អន្តរជាតិ
ឌូ​ទើ​តេ ស្ដី​ឲ្យ​មន្ត្រីជាន់ខ្ពស់​ម្នា​ក់ថា កុំ​ចង់​រិះគន់​លោក​ដូច អូ​បា​ម៉ា
17, Jul 2017 , 9:39 pm        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​និយាយ​វាយប្រហារ​មន្ត្រីជាន់ខ្ពស់​ម្នាក់​មាន​តួនាទី​ជា​ប្រធាន​អង្គភាព​ស៊ើបអង្កេត ដែល​បាន​រិះគន់​លោក​ជុំវិញ​ការប្រើប្រាស់​ពាក្យសម្ដី​មិន​សមរម្យ និង​គំរាម​សម្លាប់​ឧក្រិដ្ឋជន​។ លោក ឌូ​ទើ​តេ បាន​ហៅ​ការរិះគន់​របស់លោក​ស្រី Conchita Carpio Morales ប្រធាន​ស្ថាប័ន​ស៊ើបអង្កេត ជា​ទង្វើ​ដូច​អតីត​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​បាន​រិះគន់​លោក​ដូចគ្នា​ជុំវិញ​ការសម្លាប់​មនុស្ស​យ៉ាងច្រើន​។​



​ការប្រើប្រាស់​សម្ដី​គំរាម​សម្លាប់ និង​ការអនុវត្ត​ចំណាត់ការ​ខ្លាំង​ក្នុងការ​បោសសម្អាត​ឧក្រិដ្ឋជន ធ្វើ​ឲ្យ​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ រង​ការរិះគន់​ខ្លាំង​មិន​ថា​ក្នុងស្រុក ឬ​ក្រៅ​ស្រុក​ឡើយ​។ នៅ​ថ្ងៃទី​១៧ ខែកក្កដា លោក ឌូ​ទើ​តេ បាន​ព្រលះ​ប្រធាន​អង្គភាព​ស៊ើបអង្កេត​រដ្ឋ លោកស្រី Conchita Carpio Morales ដែល​បង្ហាញ​ការមិន​ពេញចិត្ត​របស់ខ្លួន​ចំពោះ​ការប្រើប្រាស់​ពាក្យសម្ដី​គំរាម​សម្លាប់​ឧក្រិដ្ឋជន​របស់លោក​។​

​ក្នុង​កិច្ច​សម្ភាស​ថ្មីៗ​នេះ​ជាមួយ​សារព័ត៌មាន​ជប៉ុន លោកស្រី Conchita Carpio Morales ចាត់ទុក​ពាក្យ​គំរាម​របស់លោក ឌូ​ទើ​តេ ជា​រឿង​មិនអាច​ទទួល​បានឡើយ ហើយ​វា​ប្រៀបបាន​នឹង​ការយក​ជ​ន្លូ​ញ​យកទៅដាក់​អ្នកការពារ​របស់​ឧក្រិដ្ឋ​ដូច្នោះ​ដែរ​។ លោក ឌូ​ទើ​តេ បាន​ហៅ​ការអធិប្បាយ​របស់លោក​ស្រី Carpio ជាការ​បន្ទោស​លោក​ជា​សាធារណៈ និង​បានចាត់ទុក​លោកស្រី Carpio ជា​អ្នកការពារ​ឧក្រិដ្ឋជន​ទៀតផង​។​

​ចំពោះមុខ​មន្ត្រី​ជាច្រើនរូប​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ថ្មី ប្រធានាធិបតី​ហ្វីលីពីន​មាត់​អត់​គម្រប​រូបនេះ ក៏បាន​ប្រាប់​ឲ្យ​លោកស្រី Carpio បិទមាត់ និង​ត្រូវ​ឈប់​ធ្វើខ្លួន​ជា​ព្រះ​ទៀត​ទៅ​។ លោក ឌូ​ទើ​តេ ចាត់ទុក​ពាក្យរិះគន់​របស់លោក​ស្រី​ថា​ជា​សម្ដី​របស់​អ្នកនាំពាក្យ​ក្រុម​ឧក្រិដ្ឋជន​ទៀតផង​។ បើតាម​សារព័ត៌មាន Rappler លោក ក៏បាន​ប្រាប់​ឲ្យ​ប្រធាន​ស្ថាប័ន​ស៊ើបអង្កេត​រូបនេះ​រក​ច្បាប់​ដែល​បង្ហាញថា ពាក្យ​គំរាម​របស់លោក គឺជា​រឿង​ខុសច្បាប់ ហើយ​បើ​រកឃើញ លោក​ចុះចេញ​ភ្លាម​។​

​លើសពីនោះ លោក ឌូ​ទើ​តេ ក៏បាន​ប្រដូច​លោកស្រី Carpio ទៅនឹង​អតីត​ប្រធានាធិបតី​អាមេរិក​ទី​៤៤ បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​បាន​រិះគន់​លោក​មិនធម្មតា​ដែរ​ជុំវិញ​ការសម្លាប់​មនុស្ស​ក្នុង​សង្គ្រាម​គ្រឿងញៀន​។ ជាមួយ​ការមិន​ពេញចិត្ត​នឹង​សម្ដី​រិះគន់ លោក​បន្ថែមថា លោក​កំពុង​ជួប​បញ្ហាលំបាក​ក្នុងការ​ដោះស្រាយ​បញ្ហា​ក្នុងស្រុក តែ​លោកស្រី Carpio បែរជា​ធ្វើ​ដូច​លោក អូ​បា​ម៉ា ដោយ​រិះគន់​លោក​រឿង​សម្លាប់​ឧក្រិដ្ឋជន​ទៅវិញ​។

​តាមពិតទៅ លោកស្រី Carpio គឺជា​មន្ត្រីជាន់ខ្ពស់​ម្នាក់​ក្នុងចំណោម​មនុស្ស​ជាច្រើន​ដែល​រិះគន់​លោក ឌូ​ទើ​តេ ជុំវិញ​ការសម្លាប់​មនុស្ស​រាប់ពាន់​នៅ​ហ្វីលីពីន​។ សមាជិក​ព្រឹទ្ធសភា Leila de Lima ប្រធាន​តុលាការ​កំពូល​ហ្វីលីពីន Maria Lourdes Sereno អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន គី​មូ​ន លោក បា​រ៉ា​ក់ អូ​បា​ម៉ា អតីត​ប្រធានាធិបតី​កូ​ឡុំ​ប៊ី Cesar Gaviria និង​មន្ត្រី​អឺរ៉ុប សុទ្ធ​ធ្លាប់​រិះគន់​លោក ឌូ​ទើ​តេ ប៉ុន្តែ​លោក​មិន​ខ្វល់ខ្វាយ​អ្វី​ឡើយ​៕


Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  បា​រ៉ា​ក់ អូ​បា​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com