កីឡាជាតិ
ជាតិ
AFC U23៖ កម្ពុជា​ស្វាគមន៍​ចិន បន្ទាប់ពី​ហ្វីលីពីន ប៉ះ ម្ចាស់​ការពារ​ជើងឯក​ជប៉ុន​
19, Jul 2017 , 10:55 am        
រូបភាព
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​២៣​កម្ពុជា​ត្រូវ​ជួប​ប្រកួត​បើកឆាក​វគ្គ​ជម្រុះ​ពូ​ល J ពានរង្វាន់ AFC Championship 2018 ជាមួយ U23 ចិន​នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃ​ពុធ ទី​១៩ កក្កដា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​កាលពី​ម្សិលមិញ​ទាំង​គ្រូបង្វឹក U23 កម្ពុជា និង​ចិន​សុទ្ធតែ​បាន​អះអាង​ដូចគ្នា​ថា លេង​ដើម្បី​យកឈ្នះ​រៀងៗ​ខ្លួន ខណៈ​គ្រូបង្វឹក​ចិន​និយាយថា លោក​មិន​ហ៊ាន​មើលស្រាល​សមត្ថភាព​ក្រុម​ក្រោម​ការដឹកនាំ​របស់លោក Leonardo Vitorino ឡើយ​។​



​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា លោក Leonardo Vitorino ទោះបី​ដឹងថា U23 កម្ពុ​ជាមាន​កម្រិត​ទាប​ជាង​ចិន​ក៏ដោយ ប៉ុន្តែ​លោក​នៅតែ​រំពឹង​ទទួលបាន​លទ្ធផល​ល្អ​ក្នុងជំនួប​បើកឆាក​ជាមួយ​ចិន បើសិន​ពួកគេ​ប្រឹងប្រែង​លេង​ឲ្យ​អស់ពី​សមត្ថភាព​។ ហើយ លោក បាន​បញ្ជាក់ថា អ្វីៗ​ក៏​អាច​កើតមាន​នៅក្នុង​ការប្រកួត​បាល់ទាត់ ពោលគឺ​មិនអាច​ព្យាករណ៍​ទុក​មុន​បាន​នោះទេ​។

​នា​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​នៅ​សណ្ឋាគារ​ភ្នំពេញ​កាលពី​ម្សិលមិញ​លោក Leonardo Vitorino បានបង្ហាញ​ពី​ទំនុកចិត្ត​យ៉ាង​ដូច្នេះ​ថា​៖«​សម្រាប់​ការប្រកួត​បាល់ទាត់​យើង​នៅតែមាន​សង្ឃឹម​ឈ្នះ​ជានិច្ច​បើ​យើង​លេង​ឲ្យ​អស់ពី​ចិត្ត តែបើ​យើង​ប្រឹង​ហើយ​នៅតែ​មិនអាច​ទទួលបាន​លទ្ធផល​ល្អ យើង​នឹង​ទទួលបាន​បទពិសោធ​បន្ថែម​ថ្មី​មួយ​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព ព្រោះ​យើង​មាន​គោលដៅ​ទៅ​ឆ្នាំ​២០២៣​។ ដូច្នេះ​យើង​ត្រូវតែ​ខំប្រឹង និង​លេង​ឲ្យ​អស់ពី​ចិត្ត គឺ​យើង​លេង​ដើម្បី​ឈ្នះ​»​។​

​ជាមួយគ្នានេះ គ្រូបង្វឹក​ក្រុម U23 ចិន លោក Massiniliano Maddaloni បាន​អះអាងថា ទោះបី​ក្រុម​លោក​ទទួលបាន​កៅអី​ឡើងទៅ​កាន់​ជុំ​ផ្តាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ​ក៏ដោយ តែ​លោក​មិន​បន្ធូរដៃ​ឲ្យ​ក្រុម​ណា​នោះឡើយ ពោលគឺ​លោក​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​។ ហើយ​លោក​រំពឹងថា ក្រុម​លោក​នឹង​ទទួលបាន​បទពិសោធន៍​ថ្មី​ពី​ការប្រកួត​នេះ​ដើម្បី​អភិវឌ្ឍន៍​ក្រុម​សម្រាប់​ត្រៀម​នៅ​ជុំ​ផ្តាច់ព្រ័ត្រ​លើទឹក​របស់ខ្លួន​។

​លោក​បាន​បញ្ជាក់ថា​៖«​សម្រាប់​ការជួប​ក្រុម U23 កម្ពុជា​ក្នុងជំនួប​ដំបូង យើង​មិនអាច​មើលស្រាល​ក្រុម​ក្រោម​ការដឹកនាំ​របស់ លោក Leonardo Vitorino នោះឡើយ ប៉ុន្តែ​យើង​នឹង​លេង​ដើម្បី​ឈ្នះ សម្រាប់​បន្ថែម​ការរីក​ចម្រើន​ដល់​ក្រុម​ទាំងមូល ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ជុំ​ផ្តាច់ព្រ័ត្រ​នៅ​ឆ្នាំ​២០១៨»​។​

​ក្រុម U23 កម្ពុជា ត្រូវ​ជួប ចិន នា​ជំនួប​បើក​វគ្គ​ជម្រុះ​ពូ​ល J នៃ​ពានរង្វាន់ AFC U23 Championship 2018 នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃ​ពុធ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ បន្ទាប់ពី​ក្រុម U23 ហ្វីលីពីន ប៉ះ​អតីត​ម្ចាស់​ជើងឯក ជប៉ុន នា​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​៕      

Tag:
 AFC U23 Championship 2017
  U23 កម្ពុជា​
  U23 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com