កីឡាជាតិ
ជាតិ
AFC U23៖ កម្ពុជាប៉ះចិនស្អែក ខណៈ មុន្នីឧត្តម, វឌ្ឍនាកា, សុខផេង, ឈឿន និងឌីណា សុទ្ធតែផុតអាយុ
× ក្រុមកីឡាករជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ក្រុម ចិន នាជំនួបបើកឆាកវគ្គជម្រុះពូល J នៃពានរង្វាន់ AFC U23 Championship 2018 នាវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃទី១៩ កក្កដា ស្អែកនេះ។ គ្រូបង្វឹក U23 កម្ពុជា ហាក់សម្តែងអារម្មណ៍សោកស្តាយចំពោះកីឡាករជើងខ្លាំង៥រូបដែលមិនអាចចូលរួមជាមួយ U23 កម្ពុជា។ តែយ៉ាងណា លោក នៅតែរំពឹងទទួលបានលទ្ធផលល្អ បើកីឡាករទាំងអស់ប្រឹងប្រែងអស់ពីសមត្ថភាព។
ពុំមានឡើយវត្តមានកីឡាករជើងខ្លាំង ប្រាក់ មុន្នីឧត្តម, ចាន់ វឌ្ឍនាកា, ឈិន ឈឿន, កែវ សុខផេង និង ទិត្យ ឌីណា ក្នុងក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា បន្ទាប់ពីពួកគេទាំងនេះផុតអាយុចូលរួម។ ការគ្មានវត្តកីឡាករទាំង៥នេះ ហាក់ធ្វើឲ្យគ្រូបង្វឹក U23 កម្ពុជាលោក Leonardo Vitorino មានការព្រួយបារម្ភសម្រាប់ការធ្វើម្ចាស់ផ្ទះស្វាគមន៍ ចិន ជប៉ុន និងហ្វីលីពីន។
«ខ្ញុំបានមករស់នៅលើទឹកដីកម្ពុជាប្រមាណជា៤ខែ ហើយពួកយើងបានរៀបចំ និងចាប់ផ្តើមជាមួយក្រុមដែលអាចនិយាយថាជាក្រុមថ្មីមួយ ព្រោះមានកីឡាករជើងខ្លាំងមួយចំនួនបានផុតអាយុដូចជា ប្រាក់ មុន្នីឧត្តម, ឈិន ឈឿន, ចាន់ វឌ្ឍនាកា, ទិត្យ ឌីណា និង កែវ សុខផេង។ ក្រុម U23 យើងពុំមានកីឡាករអាយុ២២ឆ្នាំ ឬ២១ឆ្នាំទេ គឺភាគច្រើនជាយុវជនអាយុក្រោម២០ឆ្នាំ»។ នេះជាការបង្ហាញក្តីបារម្ភរបស់លោក Leonardo Vitorino ចំពោះគម្លាតអាយុរបស់កីឡាករក្នុងក្រុម U23 កម្ពុជា។
ទន្ទឹមនឹងនេះ លោក Leonardo Vitorino នៅតែមានការជឿជាក់ថា កូនក្រុមរបស់លោកនឹងធ្វើបានល្អ ទោះបីជួបជាមួយក្រុមខ្លាំងៗយ៉ាងណាក៏ដោយប្រសិនបើពួកគេប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាព។ ការប៉ះ ចិន ជប៉ុន ហ្វីលីពីន ដែលជាក្រុមខ្លាំងនៅតំបន់អាស៊ី លោក គិតថា វាជាឱកាសមួយដ៏ល្អក្នុងការដកស្រង់បទពិសោធ ដើម្បីអភិវឌ្ឍន៍សមត្ថភាពសម្រាប់ក្រុម U23 កម្ពុជា។ លោក ជឿជាក់ថា ទោះបី កម្ពុជា មិនអាចបង្កើតឱកាសនៅតំបន់គ្រោះថ្នាក់របស់ ចិន ឬជប៉ុនក៏ដោយ តែវាបានផ្តល់ការរីកចម្រើនថ្មីដល់ U23 កម្ពុជា។
នៅថ្ងៃទី១៩ ខែកក្កដា ស្អែកនេះ U23 កម្ពុជានឹងបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ក្រុមចិន នាការប្រកួតបើកឆាកពូល J នៃពានរង្វាន់ AFC Championship 2018 នាវេលាម៉ោង៦:៣០នាទី បន្ទាប់ពី ជប៉ុន ជួមជាមួយហ្វីលីពីននាវេលាម៉ោង១៥:៣០នាទីនៅពហុកីឡដ្ឋានជាតិដូចគ្នា៕
Tag:
AFC U23 Championship 2018
Leonardo Vitorino
U23 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com