ជាតិ
សម្តេច ហ៊ុន សែន ចង់​ពង្រីក​វិសាលភាព ICC ទៅដល់​តំបន់​ប្រាសាទសំបូរព្រៃគុក​
17, Jul 2017 , 7:15 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ពិធី​អបអរសាទរ​ការចុះ​តំបន់​ប្រាសាទសំបូរព្រៃគុក​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នា​ល្ងាច​ថ្ងៃទី​១៧ ខែកក្កដា នេះ បាន​បង្ហើប​ពី​គោលបំណង​ពង្រីក​វិសាលភាព​គណៈកម្មាធិការ​អន្តរជាតិ សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ (ICC) ទៅដល់​តំបន់​ប្រាសាទសំបូរព្រៃគុក​។​



​សម្តេច ហ៊ុន សែន បាន​លើកឡើងថា សម្តេច​មិន​ចង់ឃើញ​ការបង្កើត​យន្តការ​ច្រើន​នោះឡើយ  ដោយ​សម្តេច​ចង់ឃើញ​អាយ​ស៊ី​ស៊ី (ICC) ដែលមាន​ជប៉ុន និង​បារាំង ជា​សហប្រធាន ពង្រីក​ការងារ​ខ្លួន​លើ​ការងារ​អភិរក្ស​តំបន់​ប្រាសាទសំបូរព្រៃគុក​។​

​អាយ​ស៊ី​ស៊ី (ICC) ជា​ពាក្យកាត់​មកពី​ភាសា​អង់គ្លេស International Coordination Committee for the Safeguarding and Development of Historic Site of Angkor ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា គណៈកម្មាធិការ​អន្តរជាតិ សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ​។ គណៈកម្មាធិការ​នេះ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៣ ក្រោយ​ស​និ្ន​សីទ​អន្តរជាតិ​លើក​ទី​១​ស្តីពី​អង្គរ​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន តាម​សំណូមពរ​របស់​គណៈ​កម្ម​ធិ​ការ បេតិកភណ្ឌ​ពិភពលោក​ពេល​ទទួល​ចុះ​អង្គរ​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។

​សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា សម្តេច​នឹង​លើកយក​ផែនការ​ពង្រីក​យន្តការ​អន្តរជាតិ ICC នេះ ទៅ​ពិភាក្សា​ជាមួយ​លោកស្រី​ឯកអគ្គរដ្ឋទូត​បារាំង និង​លោក​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា ហើយ​វា​ក៏​នឹង​ក្លាយជា​ប្រធានបទ​នៃ​ជំនួប​របស់​សម្តេច​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ នា​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នៅ​ប្រទេស​ជប៉ុន ខែក្រោយ​ផងដែរ​៕
 



Tag:
 តំបន់​ប្រាសាទសំបូរព្រៃគុក
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com