អន្តរជាតិ
ឌូ​ទើ​តេ ប្រាប់​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ឈប់​ប្រើ​ឡាន​ស៊ី​រ៉ែ​ន និង​កាត់បន្ថយ​ចំនួន​អង្គរក្ស​
16, Jul 2017 , 10:39 pm        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ កាលពី​ថ្ងៃទី​១៤ ខែកក្កដា បាន​ប្រាប់​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​របស់លោក​បញ្ឈប់​ការប្រើប្រាស់​ឡាន​ស៊ី​រ៉ែ​ន​ក្នុងពេល​ធ្វើដំណើរ និង​ត្រូវ​កាត់បន្ថយ​ចំនួន​កង​អង្គរក្ស​ការពារ​។ លោក ឌូ​ទើ​តេ ក៏បាន​ប្រាប់​ឲ្យ​មន្ត្រី​របស់លោក​ទាំងអស់ ចាត់ទុក​ខ្លួនឯង​ជា​អ្នកបម្រើ​រាស្ត្រ និង​មិនត្រូវ​ប្រព្រឹត្ត​រឿង​ខុសច្បាប់​ដូចជា​អំពើពុករលួយ​ដែល​បំផ្លាញ​លុយ​រដ្ឋ​ឡើយ​។​



​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានដាក់​កំហិត​មន្ត្រី​រដ្ឋាភិបាលរ​ប​ស់លោក​ក្នុងការ​ប្រើប្រាស់​ឡាន​ស៊ី​រ៉ែ​ន​ពេលធ្វើ​ដំណើរ​លើផ្លូវ​សាធារណៈ ដោយ​លោក​បាន​រំឭក​មន្ត្រី​ទាំងអស់​ថា ពួកគេ​មិនមែនជា​ចៅហ្វាយនាយ​របស់​ប្រជាជន​ឡើយ​។ លោក​ប្រធានាធិបតី ឌូ​ទើ​តេ ក៏បាន​ទទូច​ឲ្យ​មន្ត្រី​ទាំងអស់​ចៀសវាង​ពី​ការពាក់ព័ន្ធ​អំពើពុករលួយ ព្រោះ​លោក​នឹងមិន​លើកលែង​ឲ្យ​អ្នកណា​ឡើយ​។​

​ថ្លែង​ក្នុង​កម្មវិធី​មួយ​ក្នុង​ទីក្រុង Davao នៅ​ល្ងាច​ថ្ងៃទី​១៤ ខែកក្កដា ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ​បាន​ប្រាប់​អ្នកចូលរួម​ថា លោក​បានស្នើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ទាំងអស់​ឈប់​ប្រើ​ឡាន​ស៊ី​រ៉ែ​ន​បើកផ្លូវ និង​អមដោយ​អង្គរក្ស​គគ្រឹគ​គ្រេង ហើយ​ម្យ៉ាង លោក​ក៏​មិន​ចូលចិត្ត​ទង្វើ​បែបនេះ​ដែរ​។ លោក​រៀបរាប់​ទៀតថា មន្ត្រី​ទាំងអស់ រាប់ទាំង​លោក​ផង មិនមែនជា​មនុស្ស​ពិសេស​អ្វី​ទេ តែ​ត្រូវបាន​ប្រជាជន​ជួល​ឲ្យ​មក​ធ្វើការ​ប៉ុណ្ណោះ មិនមែន​មក​សម្ញែង​អំណាច​ឡើយ​។​

​បើតាម​សារព័ត៌មាន The Manila Bulletin លោក​ប្រធានាធិបតី ឌូ​ទើ​តេ ពន្យល់ថា ការដាក់កំហិត​នេះ គឺជា​គោលនយោបាយ​របស់លោក​ក្នុងការ​ប្រឆាំង​អំពើពុករលួយ​ក្នុងចំណោម​មន្ត្រី​រដ្ឋាភិបាល​។ លោក ឌូ​ទើ​តេ ត្រូវគេ​មើលឃើញថា​ជា​ប្រធានាធិបតី​មាន​ជំហរ​ម៉ឺងម៉ាត់​ក្នុងការ​បោសសម្អាត​អំពើពុករលួយ​នេះ ព្រោះ​លោក​បានបញ្ចប់​តំណែង​មន្ត្រី​រដ្ឋាភិបាល​ជាច្រើនរូប​រាប់ទាំង​ថ្នាក់​រដ្ឋមន្ត្រី​ផង​។ លោក ក៏​ធ្លាប់​ប្រកាស​ចាក​ចេញពី​តំណែង បើ​សមាជិកគ្រួសារ​លោក​ណា​ម្នាក់​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​នេះ​។​

​ជាមួយគ្នា​នោះ ប្រធានាធិបតី​រូបនេះ ក៏បាន​ប្រាប់​ឲ្យ​មន្ត្រី​ទាំងអស់​បន្ថយ​ចំនួន​អង្គរក្ស​ផងដែរ ដោយ​លោក​បាន​ប្រាប់​ឲ្យ​ពួកគេ​យកតាម​ខ្លួន​នូវ​អង្គរក្ស​តែ​ម្នាក់ ឬ​ពីរ​នាក់​បាន​ហើយ​។ លោក ឌូ​ទើ​តេ បាន​រំឭក​អនុស្សាវរីយ៍​ពេល​លោក​នៅ​កាន់តំណែង​ជា​ចៅហ្វាយក្រុង Davao និង​បាន​ជិះ​ម៉ូតូ​ដើម្បី​ល្បាត​ទីក្រុង​ដោយ​គ្មាន​អង្គរក្ស​ការពារ​អ្វី​ឡើយ​។ លោក​បាន​ប្រាប់​អ្នកចូលរួម​នៅ​មជ្ឈមណ្ឌល​សន្និសីទ Davao ពី​ឪពុក​របស់លោក​ដែលជា​អតីត​ចៅហ្វាយក្រុង Davao និង​តែង​ជិះ​ម៉ូតូ​តែ​ម្នាក់​ដែរ​។​

​តាមពិតទៅ ការបង្ហាញ​ភាពសាមញ្ញ និង​ការមិន​សម្ញែង​ឥទ្ធិពល គឺជា​ឥរិយាបថ​របស់លោក ឌូ​ទើ​តេ តាំងពី​លោក​ធ្វើជា​ចៅហ្វាយក្រុង Davao អស់​ពេល​ច្រើន​ឆ្នាំ​មក​នោះ ហើយក៏​ជា​ផ្នែក​មួយ​នៃ​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ដែរ​។ លោក​ធ្លាប់​បដិសេធ​ទទួលយក​ឡាន​ស៊េរី​ទំនើប និង​នាឡិកា​មានតម្លៃ ដែល​គេ​ជូន​ជា​អនុស្សាវរីយ៍ ហើយ​បែរជា​ប្រកាស​លក់​ឡាន​នោះ​ទៅទៀត​។ លោក​មិន​ព្រម​ចូលទៅ​រស់នៅ​វិមាន​ប្រធានាធិបតី​ដ៏​ស្កឹមស្កៃ និង​ជា​ញឹកញាប់​តែង​ធ្វើដំណើរ​តាម​យន្តហោះ​ដូច​ប្រជាជន​ធម្មតា​ទៀតផង​៕ 


Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com