អន្តរជាតិ
ចិន​ថា ខ្លួន​គ្មាន​មហិច្ឆតា​គ្រប់គ្រង​ពិភពលោក ដោយ​បើក​មូលដ្ឋាន​យោធា​ដំបូង​នៅ​ជី​ប៊ូ​ទី​ឡើយ
17, Jul 2017 , 5:02 pm         1447
រូបភាព
​សប្តាហ៍​មុន មហា​យក្ស​ចិន​បើក​ដំណើរការ​មូលដ្ឋាន​យោធា​ទីមួយ​របស់ខ្លួន​ជា​ផ្លូវការ​នៅ​ប្រទេស​ជី​ប៊ូ​ទី​។ គេ​មើលឃើញថា ចិន​កំពុង​ស្វះស្វែង​ពង្រីក​ឥទ្ធិពល​និង​អំណាច​យោធា​របស់ខ្លួន​ដោយ​ចាប់ផ្តើម​មូលដ្ឋាន​យោធា​នៅក្រៅ​ប្រទេស​នេះ ប៉ុន្តែ​ចិន​បាន​បដិសេធ​ដាច់អហង្ការ​ថា ខ្លួន​គ្មាន​បំណង​បែបនេះ​ទេ​។ មូលដ្ឋានទ័ព​នៅ​ជី​ប៊ូ​ទី​នឹង​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​សមុទ្រ​និង ប្រឆាំង​ចោរ​សមុទ្រ​ផង​។​


 ដើម​សប្តាហ៍​មុន នាវាចម្បាំង​ពីរ​គ្រឿង​របស់​ចិន​បាន​ចាក​ចេញពី​ខេត្ត Guangdong ដើម្បី​ឆ្ពោះទៅកាន់​មូលដ្ឋានទ័ព​ទីមួយ​របស់ខ្លួន​ដែល​ទើប​សាងសង់​រួចរាល់​នៅ​រដ្ឋ​អាហ្វ្រិក​ជី​ប៊ូ​ទី​។ នាវាចម្បាំង​ទាំងពីរ​មាន​ដឹក​កងទ័ព​មួយចំនួន​ផងដែរ ប៉ុន្តែ​ការបើក​មូលដ្ឋានទ័ព​នេះ​ធ្វើ​ឲ្យ​ប្រទេសជិតខាង​ចិន​យល់ថា​ចិន​កំពុង​ស្វះស្វែង​ពង្រឹង​អំណាច​របស់ខ្លួន​នៅ​បរទេស​ហើយ​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន​ស៊ិន​ហួរ បាន​ផ្សាយ​ថា ការផ្តើម​ដំណើរការ​មូលដ្ឋានទ័ព​បរទេស​ដំបូង​បំផុត​របស់​ចិន​នៅ​អាហ្វ្រិក​នេះ​មិនមាន​អ្វីដែល​គួរ​ឲ្យ​បារម្ភ​ឡើយ​។ គេ​បាន​អះអាងថា​ការបើក​មូលដ្ឋានទ័ព​ថ្មី​នៅ​ជី​ប៊ូ​ទី នេះ​មិនមែន​មានន័យថា​ចិន​ត្រៀម​គ្រប់គ្រង​ពិភពលោក​ឡើយ ប៉ុន្តែ​វា​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ក្នុង​ការបំពេញ​កាតព្វកិច្ច​អន្តរជាតិ​ទៅវិញ​ទេ​។​

«​ជី​ប៊ូ​ទី​គ្មាន​អ្វីដែល​ពាក់ព័ន្ធ​ការប្រណាំង​ប្រជែង​យោធា ឬ​ការពង្រីក​អំណាច​យោធា​ឡើយ ហើយ​ចិន​ក៏​គ្មាន​ចេតនា​អ្វី​ចង់​ផ្លាស់ប្តូរ​ទីតាំង​ផ្គត់ផ្គង់​ភ័​ស្ត​ភារ​ទៅជា​ទីតាំង​បម្រើ​គោលដៅ​យោធា​ឡើយ​។ គោលដៅ​សំខាន់​របស់​ចិន​គឺ​ពង្រឹងសមត្ថភាព​យោធា​ដើម្បី​ការពារ​សន្តិសុខ​ផ្ទាល់ខ្លួន មិនមែនជា​ការពង្រីក​អនុត្តរភាព​យោធា និង​ធ្វើជា​អ្នកគ្រប់គ្រង​ពិភពលោក​ឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ​។​

​ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Geng Shuang បាន​អះអាងថា ការ​ដំណើរការ​មូលដ្ឋានទ័ព​ចិន​នៅ​ជី​ប៊ូ​ទី​នឹង​ជួយ​ឲ្យ​រដ្ឋ​អាហ្វ្រិក​នេះ​មានលទ្ធភាព​អភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច​បាន​រហ័ស ហើយ​វា​ក៏​ជួយ​ឲ្យ​ចិន​ចូលរួមចំណែក​បាន​កាន់​តែ​ច្រើន​ក្នុង​ការរក្សាសន្តិសុខ សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់​អាហ្វ្រិក​ផងដែរ​។ អ្នកនាំពាក្យ​ខាងលើ​ក៏បាន​បញ្ជាក់បន្ថែម​ផងដែរ​ថា ចិន​នៅតែ​រក្សា​គោលនយោបាយ​ការពារជាតិ​ដែល​ខ្លួន​មាន និង​មិន​មានបំណង​ពង្រីក​អំណាច​ឬ​ឥទ្ធិពល​ដើម្បី​គ្រប់គ្រង​ពិភពលោក​ឡើយ​។​

