អន្តរជាតិ
ការចរចាពាណិជ្ជកម្មរវាងអាមេរិក-ចិន បរាជ័យ ព្រោះចិនមិនធ្វើតាមសំណើអាមេរិក ឧបនាយករដ្ឋមន្ត្រីចិន វ៉ាង យ៉ាង (រូបភាព Xinhua)
× ជំនួបប្រចាំឆ្នាំស្ដីពីទំនាក់ទំនងសេដ្ឋកិច្ចរវាងអាមេរិក និងចិន នៅរដ្ឋធានីវ៉ាស៊ីនតោន បានបញ្ចប់ទៅដោយគ្មានផ្លែផ្កាអ្វីទាំងអស់។ តំណាងអាមេរិក និងចិន មិនអាចស្វែងរកការឯកភាពគ្នាលើជំហានសំខាន់ៗក្នុងការកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងអាមេរិក និងចិន។ បរាជ័យលើកនេះ បង្កជាមន្ទិលសង្ស័យលើរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការកសាងទំនាក់ទំនងល្អជាមួយចិន ដែលកំពុងរុំព័ទ្ធដោយបញ្ហាកូរ៉េខាងជើងស្រាប់ផង។
គ្មានឡើយសេចក្ដីថ្លែងការណ៍រួមគ្នា ហើយគ្មានការធ្វើសន្និសីទកាសែតរួមគ្នាដែរ។ នេះ គឺជាលទ្ធផលនៃកិច្ចសន្ទនាសេដ្ឋកិច្ចប្រចាំឆ្នាំរវាងអាមេរិក និងចិននៅថ្ងៃទី១៩ ខែកក្កដា ដែលចូលរួមដោយមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការងារសេដ្ឋកិច្ចមកពីអាមេរិក និងចិន។ កិច្ចចរចាបញ្ចប់ដោយគ្មានលទ្ធផល ព្រោះអាមេរិកបានដាក់សំណើច្រើន ដើម្បីបន្ថយគម្លាតពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ប៉ុន្តែជាសំណើដែលចិនមិនអាចទទួលយកបាន។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់និយាយថា ភាគីទាំងសងខាងជជែកគ្នាដោយស្មារតីស្មោះត្រង់ ប៉ុន្តែមិនអាចសម្រេចបានជំហររួមគ្នាបានទេ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters អាមេរិកទាមទារឲ្យចិនបើកចំហទីផ្សារហិរញ្ញវត្ថុរបស់ខ្លួន កាត់បន្ថយឧស្សាហកម្មដែក បន្ធូរបន្ថយរបាំងពន្ធក្នុងវិស័យយានយន្ត។ លើសពីនោះ អាមេរិកក៏ស្នើឲ្យចិនបន្ថយការផ្ដល់ហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនរដ្ឋ ក៏ដូចជាលើកលែងលក្ខខណ្ឌតម្រូវឲ្យជនជាតិចិនជាម្ចាស់ក្រុមហ៊ុនបរទេសរកស៊ីលើទឹកដីចិនផងដែរ។
យ៉ាងណាក្ដី តំណាងចិនដឹកនាំឧបនាយករដ្ឋមន្ត្រី វ៉ាង យ៉ាង (Wang Yang) ទំនងជាមិនឯកភាពលើការទាមទាររបស់ភាគីអាមេរិកទេ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅក្រសួងរតនាគារ លោក វ៉ាង បានដើរចេញទាំងមិននិយាយអ្វីទាំងអស់ ខណៈស្ថានទូតចិនក៏មិនបានអធិប្បាយអ្វីដែរ។ ប៉ុន្តែនៅមុនកិច្ចប្រជុំមកដល់ ឧបនាយករដ្ឋមន្ត្រីចិនរូបនេះធ្លាប់ព្រមានទុកមុនហើយថា ការប្រឈមមុខរវាងប្រទេសទាំងពីរ មិនមែនជារឿងល្អឡើយ។
ក្រោយកិច្ចប្រជុំដែលមិនមានផ្លែផ្កានេះ ភាគីអាមេរិកដែលចូលរួមដោយរដ្ឋមន្ត្រីពាណិជ្ជកម្ម Wilbur Ross និងរដ្ឋមន្ត្រីរតនាគារ Steven Mnuchin ក៏និយាយដែរថា ជំហររបស់អាមេរិកក្នុងការធ្វើពាណិជ្ជកម្មជាមួយចិន គឺពឹងផ្អែកលើគោលការណ៍តុល្យភាព ស្មើភាព ដោយផ្ដល់ឱកាសឲ្យក្រុមហ៊ុនអាមេរិកអាចប្រកួតប្រជែងដោយយុត្តិធម៌។ ប៉ុន្តែជំហរចង់កាត់បន្ថយជញ្ជីងពាណិជ្ជកម្មដែលលំអៀងទៅរកខាងចិននោះ មិនមែនជារឿងងាយស្រួលដូចមាត់ថាឡើយ។
តាមពិតទៅ ការកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងអាមេរិក និងប្រទេសផ្សេង គឺជាការសន្យារបស់លោក ត្រាំ តាំងពីពេលឃោសនារកសំឡេងឆ្នោតមកម្ល៉េះ។ លោក ត្រាំ បានរិះគន់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ដែលចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អាក្រក់ ហើយផ្ដល់ភាពចំណេញដល់ភាគីដទៃ មិនមែនក្រុមហ៊ុនអាមេរិក។ ដូចនេះ បានជាលោក ត្រាំ ប្រឹងចរចាជាមួយដៃគូពាណិជ្ជកម្ម និងអនុវត្តវិធានការផ្សេងៗដើម្បីរក្សាតុល្យភាពជញ្ជីងពាណិជ្ជកម្មឡើងវិញ៕
Tag:
អាមេរិក
ចិន
ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com