ជាតិ
សង្គមជាតិ
រដ្ឋាភិបាល បង្កើត​មណ្ឌល​សំចត​ផ្តល់ព័ត៌មាន និង​សេវា​ចាំបាច់​ដល់​ពលករ ចៀសវាង​ការឆ្លង​ដែន​ខុសច្បាប់​
19, Jul 2017 , 9:19 pm        
រូបភាព
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
​រាជរដ្ឋាភិបាល គ្រោង​បង្កើត​មណ្ឌល​សំចត​សម្រាប់​ពលករ​ឆ្លងដែន​ទៅ​ស្រុកថៃ ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​សម្រួល​ដល់​ការទទួលបាន​សេវាកម្ម​ចាំបាច់ និង​ព័ត៌មាន​នានា​ដល់​អ្នក​ដែល​មានបំណង​ចំណាកស្រុក ដើម្បី ចៀសវាង​ការចាក​ស្រុក​ដោយ​ខុសច្បាប់​។​



​រាជរដ្ឋាភិបាល គ្រោង​បង្កើត​មណ្ឌល​សំចត​សម្រាប់​ពលករ​ឆ្លងដែន​ទៅ​ស្រុកថៃ ក្នុងពេល​ឆាប់ៗ​នេះ នៅក្នុង​ក្បែរ​ច្រកព្រំដែន​ប៉ោយប៉ែត ដើម្បី​ផ្តល់ព័ត៌មាន និង​សេវា​ចាំបាច់​មួយចំនួន​ដល់​ពលករ​។  លោកស្រី ជូ ប៊ុន​អេង អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា មណ្ឌល​សំចត​នេះ​មាន​ស្នាក់ការ​របស់​មន្ត្រី​នៃ​ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា មន្ត្រី​ក្រសួង​ការងារ ក្រសួង​សង្គមកិច្ច នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស មន្ត្រី​សុខាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ជាដើម ដែល​រង់ចាំ​ផ្តល់ព័ត៌មាន​នានា​ដល់​ពលករ ។​

​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ផង លោកស្រី ជូ ប៊ុន​អេង បញ្ជាក់ទៀតថា កិច្ចការងារ​បន្ទាន់​ចំពោះមុខ គឺ​ការ​ផ្តល់ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​ការធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព ផ្តល់​កន្លែង​សម្រាក​សម្រាប់​ពលករ ផ្តល់​អាហារ ឬ​កន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន​សម្រាប់​ពលក​រ​ដែល​ពលករ​រង់ចាំ​សាច់ញាតិ​មក​ទទួល​ជាដើម​។​

​បើទោះជា​ភាគី​ថៃ​មិន​ចាប់បញ្ជូន​ពលករ​ត្រឡប់មកវិញ និង​ទុក​រយៈពេល​មួយ​ដើម្បី​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​ខ្មែរ​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ កម្ពុជា​ក៏ត្រូវ​រឹតបន្តឹង​កុំ​ឲ្យ​មាន​ពលករ​ខ្មែរ លួច​ឆ្លងដែន​ទៅ​ថៃ​ដោយ​ខុសច្បាប់​បន្តទៀត​។ នេះ​ជាការ​បញ្ជាក់​របសលោក​ស្រី ជូ ប៊ុន អេង​។

​រាជរដ្ឋាភិបាល​ថៃ កាលពីពេល​ថ្មីៗ​បាន អនុវត្ត​ព្រះរាជក្រឹត្យ​ថ្មី​មួយ សំដៅ​ពង្រឹង និង​រឹតបន្តឹង​ទៅលើ​ពលករ និង​ជនអន្តោប្រវេសន៍ ដែល​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​ដាក់​ទោសទណ្ឌ​ចំពោះ​និយោជក​ណា ដែល​ទទួល​ពលករ​ខុសច្បាប់​ឲ្យ​ធ្វើការ​ផងដែរ​៕


Tag:
 ពលករ​
 ​ ឆ្លងដែន​
© រក្សាសិទ្ធិដោយ thmeythmey.com