កីឡាជាតិ
ជាតិ
AFF U15៖ ឱកាស​ទៅ​វគ្គ​១/២​របស់​កម្ពុជា​កាន់តែ​ឆ្ងាយ​ក្រោយ​ចាញ់​ព្រុយ​ណេ ២-០
16, Jul 2017 , 8:12 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមកីឡា​បាល់ទាត់​ជម្រើស​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា បាន​រង​នូវ​ការខកចិត្ត​ដោយ​ចាញ់​ព្រុយ​ណេ ២-០ សម្រាប់​ការប្រកួត​លើក​ទី​៤​នៅ​ពូ​ល B នៃ​ព្រឹត្តិការណ៍ AFF U15 Championship នៅ​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ នា​ល្ងាច​ថ្ងៃអាទិត្យ ទី​១៦ ខែកក្កដា នេះ​។​



​នៅ​តង់​វគ្គ​ទីមួយ ក្រុម​ទាំងពីរ​បញ្ចប់​ការប្រកួត​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី ប៉ុន្តែ​កម្ពុជា​មានឱកាស​មាសរ​ហូត​ដល់​ទៅ​៣​លើក ជាពិសេស​នៅ​នាទី​៣០ ដែល សៀង ច​ន្ធា សម្រេចចិត្ត​អូស​ញាក់​អ្នកចាំទី បន្ទាប់មក​ស៊ុត​ខុស​គោលដៅ​។​

​នៅ​ដើម​វគ្គ​ទី​ពីរ ព្រុយ​ណេ បាន​នាំមុខ ១-០ ដោយ​ការទា​ត់បាល់​ចេញពី​ជ្រុង បន្ទាប់មក​ព្រុយ​ណេ ធ្វើបាន​សម្រេច​គ្រាប់​ទី​២ ដោយ​ការទា​ត់បាល់​ពិន័យ​ពី​ចម្ងាយ​។ លទ្ធផល​នេះ ត្រូវបាន​រក្សា​រហូតដល់​បញ្ចប់​ការប្រកួត​។​

​សម្រាប់​ការប្រកួត​ពូ​ល B ផ្សេង​នៅ​ថ្ងៃ​ដដែល ហ្វីលីពីន​ឈ្នះ​ទី​ម័​រ​ខាងកើត ២-០ ខណៈ​វៀតណាម​ឈ្នះ​ម៉ាឡេស៊ី ១-០ ។ ការ​ឈ្នះ​ទាំង​៤​ប្រកួត​នាំ​ឲ្យ​វៀតណាម ឡើងឈរ​ចាំ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​កម្ពុជា ត្រូវមាន​ប្រជែង​យ៉ាងខ្លាំង​ជាមួយ​ម៉ាឡេស៊ី ។ ហ្វីលីពីន ព្រុយ​ណេ និង​ទី​ម័​រ​ខាងកើត នៅសល់​ការប្រកួត​បង្គ្រប់កិច្ច​ប៉ុណ្ណោះ​។​

​នៅ​ថ្ងៃ​អង្គារ​ទី​១៨ ខែកក្កដា កម្ពុជា​ត្រូវ​ប៉ះ​ម៉ាឡេស៊ី ដែលជា​ការប្រកួត​ដ៏​សំខាន់​ពោលគឺ​កម្ពុជា​ត្រូវ​រក​គ្រាប់​ចំណេញ​យ៉ាងហោចណាស់២គ្រាប់​សម្រាប់​ជំនួប​ជាមួយ​ក្រុម​មួយ​នេះ រីឯ​វៀតណាម ជួប ទី​ម័​រ​ខាងកើត ព្រុយ​ណេ ប៉ះ​ហ្វីលីពីន​។​

​នៅក្នុង​ពូ​ល A ម្ចាស់ផ្ទះ​ឡើងទៅ​ចាំ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​អូស្ត្រាលី ម៉ាឡេស៊ី និង​ឡាវ នៅមាន​ឱកាស​ដណ្តើម​គ្នា​សម្រាប់​កៅអី​មួយទៀត ស្រប​ពេលដែល​ឥណ្ឌូណេស៊ី និង​សិង្ហ​បុរី បាន​ហាលអាវ​ទៅហើយ​៕


Tag:
 AFF U15
© រក្សាសិទ្ធិដោយ thmeythmey.com