ជាតិ
មេបក្ស​ប្រឆាំង​សាទរ​ការបញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​
17, Jul 2017 , 4:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ៩​ថ្ងៃ ក្រោយ​ពេលដែល​តំបន់​ប្រាសាទសំបូរព្រៃគុក ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៃ​អង្គការ​យូណេស្កូ (UNESCO) ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​បុក​របស់ខ្លួន ដើម្បី​ចូលរួម​សាទរ​។



​ឯកឧត្តម កឹម សុខា បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នា​ថ្ងៃទី​១៧ ខែកក្កដា នេះ​ថា​៖«​ក្នុងនាម​ជា​កូន​ខ្មែរ ខ្ញុំ​មាន​មោទនភាព​ណាស់ ដែល​បានកើត​នៅលើ​ទឹកដី​មាតុភូមិ​កម្ពុជា ជា​ទឹកដី​សំបូរ​ទៅដោយ​សម្បត្ដិ​វប្បធម៌​ដ៏​ល្បីល្បាញ ដូចជា ប្រាសាទសំបូរព្រៃគុក ជាដើម​។​ខ្ញុំ​សូម​គាំទ្រ​ទាំងស្រុង នូវ​ការដាក់បញ្ចូល តំបន់​ប្រាសាទសំបូរព្រៃគុក ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​»​។​

​ការ​បង្ហោះ​សារ​របស់​ឯកឧត្តម កឹម សុខា ខាងលើ គឺ​ចំ​ថ្ងៃ​ដែល​រដ្ឋាភិបាល រៀបចំ​ពិធី ដើម្បី​អបអរសាទរ​តំបន់​ប្រាសាទសំបូរព្រៃគុក ដែល​ត្រូវបាន​បញ្ចូល​ក្នុង​ប​ញ្ចី​បេ​តិ​ភណ្ឌ​ពិភពលោក​។ នៅ​រសៀល​ថ្ងៃនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម្តេច ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហមកម្ពុជា នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​នេះ ដែល​រៀបចំឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។

​សូមបញ្ជាក់ថា តំបន់​ប្រាសាទសំបូរព្រៃគុក ត្រូវបាន​សម្រេច​ចុះបញ្ជី​នៅក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៤១ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២0១៧​នេះ​។ ប្រទេស​ចំនួន​១៩៣ ដែលជា​សមាជិក​គណៈកម្មាធិកា​រ​នេះ បានអនុម័ត​ចុះបញ្ជី​ប្រាសាទសំបូរព្រៃគុក នៅ​យប់​ថ្ងៃទី​៨​ខែកក្កដា នៅក្នុង​ទីក្រុង KRAKOW នៅក្នុង​ប្រទេស​ប៉ូឡូញ​។​

​ប្រាសាទសំបូរព្រៃគុក កសាងឡើង​នៅក្នុង​សតវត្សរ៍​ទី​៧ ក្នុង​រជ្ជកាល​ស្តេច ឥសាន​វរ្ម័ន ក្នុងសម័យ​ចេនឡា​។ បច្ចុប្បន្ន តំបន់​ប្រាសាទ​នេះ ក្លាយជា​រមណីយដ្ឋាន​វ​ប្ប​ធម៌ ប្រវត្តិសាស្ត្រ ដែល​ស្ថិតនៅ​ក្នុងភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។ តំបន់​ប្រាសាទសំបូរព្រៃគុក មាន​ចំនួន​២៩១​ប្រាសាទ ដែល​បែង​ចែង​ជា​បី​ក្រុម​សំខាន់ៗ គឺ​ក្រុម​ប្រាសាទ​កណ្ដាល , ក្រុម​ប្រាសាទ​ខាងត្បូង និង​ក្រុម​ប្រាសាទ​ខាងជើង​។ នេះ​បើតាម​ក្រសួង​វប្បធម៌​៕


Tag:
 កឹម សុខា​
  សាទរ​ប្រាសាទសំបូរព្រៃគុក
© រក្សាសិទ្ធិដោយ thmeythmey.com