កីឡាអន្តរជាតិ
អន្តរជាតិ
Usain Bolt នឹងចូលនិវត្តន៍ ក្រោយព្រឹត្តិការណ៍ពិភពលោក នៅក្រុងឡុងដ៏
× កំពូលអ្នករត់ប្រណាំងលំដាប់ពិភពលោក Usain Bolt នឹងចូលនិវត្តន៍ពីអាជីពនេះ នៅក្រោយការប្រកួតអត្តពលកម្មពិភពលោកនៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស នាខែក្រោយ។
បើតាមទីភ្នាក់ងារសារព័ត៌មាន AFP ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ Usain Bolt នឹងចូលរួមរត់ចម្ងាយ ១០០ម៉ែត្រ និងរត់បណ្តាក់ ១០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកក្នុងទីក្រុងឡុងដ៍ ដែលចាប់ផ្តើមពីថ្ងៃទី ៤ រហូតដល់១៣ ខែសីហា និងជាព្រឹត្តិការណ៍ចុងក្រោយរបស់គេមុនពេលចូលនិវត្តន៍។
អត្តពលិក ដែលគេឲ្យរហស្សនាមថា ស្តេចល្បឿន ធ្លាប់ឈ្នះជើងឯកអូឡាំពិក ៨ដង និងជាម្ចាស់មេដាយមាសពិភពលោកចំនួន ១១។ មេដាយមាសមួយចំនួនគឺបានមកពីការប្រកួតលើវិញ្ញាសារត់១០០ម៉ែត្រ ២០០ម៉ែត្រ និងបណ្ដាក់១០០ម៉ែត្រពីព្រឹត្តិការណ៍កីឡាអូឡាំពិក៣លើកជាប់គ្នា គឺនៅទីក្រុងប៉េកាំង ទីក្រុងឡុងដ៏ និងក្រុងរីយ៉ូ ប្រទេសប្រេស៊ីល។
ក្នុងសន្និសីទសារព័ត៌មានមួយនៅ Monaco ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដានេះ កំពូលអ្នករត់ប្រណាំងលំដាប់ពិភពលោក សញ្ជាតិហ្សាម៉ាអ៊ីក វ័យ៣០ឆ្នាំ បាននិយាយថា៖«គោលបំណងសំខាន់របស់ខ្ញុំគឺគ្រាន់តែឈ្នះពាន [នៅទីក្រុងឡុងដ៍] ប៉ុណ្ណោះ។ ខ្ញុំគ្រាន់តែចង់ចូលនិវត្តន៍ ជាមួយនឹងកំណត់ត្រាឈ្នះមួយ»។
Bolt បានបន្ថែមថាគេនឹងមិនចូលរួមការពារពានរង្វាន់ពិភពលោកក្នុងវិញ្ញាសា ២០០ម៉ែត្រ របស់គេនោះទេ គឺមានន័យថាមិនចូលរួមប្រជែងជាមួយ Wayde van Niekerk អត្តពលិករបស់អាហ្វ្រិចខាងត្បូង ដែលកីឡាម្នាក់នេះជាកីឡាករឆ្នើម និងល្អបំផុតនៅពេលបច្ចុប្បន្ន៕
Tag:
រត់ប្រណាំង
Usain Bolt
ចូលនិវត្តិន៍
© រក្សាសិទ្ធិដោយ thmeythmey.com