អៗ ដើម្បី​ស្វែងរក​ជ័យលាភី​លើ​ម្ចាស់​ជើងឯក​ថៃ Muangthong United​។​

​មិន​ខុសពី​គ្រូបង្វឹក​កម្ពុជា​នោះឡើយ លោក Totchtawan Sripan គ្រូបង្វឹក​ក្រុម Muangthong United បាន​បញ្ជាក់ថា ទោះបី​វា​ជា​ជំនួប​ក្រៅផ្លូវការ ប៉ុន្តែ​លោក​មិន​មើលស្រាល​ចំពោះ​ការប្រកួត​នោះទេ លោក នឹង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ស្វែងរក​ជ័យជម្នះ​ឲ្យ​បាន​ក្នុងជំនួប​ល្ងាច​នេះ​។ លោក​បាន​បន្តថា លោក​នឹងដាក់​កីឡាករ​ជើង​ខ្លាំង​ល្បីៗ​ក្នុងជំនួប​ល្ងាច​នេះ ព្រោះ​លោក​បានដឹង​មក​ថា ក្រុម Cambodia All Star មាន​កីឡាករ​ល្បីៗ​ជាច្រើន​ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​។

«​នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់​ការ​ប៉ះគ្នា​រវាង​ក្រុម Muangthong United និង​ក្រុម Cambodia All Star ខ្ញុំ​មិន​ប្រមាទ​នោះឡើយ ខ្ញុំ​នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​យកឈ្នះ​ឲ្យ​បាន​។ ខ្ញុំ​បានលឺ​មក​ថា ក្រុម​កម្ពុជា​បានជ្រើសរើស​កីឡាករ​ជើង​ខ្លាំង​ជាច្រើន​ឲ្យ​ចូលរួម​ជា​ក្រុម​មួយ​នេះ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​អ្នកគាំទ្រ​ខកចិត្ត ខ្ញុំ​នឹង​ព្យាយាម​ជ្រើសរើស​កីឡាករ​ល្បីៗ​ដាក់​ឲ្យ​ចូលរួម​ក្នុងការ​ប្រកួត​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់ លោក Totchtawan Sripan​។

​ទន្ទឹមនឹងនេះ លោក Leonardo Vitorino បានចាត់ទុក​ជំនួប​មិត្តភាព​នេះ ជាការ​រួមចំណែក​មួយ​ដ៏​ល្អ​ក្នុងការ​ពង្រឹងសមត្ថភាព​ក៏ដូចជា​បច្ចេកទេស​រប​ស់​កីឡាករ ដើម្បី​ត្រៀម​ការប្រកួត​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​ពូ​ល J នៃ​ព្រឹត្តិការណ៍ AFC U23 Championship ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​គួររំលឹកថា កាល​ប៉ះគ្នា​នៅ​ជើង​ទី​១​កន្លងទៅ​ក្រុម Cambodia All Star ក្រោម​ការដឹកនាំ​របស់ លោក ប្រាក់ សុវណ្ណារ៉ា បាន​យកឈ្នះ​ក្រុម Muangthong United ក្នុង​លទ្ធផល ៤-៣​។ តើ​នៅ​ល្ងាច​នេះ Cambodia All Star អាច​បន្ត​រក្សា​ជ័យជម្នះ​របស់ខ្លួន​បាន​ឬ​យ៉ាងណា​?


Tag:
 Cambodia All Star
  Muangthong United
  Leonardo Vitorino
© រក្សាសិទ្ធិដោយ thmeythmey.com