ជាតិ
មេបក្សប្រឆាំងសាទរការបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
× ភ្នំពេញ៖ ៩ថ្ងៃ ក្រោយពេលដែលតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ (UNESCO) ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក៏បានបង្ហោះសារលើទំព័រហ្វេសបុករបស់ខ្លួន ដើម្បីចូលរួមសាទរ។
ឯកឧត្តម កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននាថ្ងៃទី១៧ ខែកក្កដា នេះថា៖«ក្នុងនាមជាកូនខ្មែរ ខ្ញុំមានមោទនភាពណាស់ ដែលបានកើតនៅលើទឹកដីមាតុភូមិកម្ពុជា ជាទឹកដីសំបូរទៅដោយសម្បត្ដិវប្បធម៌ដ៏ល្បីល្បាញ ដូចជា ប្រាសាទសំបូរព្រៃគុក ជាដើម។ខ្ញុំសូមគាំទ្រទាំងស្រុង នូវការដាក់បញ្ចូល តំបន់ប្រាសាទសំបូរព្រៃគុក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក»។
ការបង្ហោះសាររបស់ឯកឧត្តម កឹម សុខា ខាងលើ គឺចំថ្ងៃដែលរដ្ឋាភិបាល រៀបចំពិធី ដើម្បីអបអរសាទរតំបន់ប្រាសាទសំបូរព្រៃគុក ដែលត្រូវបានបញ្ចូលក្នុងបញ្ចីបេតិភណ្ឌពិភពលោក។ នៅរសៀលថ្ងៃនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេច ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា នឹងធ្វើជាអធិបតីក្នុងពិធីនេះ ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
សូមបញ្ជាក់ថា តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះបញ្ជីនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដែលធ្វើឡើងកាលពីថ្ងៃទី២ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២0១៧នេះ។ ប្រទេសចំនួន១៩៣ ដែលជាសមាជិកគណៈកម្មាធិការនេះ បានអនុម័តចុះបញ្ជីប្រាសាទសំបូរព្រៃគុក នៅយប់ថ្ងៃទី៨ខែកក្កដា នៅក្នុងទីក្រុង KRAKOW នៅក្នុងប្រទេសប៉ូឡូញ។
ប្រាសាទសំបូរព្រៃគុក កសាងឡើងនៅក្នុងសតវត្សរ៍ទី៧ ក្នុងរជ្ជកាលស្តេច ឥសានវរ្ម័ន ក្នុងសម័យចេនឡា។ បច្ចុប្បន្ន តំបន់ប្រាសាទនេះ ក្លាយជារមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ ដែលស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ តំបន់ប្រាសាទសំបូរព្រៃគុក មានចំនួន២៩១ប្រាសាទ ដែលបែងចែងជាបីក្រុមសំខាន់ៗ គឺក្រុមប្រាសាទកណ្ដាល , ក្រុមប្រាសាទខាងត្បូង និងក្រុមប្រាសាទខាងជើង។ នេះបើតាមក្រសួងវប្បធម៌៕
Tag:
កឹម សុខា
សាទរប្រាសាទសំបូរព្រៃគុក
© រក្សាសិទ្ធិដោយ thmeythmey.com