ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
ពេលណា​អ្នកបើកបរ​ត្រូវ​ប្រើ ភ្លើង​ហ្វា ភ្លើង​កូត ភ្លើង​ទីតាំង និង​ភ្លើង​សញ្ញា​ផ្សេងទៀត​?
17, Jul 2017 , 6:59 pm         2826
រូបភាព
​ភ្លើង​ហ្វា ប្រើ​នៅពេល​យប់ នៅលើ​ទ្រូងផ្លូវ​ដែល​គ្មាន​អគ្គិសនី​បំភ្លឺ​។ នេះ​បើតាម​មាត្រា​២៧ នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០១៥ ដែល​បន្តទៀត​ជាទូទៅ ភ្លើង​ហ្វា ប្រើ​ដើម្បី​មើលទៅ​មុខ​ឲ្យ​បាន​ឆ្ងាយ តែ​ត្រូវ​ប្រុងប្រយ័ត្ន កុំ​ឲ្យ​រំខាន​ដល់​អ្នកធ្វើ​ចរាចរណ៍​ទិស​ផ្ទុយគ្នា​។ ហាម​ប្រើ​បើកភ្លើង​ហ្វា នៅក្នុង​ទីក្រុង ឬ​ទីប្រជុំជន ដែលមាន​ភ្លើងអគ្គិសនី​គ្រប់គ្រាន់ លើកលែងតែ​ការធ្វើ​សញ្ញា​សុំ​ជែង ឬ​សុំ​បើកផ្លូវ ដោយ​ប្រើ​ឆ្លាស់គ្នា​ជាមួយ​ភ្លើង​កូត​។


-​ភ្លើង​កូត​៖ ត្រូវ​ប្រើ​នៅពេល​យប់ នៅក្នុង​ទីប្រជុំជន និង​ក្រៅ​ទីប្រជុំជន ដែលមាន​ភ្លើងអគ្គិសនី​បំភ្លឺ​តាមផ្លូវ​។ ភ្លើង​កូត​នេះ ក៏ត្រូវ​ប្រើ​ដែរ នៅក្រៅ​ទីប្រជុំជន​ដែល​គ្មាន​ភ្លើងអគ្គិសនី​តាមផ្លូវ នៅពេល​រៀបនឹង​ចៀស​យាន​មួយ​ផ្សេងទៀត និង​ពេល​បើកបរ​ពីក្រោយ​យានជំនិះ​មួយទៀត​។ ការប្រើ​ភ្លើង​កូត​នៅពេល​ថ្ងៃ ក្នុងករណី​ភ្លៀង​ខ្លាំង ឬ​ចុះ​អ័ព្ទ ឬ​ឆ្លងកាត់​ផ្លូវ​រូង​។ ភ្លើង​កូត​អាច​ប្រើប្រាស់​ឆ្លាស់គ្នា​នឹង​ភ្លើង​ហ្វា ធ្វើ​ឲ្យ​មាន​ពន្លឺ​ភ្លឹបភ្លែតៗ ជា​សញ្ញា​ជំនួស​ស៊ី​ផ្លេ នៅពេល​យប់​។​

-​ភ្លើង​ទីតាំង​៖ នៅពេល​យប់​ក្នុង​ទីប្រជុំជន យានជំនិះ​ទាំងឡាយ​ដែល​កំពុង​បើកបរ យ៉ាងហោចណាស់ ក៏ត្រូវ​មាន​ភ្លើង​ទីតាំង​ដែរ​។ អ្នកបើកបរ​មិនចាំបាច់​ប្រើ​ភ្លើង​កូត​ទេ ប្រសិនបើ​ទ្រូងផ្លូវ​មាន​ពន្លឺ​គ្រប់គ្រាន់ មានន័យថា​ភ្លើង​ទីតាំង​នេះ ប្រើ​សម្រាប់​វត្ដ​មាន​យាន និង​ទំហំ​អ្នកប្រើប្រាស់​ផ្លូវ ដែល​មើល​ពីមុខ​។​
-​ភ្លើង​ផ្សេងៗ នៅពេល​យប់ ឬ​នៅពេល​ថ្ងៃ ដែលមាន​អាកាសធាតុ​មិនល្អ មិនអាច​មើលមុខ​ច្បាស់ អ្នកបើកបរ​ត្រូវ​ប្រើ​ភ្លើង​ក្រហម សម្រាប់​វត្ដ​មាននៃ​យានជំនិះ និង​ទំហំ​ទទឹង​យាន ដល់​អ្នកប្រើប្រាស់​ផ្លូវ​ដែល​មើល​ពីក្រោយ​។
​ភ្លើង​បំភ្លឺ​ផ្លាកលេខ​៖ សម្រាប់​ឲ្យ​គេ​មើលឃើញ​ច្បាស់​លេខ​សម្គាល់​យានជំនិះ​។​
​ភ្លើង​ទទឹង​យាន​៖ បង្ហាញ​ទំហំ​យាន ឬ​បន្ទុក​ច្រងេងច្រងាង​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ផ្សេង​។​
​ភ្លើង​សញ្ញា​ប្តូរ​ទិស​៖ សម្រាប់​ប្រាប់​ដំណឹង​អ្នកប្រើប្រាស់​ផ្លូវ​ផ្សេងទៀត នៅពេល​ប្តូរ​ទិស​ទៅ​ឆ្វេង ឬ​ទៅ​ស្ដាំ​។​
​ភ្លើង​សញ្ញា​ថយក្រោយ​៖ សម្រាប់​ប្រាប់​ដំណឹង​ដល់​អ្នកប្រើប្រាស់​ផ្លូវ​នៅ​ខាងក្រោយ​យាន នៅពេល​ធ្វើ​ចលនា​ថយក្រោយ​។​
​ភ្លើងស្តុប​៖ សម្រាប់​ប្រាប់​ដំណឹង​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ខាងក្រោយ នៅពេល​ជាន់​ហ្វ្រាំង​ដើម្បី​បន្ថយល្បឿន ឬ​បញ្ឈប់​យាន​។
​ភ្លើង​សញ្ញា​អាសន្ន​៖ សម្រាប់​ប្រាប់​ដំណឹង​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ផ្សេងទៀត ពី​គ្រោះថ្នាក់​ដែល​អាច​កើតមានឡើង ដូចជា​ពេល​អ្នកបើកបរ​បើកបរ​ក្នុង​ល្បឿន​យឺត ដោយសារ​អូស​សណ្ដោង​រថយន្ដ​ខូច ឬ​ផ្ទុក​វត្ថុ​ច្រងេងច្រងាង​។  ភ្លើង​សញ្ញា​អាសន្ន​នេះ ក៏​ប្រើ​ដែរ​នៅពេល​ឈប់ ឬ​ចត​លើ​ទ្រូង ផ្លូវ​ក្រៅ​ទីប្រជុំជន ដោយ​មូលហេតុ​យាន​ខូច ឬ​ជាប់ទាក់ទង​នឹង​គ្រោះថ្នាក់ ឬ​ធ្លាក់​ទំនិញ​មិនអាច​លើក​វិញ​បាន​ភ្លាមៗ​៕

Tag:
 ច្បាប់​ចរាចរណ៍​
 ​ យានយន្ដ​
 ​ ភ្លើង​ហ្វា​
  ​ភ្លើង​កូត​
 ​ ភ្លើង​ទីតាំង​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next