អន្តរជាតិ
ថៃ​៖ ខឹង​អាជ្ញាធរ​អត់​ធ្វើ​ផ្លូវ អ្នកភូមិ​នាំគ្នា​ដាំ​ស្រូវ​កណ្តាលផ្លូវ​
18, Jul 2017 , 7:39 pm        
រូបភាព
ដោយ: ធីតា
​អ្នកភូមិ​នៅ​ស្រុក Loeng Nok Tha ខេត្ត Yasothon ភាគ​ឦសាន​របស់​ប្រទេស​ថៃ កាលពី​សប្តាហ៍​មុន បាននាំគ្នា​ក្រោក​ទាំង​ព្រឹក​ព្រហាម​ដើម្បី​ដាំ​ស្រូវ​លើផ្លូវ​បែក​ភក់​ដែល​ខូចខាត​ទាំងស្រុង​។ បើតាម​ការផ្សាយ​របស់​កាសែត Khaosod English នេះ​ជា​ទង្វើ​តវ៉ា​របស់​អ្នកភូមិ​ប្រឆាំងនឹង​អាជ្ញាធរ​ដែនដី​ដែល​មិន​អើពើ ជួសជុល​ផ្លូវ​។​



​អ្នកភូមិ​តំណាង​ជាង​២០​គ្រួសារ បាន​អះអាងថា នា​រយៈពេល​ជាង​៣០​ឆ្នាំ​មកនេះ ពួកគាត់​បានដាក់​សំណូមពរ​រាប់​ភ្លេច ទៅកាន់​អាជ្ញាធរខេត្ត Yasothon ដើម្បី​ជួសជុល​ផ្លូវ​នៅក្នុង​ស្រុក Leong Nok Tha ដែល​រង​ការខូចខាត ជាពិសេស​បែក​ភក់​ពេញ នៅពេល​មាន​ភ្លៀង​ម្តងៗ ប៉ុន្តែ​អាជ្ញាធរ​បាន​តប​វិញ​ថា គ្មាន​ថវិកា​គ្រប់គ្រាន់ ហើយ​ក្រោយមក​បំភ្លេចចោល​។​



​តាម​សម្តី​ដែល​ដកស្រង់​ដោយ Khaosod English អ្នកភូមិ​ម្នាក់​ឈ្មោះ Josaifa Khunsut បាន​អះអាងថា​៖ «​អ្នកភូមិ​ជាច្រើន​ត្រូវ​ប្រើប្រាស់​ផ្លូវ​នេះ ដោយ​យើងទាំងអស់គ្នា​ជួប​ការពិបាក​យ៉ាងខ្លាំង​ក្នុងការ​ធ្វើដំណើរ ជាពិសេស​រដូវភ្លៀង​»​។

​អ្នកភូមិ​បានបញ្ជាក់​ឲ្យ​ដឹងថា ផ្លូវ​ដ៏​កខ្វក់​នេះ មាន​ប្រវែង​ប្រមាណ​៣​គីឡូម៉ែត្រ ហើយ​ជម្រៅ​ធ្លាក់​ដល់​ទៅ​ជាង​៣០​សង់ទីម៉ែត្រ​ជាពិសេស​នៅ​រដូវវស្សា​។​

​ការសម្រេចចិត្ត​ដាំ​ស្រូវ​នៅលើ​ផ្លូវ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដាស់សតិ​អារម្មណ៍​អាជ្ញាធរ​ដែនដី​ឲ្យ​គិតគូរ​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន ជាពិសេស​អ្នកភូមិ​រំពឹងថា ករណីនេះ នឹង​បាន​ដឹងលឺ​ដល់​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា​៕





​រួប​ថត​ទាំងអស់​៖ Khaosod English


Tag:
 ថៃ​
  ប្លែកៗ​
© រក្សាសិទ្ធិដោយ thmeythmey.com