ជាតិ
ក្រសួងទេសចរណ៍ជំរុញសក្តានុពលនៅតំបន់ទេសចរណ៍ឆ្នេរខេត្តកំពត
× លោក ថោង ខុន រដ្ឋ មន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍទេសចរណ៍ និង លោក ចាន់ ចេស្តារ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពត កាលពីសប្តាហ៍មុន បានរៀបចំកិច្ចពិភាក្សាលើគម្រោងអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរនៅខេត្តជាប់សមុទ្រមួយនេះ។
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការអភិវឌ្ឍទេសចរណ៍សមុទ្រដែលស្ថិតនៅខេត្តកំពត មានគោលបំណង ពិគ្រោះយោបល់ ប្រមូលធាតុចូលបន្ថែមទៀត អំពីសក្តានុពល និងការអភិវឌ្ឍទេសចរណ៍សមុទ្រដែល កំពុងមានសកម្មភាពយ៉ាងសកម្ម។ សិក្ខាសាលានោះមានការចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំទីក្រុងភ្នំពេញ មន្ត្រីមន្ទីរ ស្ថាប័នពាក់ព័ន្ធក្នុងខេត្តតំបន់ឆ្នេរ និងផ្នែកឯកជនដែលប្រកបរបរក្នុងវិស័យទេសចរណ៍ និស្សិត ការអង្គជាតិ និងអន្តរជាតិ សហគមន៍ទេសចរណ៍ក្នុងខេត្តកែប និងកំពត។ បើយោងតាមការផ្សាយផេគហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ ថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៧។
នៅក្នុងសិក្ខាសាលានោះ ក្រសួងទេសចរណ៍បានឲ្យដឹងថា ការរំលេចអំពីគម្រោងអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរជាច្រើន ពិសេសគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ (GMS TIIG No.3194-CAM)។ ក្រសួងបានបញ្ជាក់ដូច្នេះ គំនូសប្លង់នៃកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះគឺ ដើម្បីប្រមូលនូវធាតុចូលនៃគំនិត យោបល់ បន្ថែមទៀត មុននឹងស្នើសុំការសម្រេចពីរាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងទេសចរណ៍នេះបានបន្តទៀតថា នៅឆ្នាំ២០១៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្ដរជាតិចំនួន ៥.០១លាននាក់កើនឡើង៥ភាគរយ។ នេះបើធៀបនឹងឆ្នាំ២០១៥ ទេសចរក្នុងស្រុកប្រមាណ១០,៦៤លាននាក់កើនឡើងប្រមាណ១០ភាគរយ ដោយនាំមកនូវប្រាក់ចំណូលប្រមាណ៣,៤០០លានដុល្លារ។ ដោយរួមចំណែកប្រមាណ១៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណ៦០ម៉ឺននាក់ និងការងារដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត។
ក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលទេសចរអន្តរជាតិចំនួន២.៣លាននាក់ កើនឡើងជិត១៣ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៦។ ដោយឡែកតំបន់ឆ្នេរទទួលភ្ញៀវរាប់លាននាក់ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងមានសន្ទុះកើនឡើងជាលំដាប់។ ក្រសួងទេសចរណ៍រំពឹងថា នៅឆ្នាំ២០២០ កម្ពុជា នឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៧លាននាក់ ដោយនាំមកនូវចំណូលចូលជាតិប្រមាណ៥ពាន់លានដុល្លារ ហើយនឹងបង្កើតការងារដោយផ្ទាល់ប្រមាណ១លាននាក់៕
Tag:
ក្រសួងទេសចរណ៍
ខេត្តកំពត
គម្រោងអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរ
© រក្សាសិទ្ធិដោយ thmeythmey.com