ជាតិ
សង្គមជាតិ
បង្ក្រាប​បទល្មើស​គំរាម​ប្រាក់​ជា​ថ្នូរ​មិន​ទម្លាយ​វីដេអូ​អាក្រាត តែ​បែរជា​រកឃើញថា​ជនល្មើស​ជា​អ្នកទោស​កំពុង​ជាប់ឃុំ​
19, Jul 2017 , 9:59 pm        
រូបភាព
ដោយ:
​ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​រកឃើញ​អ្នកទោស​ម្នាក់ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គំរាម​ប្រាក់​តាម​បណ្តាញ​សង្គម ជា​ថ្នូរ​នឹង​ការមិន​ទម្លាយ​វីដេអូ​អាក្រាត​របស់​ជនរងគ្រោះ​។ បើតាម លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល សំណុំ​រឿងនេះ បាន​បញ្ជូនទៅ​តុលាការ​ខេត្តកណ្តាល​រួចរាល់​ហើយ នៅ​ថ្ងៃទី​១៩ ខែកក្កដា​។



​ក្រោយ​ទទួល​ពាក្យបណ្តឹង ជុំវិញ​ករណី​គំរាម​ទារប្រាក់​៥​ពាន់​ដុល្លារ ជា​ថ្នូរ​នឹង​ការមិន​បង្ហោះ​វីដេអូ  ស្នងការ​នគរបាល​ខេត្ត កណ្តាល បាន​ស្រាវជ្រាវ និង​រកឃើញថា ជនល្មើស ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គំរាម​ទារប្រាក់​នេះ គឺជា​អ្នកទោស ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្តព្រៃវែង​។

​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ថ្លែង​តាម​ទូរ​សព្ទ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នគរបាល បានរៀបចំ​សំណុំរឿង និង​បញ្ជូន​ទៅកាន់​តុលាការ​ហើយ នៅ​ថ្ងៃទី​១៩ ខែកក្កដា​នេះ បន្ទាប់ពី​ស្រាវជ្រាវ​អស់​រយៈពេល​ច្រើន​ថ្ងៃ​មក​។​

​ទាក់ទង​នឹង​ករណីនេះ  លោក អ៊ា​វ ចំរើន បាន​សរសេរ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​ផ្អែក​តាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើស​ថា ជនល្មើស ឈ្មោះ យ៉ែម ប្រុស មានទោស​ត្រូវ​ជាប់ពន្ធ​នាគារ​ចំនួន​១០​ឆ្នាំ បទ​ប្លន់​នៅក្នុង​ខេត្តកំពត និង​ខេត្តតាកែវ ហើយ​បាន​អនុវត្ត​ទោស​តាំងពី​ឆ្នាំ​២០១០​។  អ្នកទោស​នេះ ត្រូវបាន​ផ្ទេរ​ពី​ពន្ធនាគារ​ខេត្តកំពត មកកាន់​ពន្ធនាគារ​ខេត្តព្រៃវែង ជាទី​កន្លែង​ដែល​រូបគេ អាច​ចេញ​បន្ទប់​ឃុំឃាំង និង​អាច​ប្រើ​កុំព្យូទ័រ និង​ទូរស័ព្ទដៃ​ផ្ទាល់ខ្លួន ដោយមាន​ការអនុញ្ញាត​ពី​អនុប្រធាន​ពន្ធនាគារ​ខេត្តព្រៃវែង លោក អ៊ុំ រ៉ា​យឿ​ង​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​លោកស្នងការ​ខេត្តកណ្តាល​ដដែល​។ 

​ផ្អែក​តាម​ចម្លើយសារភាព ជនល្មើស​បាន​ប្រើ​ហ្វេ​ស​ប៊ុ​ក និង​Line ដើម្បី​សុំ​ស្នេហ៍​នារី​រងគ្រោះ រហូតដល់​នាង​ព្រម​ស្រឡាញ់​។ បន្តម​កទៀត ជនល្មើស​បាន​លួងលោម បញ្ចុះបញ្ចូល​ជនរងគ្រោះ រហូតដល់​ឆា​ជា​វីដេអូ​អាក្រាត រួច​ជនល្មើស​លួច​ថត​ទុក ដើម្បី​គំរាម​ប្រាក់​។   

​យ៉ាងណា​មុននឹង​រកមុខ​ជនល្មើស​ឃើញ ជនរងគ្រោះ​ធ្លាប់បាន​ផ្ញើ​ប្រាក់ ជាង​៥០០​ដុល្លារ​រួចហើយ​ឲ្យ​ជនល្មើស ហើយ​មាន​មន្ត្រី​ពន្ធនាគារ ជា​អ្នក​ទៅ​ដក​ប្រាក់​នោះមក​ឲ្យ​ជនល្មើស​។ ស្នងការ​ខេត្តកណ្តាល បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​នារី​រងគ្រោះ  សមត្ថកិច្ច ក៏បាន​រកឃើញ​មាន​វីដេអូ​អាក្រាត​របស់​ជនរងគ្រោះ ៥​ទៅ​៦​នាក់​ផ្សេងទៀត​ដែរ​នៅក្នុង​កុំព្យូទ័រ​ជនល្មើស​។ យ៉ាងណាក៏ដោយ លោក អ៊ា​វ ចំរើន បាន​ប្រាប់​ជនរងគ្រោះ​ផ្សេងទៀត​កុំ​បារម្ភ ដោយ​លោក នឹង​សុំ​ការអនុញ្ញាត​ពី​ព្រះរាជអាជ្ញារ​ដើម្បី​បំផ្លាញ​វីដេអូ​ទាំងនោះ​ចោល​៕


Tag:
 អ៊ា​វ ចំរើន​
 ​ អ្នកទោស​
 ​ គំរាម​ប្រាក់​
© រក្សាសិទ្ធិដោយ thmeythmey.com