អន្តរជាតិ
ចិនថា ខ្លួនគ្មានមហិច្ឆតាគ្រប់គ្រងពិភពលោក ដោយបើកមូលដ្ឋានយោធាដំបូងនៅជីប៊ូទីឡើយ
× សប្តាហ៍មុន មហាយក្សចិនបើកដំណើរការមូលដ្ឋានយោធាទីមួយរបស់ខ្លួនជាផ្លូវការនៅប្រទេសជីប៊ូទី។ គេមើលឃើញថា ចិនកំពុងស្វះស្វែងពង្រីកឥទ្ធិពលនិងអំណាចយោធារបស់ខ្លួនដោយចាប់ផ្តើមមូលដ្ឋានយោធានៅក្រៅប្រទេសនេះ ប៉ុន្តែចិនបានបដិសេធដាច់អហង្ការថា ខ្លួនគ្មានបំណងបែបនេះទេ។ មូលដ្ឋានទ័ពនៅជីប៊ូទីនឹងជួយសម្រួលដល់ការដឹកជញ្ជូនសមុទ្រនិង ប្រឆាំងចោរសមុទ្រផង។
ដើមសប្តាហ៍មុន នាវាចម្បាំងពីរគ្រឿងរបស់ចិនបានចាកចេញពីខេត្ត Guangdong ដើម្បីឆ្ពោះទៅកាន់មូលដ្ឋានទ័ពទីមួយរបស់ខ្លួនដែលទើបសាងសង់រួចរាល់នៅរដ្ឋអាហ្វ្រិកជីប៊ូទី។ នាវាចម្បាំងទាំងពីរមានដឹកកងទ័ពមួយចំនួនផងដែរ ប៉ុន្តែការបើកមូលដ្ឋានទ័ពនេះធ្វើឲ្យប្រទេសជិតខាងចិនយល់ថាចិនកំពុងស្វះស្វែងពង្រឹងអំណាចរបស់ខ្លួននៅបរទេសហើយ។
ទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ិនហួរ បានផ្សាយថា ការផ្តើមដំណើរការមូលដ្ឋានទ័ពបរទេសដំបូងបំផុតរបស់ចិននៅអាហ្វ្រិកនេះមិនមានអ្វីដែលគួរឲ្យបារម្ភឡើយ។ គេបានអះអាងថាការបើកមូលដ្ឋានទ័ពថ្មីនៅជីប៊ូទី នេះមិនមែនមានន័យថាចិនត្រៀមគ្រប់គ្រងពិភពលោកឡើយ ប៉ុន្តែវាបង្ហាញពីការយកចិត្តទុកដាក់ក្នុងការបំពេញកាតព្វកិច្ចអន្តរជាតិទៅវិញទេ។
«ជីប៊ូទីគ្មានអ្វីដែលពាក់ព័ន្ធការប្រណាំងប្រជែងយោធា ឬការពង្រីកអំណាចយោធាឡើយ ហើយចិនក៏គ្មានចេតនាអ្វីចង់ផ្លាស់ប្តូរទីតាំងផ្គត់ផ្គង់ភ័ស្តភារទៅជាទីតាំងបម្រើគោលដៅយោធាឡើយ។ គោលដៅសំខាន់របស់ចិនគឺពង្រឹងសមត្ថភាពយោធាដើម្បីការពារសន្តិសុខផ្ទាល់ខ្លួន មិនមែនជាការពង្រីកអនុត្តរភាពយោធា និងធ្វើជាអ្នកគ្រប់គ្រងពិភពលោកឡើយ»។ នេះជាការបញ្ជាក់របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសចិន Geng Shuang បានអះអាងថា ការដំណើរការមូលដ្ឋានទ័ពចិននៅជីប៊ូទីនឹងជួយឲ្យរដ្ឋអាហ្វ្រិកនេះមានលទ្ធភាពអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចបានរហ័ស ហើយវាក៏ជួយឲ្យចិនចូលរួមចំណែកបានកាន់តែច្រើនក្នុងការរក្សាសន្តិសុខ សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់អាហ្វ្រិកផងដែរ។ អ្នកនាំពាក្យខាងលើក៏បានបញ្ជាក់បន្ថែមផងដែរថា ចិននៅតែរក្សាគោលនយោបាយការពារជាតិដែលខ្លួនមាន និងមិនមានបំណងពង្រីកអំណាចឬឥទ្ធិពលដើម្បីគ្រប់គ្រងពិភពលោកឡើយ។
