អន្តរជាតិ
រដ្ឋាភិបាល​អូស្ត្រាលី​បន្ថែម​អំណាច​ឲ្យ​កងទ័ព​ដើម្បី​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​
17, Jul 2017 , 7:59 pm         568
រូបភាព
​រដ្ឋាភិបាល​អូស្ត្រាលី​បានអនុម័ត​សេចក្ដីព្រាងច្បាប់​ថ្មី​មួយ ដែល​នឹង​អនុញ្ញាត​ឲ្យ​កងទ័ព​មាន​តួនាទី​ច្រើនជាង​មុន​ក្នុងការ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​។ តាម​សំណើ​ច្បាប់​ថ្មី​នេះ កងទ័ព​អូស្ត្រាលី អាច​ត្រូវបាន​ពង្រាយ​លឿន​ជាង​មុន ដោយ​មិនចាំបាច់​ត្រូវការ​មាន​សំណើសុំ​ជំនួយ​ពី​ប៉ូលិស​ឡើយ​។ យ៉ាងណាក្ដី សំណើ​ច្បាប់​ថ្មី​នេះ នៅតែ​រក្សា​តួនាទី​របស់​ប៉ូលិស​ក្នុងការ​ឆ្លើយតប​ភ្លាមៗ​រាល់​សកម្មភាព​ភេរវកម្ម​នៅក្នុង​ប្រទេស​ដដែល​។


​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ម៉ា​ល់ខម ធើ​ន​ប៊ូល (Malcolm Turbull) នៅ​ថ្ងៃទី​១៧ ខែកក្កដា បានប្រកាស​ពី​សេចក្ដីព្រាងច្បាប់​ថ្មី ដែល​នឹង​ផ្ដល់​អំណាច​ឲ្យ​កងទ័ព​កាន់តែ​ទូលាយ​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​សកម្មភាព​ភេរវកម្ម​ក្នុងស្រុក​។ សំណើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​សន្តិសុខ​ជាតិ​នេះ ត្រូវបាន​គណៈរដ្ឋមន្ត្រី និង​គណៈកម្មាធិការ​ស​ន្តិ​សុខ​ជាតិ អនុម័ត​រួចរាល់​ហើយ ដោយ​បន្ថែម​អំណាច​ច្រើន​ដល់​កងទ័ព​ដើម្បី​ជួយ​ការងារ​ប៉ូលិស​។

​សំណើ​ច្បាប់​ថ្មី បាន​រក្សា​អំណាច​ប៉ូលិស​សហព័ន្ធ​ក្នុងការ​ដោះស្រាយ​បញ្ហា​ភេរវកម្ម​ណាមួយ ប៉ុន្តែ​នឹងមិន​មែន​ចាត់ចែង​ការងារ​នេះ​តែម្នាក់ឯង​ដូច​មុន​ឡើយ​។ បើតាម​សារព័ត៌មាន The Sydney Morning Herald កងទ័ព​អាច​ត្រូវបាន​ពង្រាយ​លឿន​ជាង​មុន​នៅតាម​ដងផ្លូវ ដើម្បី​ជួយ​ល្បាត​ប៉ូលិស ចំណែក​កងកម្លាំង​ពិសេស​វិញ​ក៏មាន​សិទ្ធិ​បាញ់ និង​សម្លាប់​ភេរវ​ករ​នៅ​នៅនឹងកន្លែង​ដែរ​។ លើសពីនេះ កងទ័ព​ក៏​អាច​បង្រៀន​ប៉ូលិស និង​ធ្វើការ​ជាមួយ​ប៉ូលិស​ក្នុងនាម​ជាទី​ប្រឹក្សា​ទៀតផង​។​

​ស្ថិតក្រោម​ច្បាប់​បច្ចុប្បន្ន ប៉ូលិស​អូស្ត្រាលី​ទទួលខុសត្រូវ​ទាំងស្រុង​លើ​ករណី​ភេរវកម្ម ឬក៏​ការចាប់​ចំណាប់ខ្មាំង​។ កងទ័ព​អាច​ត្រូវបាន​ពង្រាយ លុះត្រាតែ​ប៉ូលិស​នៅតាម​បណ្ដា​រដ្ឋ​ទាំងអស់ មិនមាន​លទ្ធភាព​ក្នុងការ​ទប់ទល់​ស្ថានការណ៍ ហើយ​ត្រូវការ​ជំនួយ​ពី​កងទ័ព​។ ប៉ុន្តែ​បើតាម​ការផ្លាស់ប្ដូរ​ដែល​លើកឡើង​ដោយ​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ធើ​ន​ប៊ូល ទោះជា​ប៉ូលិស​អាច​ទប់ទល់​ស្ថានការណ៍​បាន ក៏​ពួកគេ​អាច​សុំ​ជំនួយ​ពី​យោធា​បានដែរ​។

​លោក ធើ​ន​ប៊ូល បាន​និយាយ​ក្នុង​សន្និសីទកាសែត​មួយ​ថា លោក​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប៉ូលិស និង​កងទ័ព ដើម្បី​ដោះស្រាយ​ស្ថានការណ៍​អាក្រក់​ក្នុងស្រុក​។ ជាមួយ​ការ​ទទួលស្គាល់ថា​ប៉ូលិស​មាន​តួនាទី​សំខាន់​ក្នុង​ស្ថានការណ៍​អាក្រក់ លោក ធើ​ន​ប៊ូល បញ្ជាក់ថា កងទ័ព​អាច​ផ្ដល់ជំនួយ​បន្ថែម​ឲ្យ​ប៉ូលិស ព្រមទាំង​អាចជួយ​ពង្រឹងសមត្ថភាព និង​ការយល់ដឹង​របស់​ប៉ូលិស​បាន​ទៀតផង​។​

​ការកែប្រែ​ច្បាប់​ដែល​បន្ថែម​អំណាច​ឲ្យ​កងទ័ព​នេះ គឺជា​វិធានការ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ក្នុង​ទប់ស្កាត់​សកម្មភាព​ភេរវកម្ម និង​ជាការ​ឆ្លើយតប​នឹង​ការរិះគន់​ជុំវិញ​សមត្ថភាព​របស់​ប៉ូលិស​ដែល​ឆ្លើយតប​យឺតយ៉ាវ​ទៅនឹង​អំពើ​ភេរវកម្ម​នាពេល​កន្លងមក ជាពិសេស​ភេរវកម្ម​នៅ​ស៊ីដនី​ក្នុង​ឆ្នាំ​២០១៤ ។ នេះ​ក៏​ជា​លើកដំបូង​ដែល​កងទ័ព​ត្រូវ​បានផ្ដល់​សិទ្ធិអំណាច​ច្រើន​ក្នុងការ​ចូលរួម​ការពា​រ​សន្តិសុខ​ក្នុងប្រទេស​ក្នុងពេល​ជាង​១០​ឆ្នាំ​មកនេះ​៕

Tag:
 អូស្ត្រាលី​
  ភេរវកម្ម​
  Malcolm Turnbull
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev1234next