ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
ពេលណាអ្នកបើកបរត្រូវប្រើ ភ្លើងហ្វា ភ្លើងកូត ភ្លើងទីតាំង និងភ្លើងសញ្ញាផ្សេងទៀត?
× ភ្លើងហ្វា ប្រើនៅពេលយប់ នៅលើទ្រូងផ្លូវដែលគ្មានអគ្គិសនីបំភ្លឺ។ នេះបើតាមមាត្រា២៧ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០១៥ ដែលបន្តទៀតជាទូទៅ ភ្លើងហ្វា ប្រើដើម្បីមើលទៅមុខឲ្យបានឆ្ងាយ តែត្រូវប្រុងប្រយ័ត្ន កុំឲ្យរំខានដល់អ្នកធ្វើចរាចរណ៍ទិសផ្ទុយគ្នា។ ហាមប្រើបើកភ្លើងហ្វា នៅក្នុងទីក្រុង ឬទីប្រជុំជន ដែលមានភ្លើងអគ្គិសនីគ្រប់គ្រាន់ លើកលែងតែការធ្វើសញ្ញាសុំជែង ឬសុំបើកផ្លូវ ដោយប្រើឆ្លាស់គ្នាជាមួយភ្លើងកូត។
-ភ្លើងកូត៖ ត្រូវប្រើនៅពេលយប់ នៅក្នុងទីប្រជុំជន និងក្រៅទីប្រជុំជន ដែលមានភ្លើងអគ្គិសនីបំភ្លឺតាមផ្លូវ។ ភ្លើងកូតនេះ ក៏ត្រូវប្រើដែរ នៅក្រៅទីប្រជុំជនដែលគ្មានភ្លើងអគ្គិសនីតាមផ្លូវ នៅពេលរៀបនឹងចៀសយានមួយផ្សេងទៀត និងពេលបើកបរពីក្រោយយានជំនិះមួយទៀត។ ការប្រើភ្លើងកូតនៅពេលថ្ងៃ ក្នុងករណីភ្លៀងខ្លាំង ឬចុះអ័ព្ទ ឬឆ្លងកាត់ផ្លូវរូង។ ភ្លើងកូតអាចប្រើប្រាស់ឆ្លាស់គ្នានឹងភ្លើងហ្វា ធ្វើឲ្យមានពន្លឺភ្លឹបភ្លែតៗ ជាសញ្ញាជំនួសស៊ីផ្លេ នៅពេលយប់។
-ភ្លើងទីតាំង៖ នៅពេលយប់ក្នុងទីប្រជុំជន យានជំនិះទាំងឡាយដែលកំពុងបើកបរ យ៉ាងហោចណាស់ ក៏ត្រូវមានភ្លើងទីតាំងដែរ។ អ្នកបើកបរមិនចាំបាច់ប្រើភ្លើងកូតទេ ប្រសិនបើទ្រូងផ្លូវមានពន្លឺគ្រប់គ្រាន់ មានន័យថាភ្លើងទីតាំងនេះ ប្រើសម្រាប់វត្ដមានយាន និងទំហំអ្នកប្រើប្រាស់ផ្លូវ ដែលមើលពីមុខ។
-ភ្លើងផ្សេងៗ នៅពេលយប់ ឬនៅពេលថ្ងៃ ដែលមានអាកាសធាតុមិនល្អ មិនអាចមើលមុខច្បាស់ អ្នកបើកបរត្រូវប្រើភ្លើងក្រហម សម្រាប់វត្ដមាននៃយានជំនិះ និងទំហំទទឹងយាន ដល់អ្នកប្រើប្រាស់ផ្លូវដែលមើលពីក្រោយ។
ភ្លើងបំភ្លឺផ្លាកលេខ៖ សម្រាប់ឲ្យគេមើលឃើញច្បាស់លេខសម្គាល់យានជំនិះ។
ភ្លើងទទឹងយាន៖ បង្ហាញទំហំយាន ឬបន្ទុកច្រងេងច្រងាងដល់អ្នកប្រើប្រាស់ផ្លូវផ្សេង។
ភ្លើងសញ្ញាប្តូរទិស៖ សម្រាប់ប្រាប់ដំណឹងអ្នកប្រើប្រាស់ផ្លូវផ្សេងទៀត នៅពេលប្តូរទិសទៅឆ្វេង ឬទៅស្ដាំ។
ភ្លើងសញ្ញាថយក្រោយ៖ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវនៅខាងក្រោយយាន នៅពេលធ្វើចលនាថយក្រោយ។
ភ្លើងស្តុប៖ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវខាងក្រោយ នៅពេលជាន់ហ្វ្រាំងដើម្បីបន្ថយល្បឿន ឬបញ្ឈប់យាន។
ភ្លើងសញ្ញាអាសន្ន៖ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ពីគ្រោះថ្នាក់ដែលអាចកើតមានឡើង ដូចជាពេលអ្នកបើកបរបើកបរក្នុងល្បឿនយឺត ដោយសារអូសសណ្ដោងរថយន្ដខូច ឬផ្ទុកវត្ថុច្រងេងច្រងាង។ ភ្លើងសញ្ញាអាសន្ននេះ ក៏ប្រើដែរនៅពេលឈប់ ឬចតលើទ្រូង ផ្លូវក្រៅទីប្រជុំជន ដោយមូលហេតុយានខូច ឬជាប់ទាក់ទងនឹងគ្រោះថ្នាក់ ឬធ្លាក់ទំនិញមិនអាចលើកវិញបានភ្លាមៗ៕
Tag:
ច្បាប់ចរាចរណ៍
យានយន្ដ
ភ្លើងហ្វា
ភ្លើងកូត
ភ្លើងទីតាំង
© រក្សាសិទ្ធិដោយ thmeythmey.com