ជាតិ
ក្រសួងទេសចរណ៍​ជំរុញ​សក្តានុពល​នៅ​តំបន់​ទេសចរណ៍​ឆ្នេរ​ខេត្តកំពត​
17, Jul 2017 , 9:19 pm        
រូបភាព
ដោយ:
​លោក ថោង ខុន រដ្ឋ មន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​អភិវឌ្ឍ​ទេសចរណ៍ និង លោក ចាន់ ចេស្តារ អភិបាល​ខេត្តកំពត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តកំពត កាលពី​សប្តាហ៍​មុន បានរៀបចំ​កិច្ចពិភាក្សា​លើ​គម្រោង​អភិវឌ្ឍ​ទេសចរណ៍​តំបន់ឆ្នេរ​នៅ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​។



​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី ការអភិវឌ្ឍ​ទេសចរណ៍​សមុទ្រ​ដែល​ស្ថិតនៅ​ខេត្តកំពត មាន​គោលបំណង ពិគ្រោះ​យោបល់ ប្រមូល​ធាតុ​ចូល​បន្ថែមទៀត អំពី​សក្តានុពល និង​ការអភិវឌ្ឍ​ទេសចរណ៍​សមុទ្រ​ដែល កំពុងមាន​សកម្មភាព​យ៉ាងសកម្ម​។ សិក្ខាសាលា​នោះ​មានការ​ចូលរួម​ពី​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​ទីក្រុង​ភ្នំពេញ មន្ត្រី​មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​តំបន់ឆ្នេរ និង​ផ្នែក​ឯកជន​ដែល​ប្រក​បរបរ​ក្នុង​វិស័យ​ទេសចរណ៍ និស្សិត ការ​អង្គ​ជាតិ និង​អន្តរជាតិ សហគមន៍​ទេសចរណ៍​ក្នុង​ខេត្ត​កែប និង​កំពត​។  បើ​យោងតាម​ការផ្សាយ​ផេ​គ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងទេសចរណ៍ ថ្ងៃទី​១៥ មិថុនា ឆ្នាំ​២០១៧​។​

​នៅក្នុង​សិក្ខាសាលា​នោះ  ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា ការ​រំលេច​អំពី​គម្រោង​អភិវឌ្ឍ​ទេសចរណ៍​តំបន់ឆ្នេរ​ជាច្រើន ពិសេស​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​សម្រាប់​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​ក្នុង​មហា​អនុតំបន់​មេគង្គ (GMS TIIG No.3194-CAM)​។ ក្រសួង​បានបញ្ជាក់​ដូច្នេះ គំនូស​ប្លង់​នៃ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​នេះ​គឺ ដើម្បី​ប្រមូល​នូវ​ធាតុ​ចូល​នៃ​គំនិត យោបល់ បន្ថែមទៀត មុននឹង​ស្នើសុំ​ការសម្រេច​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។​



​ក្រសួងទេសចរណ៍​នេះ​បាន​បន្តទៀតថា នៅ​ឆ្នាំ​២០១៦ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្ដរជាតិ​ចំនួន ៥.០១​លាន​នាក់​កើនឡើង​៥​ភាគរយ​។ នេះ​បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ទេសចរ​ក្នុងស្រុក​ប្រមាណ​១០,៦៤​លាន​នាក់​កើនឡើង​ប្រមាណ​១០​ភាគរយ ដោយ​នាំមក​នូវ​ប្រាក់ចំណូល​ប្រមាណ​៣,៤០០​លាន​ដុល្លារ​។ ដោយ​រួមចំណែក​ប្រមាណ​១៣​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​បង្កើត​ការងារ​ដោយផ្ទាល់​ប្រមាណ​៦០​ម៉ឺន​នាក់ និង​ការងារ​ដោយ​ប្រយោល​រាប់សិប​ម៉ឺន​នាក់​បន្ថែមទៀត​។

​ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៧​នេះ កម្ពុជា​ទទួល​ទេសចរ​អន្តរជាតិ​ចំនួន​២.៣​លាន​នាក់ កើនឡើង​ជិត​១៣​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៦​។ ដោយឡែក​តំបន់ឆ្នេរ​ទទួលភ្ញៀវ​រាប់លាន​នាក់​ទាំង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ និង​មាន​សន្ទុះ​កើន​ឡើងជា​លំដាប់​។ ក្រសួងទេសចរណ៍​រំពឹងថា នៅ​ឆ្នាំ​២០២០ កម្ពុជា នឹង​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិប្រមាណ​៧​លាន​នាក់ ដោយ​នាំមក​នូវ​ចំណូល​ចូលជាតិ​ប្រមាណ​៥​ពាន់​លាន​ដុល្លារ ហើយនឹង​បង្កើត​ការងារ​ដោយផ្ទាល់​ប្រមាណ​១​លាន​នាក់​៕


Tag:
 ក្រសួងទេសចរណ៍​
 ​ ខេត្តកំពត​
 ​ គម្រោង​អភិវឌ្ឍ​ទេសចរណ៍​តំបន់ឆ្នេរ​
© រក្សាសិទ្ធិដោយ thmeythmey.com