រថយន្ត
ក្រុមហ៊ុន​ស្កុ​ត​ឡេ​ន​ដំណើរការ​រថយន្ត​ដែល​ប្រើ​ជីវ​ឥន្ធនៈ​ចេញពី​ស្រា​វី​ស្គី​
17, Jul 2017 , 7:19 pm        
រូបភាព
ដោយ: ធីតា
​ការបង្កើត​ថ្មី​មិនមាន​ទី​កំណត់​ឡើយ​។ សហគ្រាស​មួយ​នៅ​ស្កុ​តឡែ​ន បានបង្ហាញ​ភាពជោគជ័យ​របស់ខ្លួន​ក្នុងការ​ដំណើរការ​រថយន្ត​ចាក់​ស្រា​វី​ស្គី ជំនួស​ប្រេងសាំង និង​ម៉ា​ស៊ូ​ត​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន BBC Scotland​។​



​ក្រុមហ៊ុន Celtic Renewables ដែល​កើតចេញពី​ការផ្តួចផ្តើម​របស់​សាកលវិទ្យាល័យ Edinburgh Napier University ក្រោម​កិច្ចសហការ​ជាមួយ​សហគ្រាស​ស្រា​វី​ស្គី Tullibardine Distillery បានទទួល​ជោគជ័យ​លើ​ការសាកល្បង​រថយន្ត​ដំណើរការ​ស្រា​វី​ស្គី ជំនួស​ប្រេងសាំង និង​ម៉ា​ស៊ូ​ត​។​

​សាស្ត្រាចារ្យ Martin Tangney ស្ថាបនិក​ក្រុមហ៊ុន Celtic Renewables បាន​អះអាងថា ក្រៅពី​ប្រេង​ប្រេងសាំង ឬ​ម៉ា​ស៊ូ​ត គេ​អាច​ប្រើប្រាស់​ជីវ​ឥន្ទ​នៈ ដែល​ទទួលបាន​តាមរ​យៈ​កំសួល ដូចជា​ករណី​ស្រា​វី​ស្គី ដែលមាន​កាកសំណល់​ធ​ញ្ញ​ជាតិ ជាដើម​។​

​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៧ កន្លងមក ក្រុមហ៊ុន Celtic Renewables បានដាក់​សាកល្បង​ដំណើរ​រថយន្ត Ford Focus មួយគ្រឿង ឲ្យ​ដើរ​ដោយ​ឥទ្ធិពល​ស្រា​វី​ស្គី​។ ទោះបីជា​យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន បាន​អះអាងថា សមាសធាតុ​ស្រា​វី​ស្គី​រួមចំណែក​ប្រមាណ​១០​ភាគរយ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​រថយន្ត​ដំណើរការ​ទៅមុខ ត្រូវមាន​ការចូលរួម​ពី​សមាសធាតុ​ផ្សំ​នៃ​ជីវ​ឥន្ទ​នៈ​ជាច្រើន​ទៀត​។​

​លោក Martin Tangney និង​លោក Mark Simmers ដែលជា​នាយក​ប្រតិបត្តិ បាន​អះអាងថា ការ​បំ​លែង​បែបនេះ មិនត្រូវ​ឲ្យ​រថយន្ត​កែប្រែ​ម៉ាស៊ីន​នោះឡើយ​។

​យោងតាម BBC Scotland ក្រុមហ៊ុន Celtic Renewables បានទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល​ក្នុង​រង្វង់​ទឹកប្រាក់​ប្រមាណ​១២​លាន​ដុល្លារ​ដើម្បី​តម្លើង​រោងចក្រ​នៅ​ក្រុង Gramgemouth ហើយ​វា​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​ពេញលេញ​នៅ​ឆ្នាំ​២០១៩ ។​

​គេ​ជឿជាក់ថា ជីវ​ឥន្ទ​នៈ​ដែល​កើតចេញពី​ស្រា​វី​ស្គី នឹង​ក្លាយជា​ឧ​ស្សហកម្ម​ដ៏​មាន​សក្តានុពល​មួយ​នៅ​ប្រទេស​ស្កុ​ត​ឡេ​ន នាពេល​អនាគត ប៉ុន្តែ​ប្រទេស​ដែល​ផលិត​ស្រា​វី​ស្គី​មួយចំនួន​ដូចជា ជប៉ុន ឥណ្ឌា និង​អាមេរិក​ជាដើម​នោះ នឹង​ក្លាយជា​ដៃគូ​ដ៏​សំខាន់​៕


© រក្សាសិទ្ធិដោយ thmeythmey.com