អន្តរជាតិ
កូរ៉េខាងត្បូង​បោះដៃ​រក​កូរ៉េខាងជើង​ដោយ​ស្នើ​ចរចា​ផ្នែក​យោធា​
17, Jul 2017 , 11:49 am        
រូបភាព
អាគារ Tongilgak របស់កូរ៉េខាងជើង ដែលកូរ៉េត្បូងស្នើធ្វើជាកន្លែងចរចា
អាគារ Tongilgak របស់កូរ៉េខាងជើង ដែលកូរ៉េត្បូងស្នើធ្វើជាកន្លែងចរចា
​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១៧ ខែកក្កដា បានស្នើ​ឲ្យ​ភាគី​កូរ៉េខាងជើង​ឲ្យ​បើក​ការចរចា​ផ្នែក​យោធា​អន្តរ​កូរ៉េ​ឡើងវិញ ដើម្បី​បន្ថយកម្ដៅ​តានតឹង​រវាង​បងប្អូន​ជាស​ត្រូវ​ទាំងពីរ​។ កូរ៉េខាងត្បូង ក៏​ស្នើ​ឲ្យ​មានការ​បញ្ឈប់​សកម្មភាព​បង្ករឿង​តាម​ព្រំដែន​នៃ​ខ្សែស្រប​ទី​៣៨ ដែល​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ​។ ជាមួយគ្នានេះ កូរ៉េខាងត្បូង ក៏​ចង់​ឲ្យ​មានការ​រៀបចំ​ការជួប​ជុំ​គ្រួសារ​កូរ៉េ​ដែល​បែកបាក់​សាច់ញាតិ​ក្នុងសម័យ​សង្គ្រាម​កូរ៉េ​ផងដែរ​។​



​បន្ទាប់ពី​កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​ច្រើនលើក​មក កូរ៉េខាងត្បូង​បាន​បន្ត​ប្រកាន់​ជំហរ​ត្រជាក់ និង​បាន​បោះដៃ​ទៅរក​កូរ៉េខាងជើង​មុន ដោយបាន​ស្នើ​ឲ្យ​មានការ​ចរចា​រវាង​យោធា​មកពី​កូរ៉េ​ទាំងពីរ​នៅ​ថ្ងៃទី​២១ ខែកក្កដា​ខាងមុខ​។ កូរ៉េខាងត្បូង ចង់​ឲ្យ​ជំនួប​នេះ​រៀបចំ​នៅឯ​អាគារ Tongilgak របស់​កូរ៉េខាងជើង ដែលមាន​ទីតាំង​ក្នុងភូមិ Panmunjom ស្ថិត​តាម​បណ្ដោយ​ព្រំដែន​កូរ៉េ​ទាំងពីរ​។ នៅពេលនេះ កូរ៉េខាងត្បូង កំពុង​រង់ចាំ​ចម្លើយ​ពី​កូរ៉េខាងជើង​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap អនុរដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង Suh Choo-suk និយាយថា ជំនួប​កម្រ​នេះ​មាន​គោលដៅ​បញ្ចប់​រាល់​ទង្វើ​បង្កហេតុ​ទាំងអស់​តាម​ព្រំដែន​រវាង​កូរ៉េខាងត្បូង និង​ខាងជើង​។ កូរ៉េខាងត្បូង ក៏បាន​ស្នើ​ឲ្យ​កូរ៉េខាងជើង​ផ្ដល់​ចម្លើយ​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​អន្តរ​កូរ៉េ​នៅ​តំបន់​ខាងលិច​។ សំណើ​នេះ ធ្វើឡើង​តាម​ការប្រកាស​របស់​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ដែល​ជ្រើសរើស​ការចរចា​ដោយ​សន្តិភាព​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​ឧបទ្វីប​កូរ៉េ​។​

​ក្នុងករណី​កូរ៉េខាងជើង​ទទួលយក​សំណើ​កូរ៉េខាងត្បូង​មែន នោះ​វា​នឹង​ក្លាយជា​ការចរចា​លើកទីមួយ​រវាង​យោធា​កូរ៉េ​ទាំងពីរ​ក្នុង​រយៈពេល​ជិត​បី​ឆ្នាំ​មកនេះ​។ ការចរចា​អន្តរ​កូរ៉េ​លើ​ផ្នែក​យោធា​ចុងក្រោយ​បំផុត ធ្វើឡើង​កាលពី​ខែតុលា ឆ្នាំ​២០១៤ ប៉ុន្តែ​មិនបាន​សម្រេច​អ្វី​ឡើយ​។ ចំណែក​ជំនួប​លើក​នេះ​ដែល​ស្នើ​ដោយ​កូរ៉េខាងត្បូង គេ​មិនទាន់​ដឹង​ពី​របៀបវារៈ​នៅឡើយ​ទេ ហើយក៏​មិនដឹងថា​មន្ត្រី​ថ្នាក់​ណា​ត្រូវ​ចូលរួម​ដែរ​។​

​យ៉ាងណាមិញ ពេល​និយាយ​ដល់​ការ​បង្កហេតុ​តាម​ព្រំដែន​នោះ ច្បាស់​ជាមាន​ទាក់ទង​នឹង​ការដំឡើង​ប្រព័ន្ធ​ឧ​គ្ឃោ​សន​សព្ទ​តាម​ព្រំដែន​មិន​ខាន​។ កូរ៉េខាងត្បូង​តាម​ដំឡើង​ប្រព័ន្ធ​នេះ​ជាច្រើន​គ្រឿង​តាម​ព្រំដែន ដើម្បី​វាយប្រហារ​កូរ៉េខាងជើង ខណៈដែល​សកម្មជន​កូរ៉េខាងត្បូង​ផ្សេងទៀត​ក៏​រៀបចំ​ឲ្យ​មានការ​បង្ហោះ​ប៉េងប៉ោង​មានភ្ជាប់​សារ​ប្រឆាំង​កូរ៉េខាងជើង​ឆ្លង​ព្រំដែន​ផងដែរ​។ ច្បាស់​ណាស់​ថា កូរ៉េខាងជើង​ប្រាកដជា​ចង់​ឲ្យ​កូរ៉េខាងត្បូង​បញ្ឈប់​សកម្មភាព​នេះ​មិន​ខាន​។​

​ទន្ទឹមនឹង​សំណើ​ខាង​យោធា កាកបាទក្រហម​កូរ៉េខាងត្បូង ក៏បាន​ដាក់សំណើ​មួយ​ដាច់ដោយឡែក​ទៅកាន់​កូរ៉េខាងជើង ដើម្បី​រៀបចំ​ការជួបជុំ​គ្រួសារ​បែកបាក់​ដោយ​សង្គ្រាម​កូរ៉េ​។ កូរ៉េខាងត្បូង ចង់​ឲ្យ​សាច់ញាតិ​គ្រួសារ​ដែល​បែកបាក់​ជួបជុំគ្នា​នៅ​អំឡុង​ខែតុលា​ខាងមុខ ដ្បិត​ការជួបជុំ​បែបនេះ​ខាន​រៀបចំ​ជិត​ពីរ​ឆ្នាំ​មកហើយ​។ ប៉ុន្តែ ចម្លើយ​ស្ថិតក្នុង​ដៃ​កូរ៉េខាងជើង​ឯណោះ ហើយ​គេ​ក៏​មិនដឹងថា​កូរ៉េខាងជើង​ព្រម​ឬ​អត់​ដែរ​៕


Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com