អន្តរជាតិ
ចិន​ប្លុក​រូប​តុក្កតា​ខ្លាឃ្មុំ Winnie the Pooh ព្រោះ​មាន​រាង​ដូច​ប្រធានាធិបតី ស៊ី ជិន​ភីង​
18, Jul 2017 , 11:32 am        
រូបភាព
​ការ​រឹតត្បិត​សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ត្រូវបាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នៅ​គ្រប់​បណ្ដាញ​សង្គម ឬ​វេទិកា​ជជែក​ពិភាក្សា​ទាំងអស់​។ រដ្ឋាភិបាល​បក្ស​កុម្មុយនីស្ត​ចិន​ដាក់​កំហិត​ខ្លាំង​លើ​អត្ថបទ​ព័ត៌មាន ឬ​រូបភាព​ដែលមាន​ខ្លឹមសារ​ផ្ទុយ​ពី​មនោគមន៍​កុម្មុយនីស្ត ឬ​ប៉ះពាល់​កិ​ត្ត​យស​ថ្នាក់ដឹកនាំ​ប្រទេស​។ ចុងក្រោយ ក្រុង​ប៉េកាំង បានសម្រេច​ចិត្ត​ប្លុក (Block) ការប្រើប្រាស់​រូបភាព Winnie the Pooh នៅតាម​បណ្ដាញ​អ៊ីនធឺណិត ព្រោះ​មានន័យ​ឌឺដង​ប្រធានាធិបតី ស៊ី ជិន​ភីង ។​



​តុក្កតា Winnie the Pooh ក្លាយជា​ជនរងគ្រោះ​ថ្មី​មួយ​នៃ​ការ​រឹតបន្តឹង​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ចិន​។ អាជ្ញាធរ​ចិន បានចេញ​ការហាមឃាត់​ការប្រើប្រាស់​រូប​តុក្កតា​ក៏មាន​ប្រជាប្រិយ​នេះ និង​បាន​ប្លុក​រូប​តុក្កតា​នេះ​នៅលើ​បណ្ដាញ​សង្គម​ទាំងអស់​នៅ​ចិន​ទៀតផង​។ បណ្ដាញ​សង្គម Weibo និង WeChat គឺជា​គោលដៅ​នៃ​ការបង្ក្រាប​ការប្រើប្រាស់​រូប Pooh ព្រោះតែ​វា​បាន​ប៉ះពាល់​ថ្នាក់ដឹកនាំ​កំពូល​ចិន គឺ​ប្រធានាធិបតី ស៊ី ជិន​ភីង ដែលមាន​រាងរៅ​ដូច Pooh ។​

​បើតាម​សារព័ត៌មាន Financial Times ក្រុង​ប៉េកាំង​មិនបាន​បញ្ជាក់​មូលហេតុ​ឲ្យ​ច្បាស់លាស់​ជុំវិញ​ការហាម​ប្រាម​ប្រើប្រាស់​រូប Pooh ឡើយ​។ ប៉ុន្តែ​ដើមហេតុ​នាំ​ឲ្យ​មានការ​ហាមឃាត់​នេះ គឺ​បណ្ដាលមកពី​ការប្រៀបធៀប​លោក ស៊ី ជិន​ភីង ទៅនឹង​តុក្កតា Pooh ដែល​ចាប់ផ្ដើម​ពី​ឆ្នាំ​២០១៣ ។ រូបភាព​នៃ​ជំនួប​រវាង​លោក ស៊ី និង​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ត្រូវបាន​កាត់ត​ជាមួយនឹង​រូបភាព Pooh ដើរ​ជាមួយ Tigger ដែលជា​តួអង្គ​តុក្កតា​ដូចគ្នា ហើយ​រូបនេះ​ក៏​រីក​រាល​ពេញ​បណ្ដាញ​សង្គម​។​



​បន្ទាប់មក​ក្នុង​ឆ្នាំ​២០១៤ ការចាប់​ដៃ​ដ៏​សោះកក្រោះ​រវាង​លោក ស៊ី និង​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ ក៏​ក្លាយជា​គោលដៅ​នៃ​ការកាត់ត​ម្ដងទៀត​។ លោក អា​បេ ត្រូវបាន​ប្រៀបប្រដូច​នឹង​តួអង្គ​សត្វ​លា Eeyore ដែលមាន​ទឹកមុខ​មិន​រីករាយ ខណៈ​លោក ស៊ី ត្រូវបាន​ប្រដូច​ទៅនឹង​ខ្លាឃ្មុំ Pooh  ដែល​បាន​ទម្លាក់​ទឹកមុខ​ដូចគ្នា​ដែរនោះ​។



​ការប្រៀបធៀប​រវាង​លោក ស៊ី និង Pooh បានចាប់ផ្ដើម​ម្ដងទៀត​ឆ្នាំ​២០១៥ គឺ​រូបភាព​លោក ស៊ី ដែលជា​លេខា​បក្ស​កុម្មុយនីស្ត​ចិន ឈរលើ​ឡាន​បើក​ដំបូល ពេល​ត្រួតពល​កងទ័ព​។ រូបនេះ​ត្រូវបាន​គេ​យកទៅ​កាត់ត​ភ្ជាប់​ជា​មួយរូប​តុក្កតា Pooh អង្គុយ​គ្នា​ឡាន​ជ័រ ហើយ​ត្រូវបាន​ចែកចាយ​ក្នុង​បណ្ដាញ​សង្គម Weibo ។ រូប​កាត់ត​នេះ ជាប់​ចំណាត់​ជា​រូប​ដែល​ត្រូវ​ហាមឃាត់​ប្រចាំឆ្នាំ​២០១៥ ផងដែរ​។​



​ការ​រឹតបន្តឹង​បណ្ដាញ​សង្គម​ពេលនេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការត្រៀម​ទទួល​កិច្ចប្រជុំ​របស់​បក្ស​កុម្មុយនីស្ត​ចិន ដែល​តែង​រៀបចំ​រៀងរាល់​៥​ឆ្នាំ​ម្ដង​។ គេ​រំពឹងថា លោក ស៊ី ជិន​ភីង នឹង​រឹតបន្តឹង​អំណាច​របស់លោក តាមរយៈ​ការដំឡើង​តំណែង ឬ​ដាក់បញ្ចូល​មនុស្ស​ជំនិត​របស់លោក​សម្រាប់​តំណែង​សំខាន់ និង​ទាត់ចោល​ក្រុមប្រឆាំង​នឹង​លោក​ផងដែរ​៕   
 

Tag:
 ចិន​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com