​តាមពិតទៅ ចិន​ទទួលបាន​សិទ្ធិ​ប្រើប្រាស់​ទឹកដី​រដ្ឋ​អាហ្វ្រិក​នេះ​ជា​មូលដ្ឋាន​ទ័ពជើងទឹក​ដំបូង​របស់ខ្លួន ក្នុងពេលដែល​លោក ស៊ី ជិន​ភីង ទៅ​ទស្សនកិច្ច​នៅ​អាហ្វ្រិក​កាលពី​ចុងឆ្នាំ ២០១៥ ។  មូលដ្ឋាន​យោធា​ចិន​នេះ​មាន​ទីតាំង​ស្ថិតនៅ​តំបន់​យុទ្ធសាស្ត្រ ដែល​ស្ថិតនៅ​ចំណុចប្រសព្វ​គ្នា​នៃ​សមុទ្រ​ក្រហម និង​ឈូង​សមុទ្រ Aden ហើយ​វា​នៅ​មិន​ឆ្ងាយ​ពី​ផ្លូវទឹក​ដែល​មមា​រញឹក​បំផុត​សម្រាប់​ចរាចរណ៍​ពាណិជ្ជកម្ម​ផងដែរ​។ តាំងពី​យូរ​មកហើយ​កងទ័ព​ចិន​ធ្វើ​សកម្មភាព​ល្បាត​ប្រឆាំង​ក្រុមចោរ​សមុទ្រ​ជា​ញឹកញាប់​នៅក្បែរ​តំបន់​ខាងលើ​ដើម្បី​ការពារ​នាវា​ទំនិញ​របស់ខ្លួន​ផង​ដោយសារ​នាវា​ដឹកទំនិញ​ចិន​ឆ្លងកាត់​ញឹកញាប់​។​

​ដូច្នេះហើយ  ពេល​មូលដ្ឋានទ័ព​នេះ​ចាប់ផ្តើម​ដំណើរការ កងទ័ពជើងទឹក​ចិន​មាន​ភារកិច្ច​ឈរជើង​ដើម្បី​អន្តរាគមន៍​បើ​ចាំបាច់ ហើយ​នាវាចម្បាំង​ចិន​អាច​ចូល​សំចត និង​ជួសជុល​ជាដើម​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ ចិន​នឹង​ប្រើប្រាស់​មូលដ្ឋាន​យោធា​នេះ​ដើម្បី​ផ្គត់ផ្គង់​ភ័​ស្ត​ភារ​ដល់​កងទ័ព​របស់​ខ្លួន​នៅក្រៅ​ប្រទេស​ផងដែរ​។​

​ទោះបីជា​ចិន​ព្យាយាម​និយាយ​ការពារ​ថា​ខ្លួន​គ្មាន​មហិច្ឆតា​ពង្រីក​អំណាច​យោធា​របស់ខ្លួន​ក៏ដោយ  រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ មហា​យក្ស​ចិន​ព្យាយាម​ពង្រឹងសមត្ថភាព​យោធា​ជាពិសេស​កងទ័ពជើងទឹក​តាមរយៈ​ការផលិត​សព្វាវុធ​ច្រើន​ថ្មី​បន្ថែម​ដែរ​។  ក្នុងនោះ​ចិន​បាន​ចំណាយលុយ​ទិញ​នាវា​ដឹក​យន្តហោះ​ចម្បាំង​និង​ផលិត​ក្នុង​ស្រុង​ផង​ដើម្បី​បំពេញតម្រូវការ និង​បង្ហាញ​គេឯង​ឲ្យ​ឃើញ​ពី​អំណាច​របស់ខ្លួន​ថែមទៀត​។​

​ហើយ​ការចាប់ផ្តើម​ដំណើការ​មូលដ្ឋាន​ទ័ពជើងទឹក​នៅ​បរទេស​លើកដំបូង​នេះ កើតឡើង​ប្រហែល​មួយ​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយ​ពេលដែល​នាវា​ដឹក​យន្តហោះ​ចម្បាំង​ទីមួយ​របស់ខ្លួន Liaoning ធ្វើដំណើរ​ឆ្លងកាត់​ជ្រោយ​តៃវ៉ាន់​ដើម្បី​ទៅកាន់​ទឹកដី​ហុងកុង​។ អ្នកវិភាគ​មើលឃើញថា វា​ជាការ​បង្អួត​សាច់ដុំ​យោធា​មួយ​ដែល​ផ្ញើ​សារ​ទៅកាន់​តៃវ៉ាន់​ផង និង​ទៅកាន់​ប្រទេស​នានា​ដែល​ជាប់​ជម្លោះ​ជាមួយ​ចិន​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ 

Tag:
 ជី​ប៊ូ​ទី​
 ​ ចិន​
  Guangdong
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next