ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាលនឹងទម្លាក់កញ្ចប់ថវិកាសម្រាប់ផ្ដល់កម្ចីប្រមូលទិញពោត និងធ្វើឃ្លាំងស្តុក
× ភ្នំពេញ៖ រដ្ឋាភិបាលគ្រោងទម្លាក់កញ្ចប់ថវិកាពិសេសដែលអាចមានទំហំដល់ ៥០លានដុល្លារ សម្រាប់ផ្ដល់ឥណទានដល់វិស័យឯកជន ដើម្បីប្រមូលទិញពោត និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ។ នេះបើតាមការឲ្យដឹងរបស់ប្រធានធនាគារអភិវឌ្ឍន៍ជនបទ នៅក្នុងកិច្ចប្រជុំដោះស្រាយបញ្ហាទីផ្សារផលិតផលពោត នៅថ្ងៃទី១៧ខែកក្កដា។
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានថ្លែងប្រាប់អ្នកកាសែតនៅក្រោយកិច្ចប្រជុំថា រដ្ឋាភិបាលបង្វែរកញ្ចប់ថវិកាសង្គ្រោះវិស័យស្រូវអង្ករចំនួន ២៧លានដុល្លា ទៅជាថវិកាសម្រាប់វិស័យពោតវិញ។ លោកបញ្ជាក់ថា នេះជាថវិកាជាក់ស្ដែងដែលអាចប្រើជាបណ្ដោះអាសន្ន រីឯថវិកាសរុបសម្រាប់វិស័យនេះអាចឈានដល់ ៥០លានដុល្លារឯណោះ តែត្រូវរង់ចាំការសម្រេចពីរដ្ឋាភិបាល។
RDB នឹងផ្ដល់កម្ចីទឹកប្រាក់ដែលស្ថិតក្រោមកញ្ចប់ថវិកាពិសេសនេះ ដោយគិតអត្រាការប្រាក់មិនលើសពី៧ភាគរយ។ លោក កៅ ថាច ថ្លែងយ៉ាងដូច្នេះថា៖«ឆ្នាំមុនសម្រាប់ស្រូវ គិតអត្រាការប្រាក់ ៧ភាគរយ តែលើកនេះសម្រាប់ពោតមិនហ៊ានសន្យាថាប៉ុន្មានភាគរយទេ ប៉ុន្តែដឹងតែក្រោម៧ភាគរយ»។ លោកបញ្ជាក់ថា យន្តការនៃការផ្ដល់ឥណទាន គឺដូចនឹងយន្តការអនុវត្តលើវិស័យស្រូវដែរ ដែលយកពោតជាវត្ថុធានា ហើយអ្នកខ្ចីត្រូវមានកន្លែងស្តុកទុកឲ្យបានត្រឹមត្រូវ។
បើតាមលោក កៅ ថាច ថវិកានេះត្រូវបើប្រាស់សម្រាប់កម្ចីមូលធន ដើម្បីអាចឲ្យវិស័យឯកជនប្រមូលទិញពោត និងវិនិយោគលើឃ្លាំងស្តុក ឡសម្ងួត ។ លោកបន្ថែមថា ការចាប់ផ្ដើមអនុវត្តកញ្ចប់ថវិកាពិសេសនេះ ត្រូវរង់ចាំការសម្រេចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលឆាប់ៗខាងមុខ។ លោកបន្តថា សម្រាប់កម្ចីយកទៅទិញពោត RDB នឹងកំណត់រយៈពេលក្រោមមួយឆ្នាំសម្រាប់ការសងត្រឡប់ ប៉ុន្តែបើកម្ចីសម្រាប់វិយោគលើហេដ្ឋារចនាសម្ព័ន្ធនឹងមានការកំណត់រយៈពេលសងដល់ ៥ទៅ៧ឆ្នាំ។
បើទោះមានការបញ្ចេញថវិការបស់រដ្ឋាភិបាលដល់វិស័យឯកជន ប៉ុន្តែលោក កៅ ថាច នៅតែបារម្ភថាតម្រូវការថវិកាជាក់ស្ដែងអាចខុសពីការលើកឡើងរបស់ផ្នែកឯកជន។ លោកនិយាយយ៉ាងដូចនេះថា៖«ការខ្វះទុនដូចមិនច្រើនប៉ុន្មាន គឺដូចវិស័យស្រូវឆ្នាំមុនយើងបញ្ចេញទឹកប្រាក់តែ ៣,៥លានដុល្លារនៃថវិកា ២៧លានដុល្លារ យើងមិនដឹងថាយ៉ាងម៉េច?»។
គម្រោងទម្លាក់កញ្ចប់ថវិកាពិសេសរបស់រដ្ឋាភិបាលនៅពេលនេះ គឺស្របពេលដែលផលិតផលពោតជួបបញ្ហាទីផ្សារ។ អ្នកក្នុងវិស័យនេះអះអាងថា តម្រូវការទាំងក្នុងស្រុក និងក្រៅប្រទេសបានធ្លាក់ចុះខ្លាំង ដែលធ្វើកសិករខ្វះទីផ្សារ និងលក់ពោតបានតម្លៃថោក។ អ្នកទាំងនេះបន្ថែមថា បញ្ហានាំចូលជ្រូកយ៉ាងគំហុកពីប្រទេសជិតខាង បានធ្វើឲ្យអ្នកផលិតចំណីសត្វក្នុងស្រុកបន្ថយការទិញពោត។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរសក្ដិ មានប្រសាសន៍ថា ថវិកានេះនឹងជួយដល់វិស័យពោត ព្រោះថាឈ្មួញនឹងមានទុនបន្ថែមដើម្បីប្រមូលទិញពីកសិករ និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ លោកបន្ថែមថា កង្វះឃ្លាំងស្តុក និងឡសម្ងួត ជាកត្តាមួយដែលតម្លាក់តម្លៃពោត។ ទិន្នផលពោតនៅខេត្តផលិតពោតសំខាន់ទាំងបី គឺ ខេត្តបាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ មានចំនួនសរុបប្រមាណ ១លានតោន ដែលនាំចេញទៅក្រៅប្រទេសជាង ១០ម៉ឺនតោន។ នេះបើតាមលោក ប៉ាន សូរសក្ដិ ៕
© រក្សាសិទ្ធិដោយ thmeythmey.com