កីឡាជាតិ
ជាតិ
AFC U23៖ កម្ពុជា និងចិន គ្មានការស៊ុតបាល់បញ្ចូលទី បន្ទាប់ពីជប៉ុនបំបាក់ហ្វីលីពីន ៨-០
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិក្រោម ២៣ឆ្នាំកម្ពុជា និង U23 ចិន បានបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ ០-០ នាការប្រកួតលើកដំបូងសម្រាប់ជំនួបពូល J នៃវគ្គជម្រុះ AFC U23 Championship 2018 នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃពុធ ទី១៩ ខែកក្កដា នេះ។
នៅវគ្គទីមួយ U23 កម្ពុជា ទទួលបានឱកាសមួយចំនួនដ៏គួរឲ្យកត់សម្គាល់ក្នុងវាយសម្រុកទៅលើ U23 ចិន ជាពិសេសការទាត់បាល់ពិន័យពីចម្ងាយរបស់ ស៊ុន វ៉ាន់ដេត ដែលផ្លាតទៅក្បែររបាទី។ ឈានដល់វគ្គទីពីរ ចិនស្វែងរកឱកាសមួយចំនួនផងដែរ ប៉ុន្តែខ្សែការពារកម្ពុជាបំពេញតួនាទីបានយ៉ាងល្អ។
គ្រូបង្វឹកប្រេស៊ីល លោក Leonardo Vitorino បានធ្វើការផ្លាស់ប្តូរកីឡាករចាប់ពីនាទី៧៥ ដោយ ជួន ចាន់ចាវ ចូលជំនួស ស៊ុន វ៉ាន់ដេត ដែលបានរងការប៉ះទង្គិច។ នៅ១០នាទីចុងក្រោយ លោក Leonardo ពង្រឹងតំបន់ការពារ ដោយដាក់ សឿត បារាំង ជំនួស ប្រាក់ ធីវ៉ា ហើយ ណុប តុលា ចូលលេងបន្តពី ហួយ ផល្លីន។
សម្រាប់ការប្រកួតគូដំបូងនៅក្នុងពូល J នេះ ម្ចាស់ការពារតំណែងជើងឯក U23ជប៉ុន បានយកឈ្នះ U23 ហ្វីលីពីន រហូតដល់ទៅ ៨-០ ។ Ren Komatsu រកបាន៤គ្រាប់ Tsukasa Morishima រកបាន២គ្រាប់ ខណៈ Yuya Nakasaka និង Ito Hiroki បន្ថែមបានម្នាក់១គ្រាប់។
ការប្រកួតមានការបន្ថែមចំនួន៤នាទី ខណៈពេលដែលលោកអាជ្ញាកណ្តាលកូរ៉េខាងត្បូង Kim Daeyon ពិន័យកាតលឿងដល់ នួន បូរី។ ចិន បានឱកាសទាត់បាល់ពិន័យពីចម្ងាយ ប៉ុន្តែពួកគេមិនអាចទម្លាញសំណាញ់ការពាររបស់កម្ពុជាបានឡើយ។ ការប្រកួតបានបញ្ចប់ដោយគ្មានការស៊ុតបាល់បញ្ចូលទី។
នាថ្ងៃសុក្រទី២១ ខែកក្កដា ខាងមុខ U23 កម្ពុជា ស្វាគមន៍ U23 ជប៉ុនដែលជាម្ចាស់ការពារជើងឯក បន្ទាប់ពី U23 ហ្វីលីពីន តទល់ជាមួយ U23 ចិន។
ជម្រើសរបស់កម្ពុជា៖ អ៊ុំ សេរីរ័ត្នន៍ (អ្នកចាំទី), នេន សុធារដ្ឋ, នួន បូរី, សឿយ វិសាល (ប្រធានក្រុម),ឆុំ ពិសា, ប្រាក់ ធីវ៉ា (សឿត បារាំង ៨០), ហូយ ផល្លីន (ណុប តុលា ៨៥), អ៊ិន សូដាវីដ, ច្រឹង ពលរដ្ឋ, ស៊ុន វ៉ាន់ដេត (ជូន ចាន់ចាវ ៧៥) , ឆេង ម៉េង៕
© រក្សាសិទ្ធិដោយ thmeythmey.com