កីឡាជាតិ
ជាតិ
AFF U15៖ ឱកាសទៅវគ្គ១/២របស់កម្ពុជាកាន់តែឆ្ងាយក្រោយចាញ់ព្រុយណេ ២-០
× ក្រុមកីឡាបាល់ទាត់ជម្រើសអាយុក្រោម១៥ឆ្នាំកម្ពុជា បានរងនូវការខកចិត្តដោយចាញ់ព្រុយណេ ២-០ សម្រាប់ការប្រកួតលើកទី៤នៅពូល B នៃព្រឹត្តិការណ៍ AFF U15 Championship នៅខេត្តឈុនបុរី ប្រទេសថៃ នាល្ងាចថ្ងៃអាទិត្យ ទី១៦ ខែកក្កដា នេះ។
នៅតង់វគ្គទីមួយ ក្រុមទាំងពីរបញ្ចប់ការប្រកួតដោយគ្មានការស៊ុតបាល់បញ្ចូលទី ប៉ុន្តែកម្ពុជាមានឱកាសមាសរហូតដល់ទៅ៣លើក ជាពិសេសនៅនាទី៣០ ដែល សៀង ចន្ធា សម្រេចចិត្តអូសញាក់អ្នកចាំទី បន្ទាប់មកស៊ុតខុសគោលដៅ។
នៅដើមវគ្គទីពីរ ព្រុយណេ បាននាំមុខ ១-០ ដោយការទាត់បាល់ចេញពីជ្រុង បន្ទាប់មកព្រុយណេ ធ្វើបានសម្រេចគ្រាប់ទី២ ដោយការទាត់បាល់ពិន័យពីចម្ងាយ។ លទ្ធផលនេះ ត្រូវបានរក្សារហូតដល់បញ្ចប់ការប្រកួត។
សម្រាប់ការប្រកួតពូល B ផ្សេងនៅថ្ងៃដដែល ហ្វីលីពីនឈ្នះទីម័រខាងកើត ២-០ ខណៈវៀតណាមឈ្នះម៉ាឡេស៊ី ១-០ ។ ការឈ្នះទាំង៤ប្រកួតនាំឲ្យវៀតណាម ឡើងឈរចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈកម្ពុជា ត្រូវមានប្រជែងយ៉ាងខ្លាំងជាមួយម៉ាឡេស៊ី ។ ហ្វីលីពីន ព្រុយណេ និងទីម័រខាងកើត នៅសល់ការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ។
នៅថ្ងៃអង្គារទី១៨ ខែកក្កដា កម្ពុជាត្រូវប៉ះម៉ាឡេស៊ី ដែលជាការប្រកួតដ៏សំខាន់ពោលគឺកម្ពុជាត្រូវរកគ្រាប់ចំណេញយ៉ាងហោចណាស់២គ្រាប់សម្រាប់ជំនួបជាមួយក្រុមមួយនេះ រីឯវៀតណាម ជួប ទីម័រខាងកើត ព្រុយណេ ប៉ះហ្វីលីពីន។
នៅក្នុងពូល A ម្ចាស់ផ្ទះឡើងទៅចាំវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈអូស្ត្រាលី ម៉ាឡេស៊ី និងឡាវ នៅមានឱកាសដណ្តើមគ្នាសម្រាប់កៅអីមួយទៀត ស្របពេលដែលឥណ្ឌូណេស៊ី និងសិង្ហបុរី បានហាលអាវទៅហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com