តាមពិតទៅ ចិនទទួលបានសិទ្ធិប្រើប្រាស់ទឹកដីរដ្ឋអាហ្វ្រិកនេះជាមូលដ្ឋានទ័ពជើងទឹកដំបូងរបស់ខ្លួន ក្នុងពេលដែលលោក ស៊ី ជិនភីង ទៅទស្សនកិច្ចនៅអាហ្វ្រិកកាលពីចុងឆ្នាំ ២០១៥ ។ មូលដ្ឋានយោធាចិននេះមានទីតាំងស្ថិតនៅតំបន់យុទ្ធសាស្ត្រ ដែលស្ថិតនៅចំណុចប្រសព្វគ្នានៃសមុទ្រក្រហម និងឈូងសមុទ្រ Aden ហើយវានៅមិនឆ្ងាយពីផ្លូវទឹកដែលមមារញឹកបំផុតសម្រាប់ចរាចរណ៍ពាណិជ្ជកម្មផងដែរ។ តាំងពីយូរមកហើយកងទ័ពចិនធ្វើសកម្មភាពល្បាតប្រឆាំងក្រុមចោរសមុទ្រជាញឹកញាប់នៅក្បែរតំបន់ខាងលើដើម្បីការពារនាវាទំនិញរបស់ខ្លួនផងដោយសារនាវាដឹកទំនិញចិនឆ្លងកាត់ញឹកញាប់។
ដូច្នេះហើយ ពេលមូលដ្ឋានទ័ពនេះចាប់ផ្តើមដំណើរការ កងទ័ពជើងទឹកចិនមានភារកិច្ចឈរជើងដើម្បីអន្តរាគមន៍បើចាំបាច់ ហើយនាវាចម្បាំងចិនអាចចូលសំចត និងជួសជុលជាដើម។មិនត្រឹមតែប៉ុណ្ណោះ ចិននឹងប្រើប្រាស់មូលដ្ឋានយោធានេះដើម្បីផ្គត់ផ្គង់ភ័ស្តភារដល់កងទ័ពរបស់ខ្លួននៅក្រៅប្រទេសផងដែរ។
ទោះបីជាចិនព្យាយាមនិយាយការពារថាខ្លួនគ្មានមហិច្ឆតាពង្រីកអំណាចយោធារបស់ខ្លួនក៏ដោយ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ មហាយក្សចិនព្យាយាមពង្រឹងសមត្ថភាពយោធាជាពិសេសកងទ័ពជើងទឹកតាមរយៈការផលិតសព្វាវុធច្រើនថ្មីបន្ថែមដែរ។ ក្នុងនោះចិនបានចំណាយលុយទិញនាវាដឹកយន្តហោះចម្បាំងនិងផលិតក្នុងស្រុងផងដើម្បីបំពេញតម្រូវការ និងបង្ហាញគេឯងឲ្យឃើញពីអំណាចរបស់ខ្លួនថែមទៀត។
ហើយការចាប់ផ្តើមដំណើការមូលដ្ឋានទ័ពជើងទឹកនៅបរទេសលើកដំបូងនេះ កើតឡើងប្រហែលមួយសប្តាហ៍ប៉ុណ្ណោះក្រោយពេលដែលនាវាដឹកយន្តហោះចម្បាំងទីមួយរបស់ខ្លួន Liaoning ធ្វើដំណើរឆ្លងកាត់ជ្រោយតៃវ៉ាន់ដើម្បីទៅកាន់ទឹកដីហុងកុង។ អ្នកវិភាគមើលឃើញថា វាជាការបង្អួតសាច់ដុំយោធាមួយដែលផ្ញើសារទៅកាន់តៃវ៉ាន់ផង និងទៅកាន់ប្រទេសនានាដែលជាប់ជម្លោះជាមួយចិនក្នុងតំបន់សមុទ្រចិនខាងត្បូងផងដែរ។
Tag:
ជីប៊ូទី
ចិន
Guangdong
© រក្សាសិទ្ធិដោយ thmeythmey.com