ហ្វ៊ុកបេស (Fookbace) គឺជាបណ្តាញទំនាក់ទំនង ឬជាទីលានបញ្ចេញមតិក្នុងលំហមួយដ៏ពេញនិយមនៅក្នុងប្រទេសរំដួល។ ទន្ទឹមនឹងការផ្តល់វេទិកាសម្រាប់ការចែករំលែកព័ត៌មានដ៏មានប្រយោជន៍ Fookbaceក៏កំពុងត្រូវបានប្រើប្រាស់យ៉ាងអវិជ្ជមានពីក្រុមមនុស្សមួយចំនួននៅក្នុងសង្គមរំដួល។
ពលរដ្ឋល្អៗ និងពលរដ្ឋដែលមានការអប់រំខ្ពស់ក្នុងសង្គមរំដួល បានប្រើប្រាស់បណ្តាញសង្គម ហ្វ៊ុកបេសដើម្បីទទួលព័ត៌មានល្អៗ មានប្រយោជន៍សម្រាប់ការរស់នៅ និងចែករំលែកព័ត៌មានជាមួយមិត្តភក្តិ និងក្រុមគ្រួសារជិតឆ្ងាយរបស់ពួកគេ។ អ្នកនយោបាយក៏បានប្រើប្រាស់បណ្តាញសង្គមមួយនេះ ដើម្បីប្រាស្រ័យទាក់ទងជាមួយសកម្មជន និងអ្នកគាំទ្ររបស់ពួកគេផងដែរ។
ប៉ុន្តែបញ្ហាដែលគួរព្រួយបារម្ភខ្លាំងនោះ គឺសិទ្ធិសេរីភាពគ្មានព្រំដែននៃការប្រើប្រាស់បណ្តាញ ហ្វ៊ុកបេស របស់ក្រុមមនុស្សមួយចំនួនដូចជា៖
១/ ក្រុមអ្នកគាំទ្រនយោបាយ៖ ព្រោះតែគាំទ្រជំហរនយោបាយរៀងៗខ្លួន ពលរដ្ឋរំដួលបានប្រើប្រាស់ការសរសេរជេរប្រទេច ប្រមាថ គូរបដិបក្ខ ដោយមិនញញើតដៃ។ ពេលខ្លះ ពួកគេបានកាត់តរូបភាព បំភ្លៃ បំប៉ោង បំផ្លើសព័ត៌មានទៀតផង។ អ្នកធ្វើទង្វើទាំងនេះ បានត្រឹមតែចំណេញផ្នែកអារម្មណ៍ថាបានវាយប្រហារគ្នាមែន។ ប៉ុន្តែបច្ច័យអាក្រក់យ៉ាងធំធេងនៃវប្បធម៌ហិង្សាដោយសំដី វប្បធម៌ជម្លោះទាំងនោះ កំពុងធ្លាក់ទៅលើយុវជន និងមនុស្សស្លូតត្រង់រាប់សិបម៉ឺននាក់ដែលកំពុងនៅក្នុងលំហនេះ។
២/ ក្រុមអ្នកធ្វើអាជីវកម្មដ៏គ្មានសីលធម៌៖ ដើម្បីបានចំណូលថវិកាពីការធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រុមនេះប្រើប្រាស់រូបភាពអសីលធម៌ធ្ងន់ធ្ងរ ដូចជារូបអាក្រាត និងរូបភាពហិង្សាដើម្បីទាក់ទាញអ្នកទស្សនា។ ទីបំផុត រូបភាពដែលគេចែករំលែកតគ្នាយ៉ាងទូលំទូលាយ ក៏ទៅដល់ភ្នែករបស់យុវជន និងមនុស្សស្លូតត្រង់រាប់សិបម៉ឺននាក់ផ្សេងទៀត។
៣/ ក្រុមអ្នកមិនយល់ពីជីវិតឯកជន៖ មនុស្សជាច្រើននៅក្នុងសង្គមរំដួល ដឹងតែអំពីការបង្ហោះផ្សព្វផ្សាយ ដោយមិនខ្វល់ថា អ្វីខ្លះជារឿងឯកជន ដែលខ្លួនកំពុងបំពាន ហើយអាចត្រូវគេប្តឹងផ្តល់នោះឡើយ។ លួចថតរូបគេពីក្រោយខ្នង, ថតវីដេអូសកម្មភាពកម្សាន្តផ្ទាល់ខ្លួន ឬជាគ្រួសាររបស់អ្នកដទៃហើយយកមកបង្ហោះផ្សព្វផ្សាយធ្វើឲ្យខូចកិត្តិយសរបស់គេ, ថតរូបអ្នកស្រវឹងស្រា ហើយបង្ហោះនិយាយរិះគន់ នាំឲ្យមានការបុរេវិនិច្ឆ័យលើមនុស្សម្នាក់ ។ល។ ពលរដ្ឋនៅរំដួលក៏មិនសូវពិចារណាច្រើនទៀត ហើយចាំតែអត្ថាធិប្បាយស្តីបន្ទោស រិះគន់ថែម ដោយមិនបានខ្វល់ពីដើមទងនៃរឿងឡើយ។
៤/ ពីព្រោះតែទូរសព្ទស្មាតហ្វូនមានតម្លៃសមរម្យ លេខទូរសព្ទមានតម្លៃថោក ហើយសុទ្ធតែមានភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត ពលរដ្ឋរំដួលតាំងពីអ្នកចម្ការ រហូតដល់អ្នកប្រកបរបរតូចតាចតាមទីក្រុងដែលទទួលបានការអប់រំតិចតួច កំពុងតែឈ្លក់វង្វេងនឹងវីដេអូអាសអាភាសដែលគេចែករំលែកតាមបណ្តាញសង្គម Fookbace។ មនុស្សចាស់ប្រុសៗចូលសំកុកក្នុងហាងកាហ្វេ មិនរកការងារធ្វើ តែសំងំមើល និងចែករំលែកវីដេអូអាសអាភាសជាមួយមិត្តភក្តិ។ អ្នកប្រកបរបរតូចតាចតាមទីប្រជុំជន ពួកគេទាំងនេះក៏ឆាប់ជឿស្លុងនឹងអ្វីមួយដែលពួកគេបានឃើញ ហើយបន្តចែកចាយភ្លាមៗដែរ។
៥/ គណនីក្លែងក្លាយ៖ ដោយសារតែគ្រប់គ្នាបានដឹងអំពីឥទ្ធិពលនៃបណ្តាញសង្គមមួយនេះ ហើយវាបានកើតមានការលួចគណនីពីអ្នកព័ត៌មានវិទ្យាទៀតនោះ មនុស្សកាន់តែច្រើនឡើង បានបង្កើតគណនីក្លែងក្លាយ។ តាមរយៈគណនីក្លែងក្លាយនេះហើយ ដែលមនុស្សរឹតតែមិនខ្លាចឈ្លោះប្រកែក សរសេរចំអកឡកឡឺយ បង្ហោះរូបអសីលធម៌ និយាយចោទប្រកាន់គ្នានោះ។
តើអាជ្ញាធរនៃសង្គមរំដួល គួរមានចាប់ផ្តើមធ្វើការជាមួយម្ចាស់ក្រុមហ៊ុន Fookbace ដែរឬទេដើម្បីរកវិធានការមិនឲ្យទីលាននៃការបញ្ចេញមតិបង្កភាពអាប់អួរដល់សង្គមជាក់ស្តែងរបស់រំដួល៕