ជាតិ
សុវត្តិភាព ចរាចរណ៍
នគរបាល ចាប់ផ្តើមពិន័យអ្នកចតយានយន្តខុសច្បាប់ ចាប់ពី២ម៉ឺន៥ពាន់ ទៅ១០ម៉ឺនរៀល
× នគរបាលចរាចរណ៍ បានផ្ដើមអនុវត្តន៍ការពិន័យលើបុគ្គលណាដែលចតយានយន្តខុសច្បាប់ ចាប់ពី ៥ ម៉ឺនទៅដល់ ១០ ម៉ឺនរៀល។ ការពិន័យនេះ ផ្តើមពីយានយន្តដឹកទំនិញធុនធំដែលចតចោលរាប់ម៉ោងគ្មានសណ្តាប់ និងអនុវត្តន៍នៅបណ្តាផ្លូវសំខាន់ៗនៅក្នុងភ្នំពេញ។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានចាប់ផ្តើមពិន័យម្ចាស់យានយន្តដែលចតខុសច្បាប់។ លោក រ៉ុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ការងារនេះ បានចាប់ផ្តើមជាង២សប្តាហ៍ហើយ ដោយភ្ជាប់ការអប់រំផង និងពិន័យម្ចាស់យានយន្តផង។
បើតាមប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ជំហ៊ានដំបូងនគរបាលផ្តោតលើយានយន្តធំៗដែលចតចោលគ្មានសណ្តាប់ធ្នាប់ ចតចោលរាប់ម៉ោង និងអនុវត្តលើផ្លូវសំខាន់ៗក្នុងក្រុងភ្នំពេញ។ លោក រ៉ុន រ័ត្នវាសនា បញ្ជាក់បន្ថែមដូច្នេះ៖« យើងពិន័យទៅតាមប្រភេទយានយន្ត ម៉ូតូ២ម៉ឺន៥ពាន់ រថយន្ត និងរថយន្តធន់ស្រាល ធុនធំបន្តបន្ទាប់ទៀត ១០ម៉ឺនអីចឹងទៅ ទៅតាមមាត្រា២៣ នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មី»។
ទាក់ទងនឹងរបៀបពិន័យនេះដែរ លោក រ័ត្នវាសនា បានបញ្ជាក់ឲ្យដឹងទៀតថា នគរបាលចរាចរណ៍ នឹងប្រើប្រព័ន្ធបច្ចេកវិទ្យាស្កេនរកទិន្នន័យរបស់ម្ចាស់យានយន្តដែលចតល្មើសច្បាប់ទាំងនោះ ហើយចេញវិក័យបត្របញ្ជាក់ពីប្រភេទល្មើស និងទុករយៈពេល១ខែ ដើម្បីឲ្យម្ចាស់យានយន្តទៅបង់ប្រាក់ពិន័យនៅតាមទីតាំងដែលនគរបាលចរាចរណ៍កំណត់។ ករណីខកខានមិនបង់ប្រាក់ពិន័យតាមកំណត់រយៈពេល៣០ថ្ងៃ ការពិន័យនឹងកើនទ្វេដង ហើយនឹងកើនឡើងបីដង បើលើស៦០ថ្ងៃ ឬត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ បើយឺតយ៉ាវបង់ប្រាក់ពិន័យលើសពី ៩០ ថ្ងៃ។
បើទោះជាបានដឹងជាមុនថា ការអនុវត្តន៍ការពិន័យនេះ នឹងមិនបានជោគជ័យ១០០ភាគរយ ប៉ុន្តែលោក រ័ត្នវាសនា បញ្ជាក់ថាយ៉ាងហោចណាស់ ឲ្យប្រជាពលរដ្ឋបានយល់ដឹងពីច្បាប់ចរាចរណ៍ ឲ្យគាត់មានស្មារតីភ្ញាក់រលឹក មុននឹងចតយានយន្តត្រូវគិតថាតើខុសច្បាប់ឬអត់?ប្រធាននាយកដ្ឋាននគរបាលសណ្តាប់ធ្នាប់ និងចរាចរណ៍ផ្លូវគោក បញ្ជាក់បន្ថែមទៀតថា ការអនុវត្តនេះជោគជ័យ ទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋ៕
Tag:
ចត
យានយន្ត
ច្បាប់
ចរាចរណ៍
ពិន័យ
© រក្សាសិទ្ធិដោយ thmeythmey.com