អន្តរជាតិ
ហ្វាំ​ង​ឡង់​៖ មនុស្ស​ជិត​៨០០​នាក់​ងូតទឹក​ស្រាត​រួមគ្នា​ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក​
20, Jul 2017 , 9:19 pm        
រូបភាព
ដោយ: ធីតា
​មនុស្ស​ជិត​៨០០​នាក់ កាលពី​ថ្ងៃទី​១៥ ខែកក្កដា​កន្លងមក បាន​នាំ​ស្រាត​ងូតទឹក​នៅក្នុង​បឹង​មួយ​នៅ​តំបន់ Linnulahti ក្រុង Joensuu ប្រទេស​ហ្វាំ​ង​ឡង់​។ យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន yle.fi គោលបំណង​អ្នករៀបចំ​កម្មវិធី​គឺ​ដើម្បី​ក្លាយជា​ម្ចាស់​កំណត់ត្រា​ថ្មី​ក្នុង​សៀវភៅ Guinness World Records​។​



​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​កម្សាន្ត និង​តន្ត្រី Ilosaarirock Music Festival នៅ​ក្រុង Joensuu ក្រុម​អ្នករៀបចំ​កម្មវិធី​បាន​អំពាវនាវ​ដល់​អ្នក​ចូល​នាំគ្នា​ចុះឈ្មោះ​ងូតទឹក​ស្រាត ដើម្បី​បំបែក​កំណត់ត្រា​ចាស់​នៅ​អូស្ត្រាលី​កាលពី​ឆ្នាំ​២០១៥ ដែល​កាលណោះ​មាន​មនុស្ស​ចូលរួម​ចំនួន​៧៨៦​នាក់​។​

​ការអំពាវនាវ​ដំបូង មានតែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​ចាប់អារម្មណ៍ ប៉ុន្តែ​ដោយសារ​កម្មវិធី​រៀបចំ​នៅ​ម៉ោង​២​ថ្ងៃត្រង់ ហើយ​អាកាសធាតុ​ក្តៅ​ផងដែរ​នោះ អ្នកចូលរួម​លែងមាន​អារម្មណ៍​អៀនខ្មាស​។ ពួកគេ​បាននាំគ្នា​រត់​ចូលក្នុង​បឹង​ទាំង​ននល​គោក ដែល​ធ្វើ​ឲ្យ​អ្នករៀបចំ​កម្មវិធី​សប្បាយចិត្ត​យ៉ាងខ្លាំង​។​



​តាម​លក្ខ​ខ​ន្តិ​កៈ អ្នកចូលរួម​ទាំងអស់​ត្រូវ​ស្ថិតនៅក្នុង​ទឹក​អាច​ហោចណាស់​៥​នាទី​។ នាពេលនោះ​ពួកគេ​ក៏បាន​នាំគ្នា​ច្រៀង​ចម្រៀង​ជាតិ​ហ្វាំ​ង​ឡង់​ផងដែរ ក្នុង​គោលបំណង​អបអរ​ខួប​១០០​ឆ្នាំ​នៃ​ការទទួលបាន​ឯករាជ្យ​ពី​រុស្ស៊ី​។​

​សរុប​មនុស្ស​ចំនួន​៧៨៩​នាក់​នាក់​បាននាំគ្នា​រត់​ទាំង​ស្រា​តទៅ​ងូតទឹក​ត្រជាក់​នៅក្នុង​បឹង​មួយ​នៅ​តំបន់ Linnulahti ក្រុង Joensuu ប្រទេស​ហ្វាំ​ង​ឡង់ ទាំង​សប្បាយរីករាយ​។ ចំនួន​នេះ បាន​ក្លាយជា​កំណត់ត្រា​ថ្មី​នៃ​ការប្រមូលផ្តុំ​ងូតទឹក​ស្រាត​ច្រើនជាងគេ​លើ​ពិភពលោក ពោលគឺ​លើស​កំណត់ត្រា​ចាស់​នៅ​ទីក្រុង Perth ប្រទេស​អូស្ត្រាលី តែ​៣​នាក់​ប៉ុណ្ណោះ​។​

​បច្ចុប្បន្ន ក្រុម​អ្នករៀបចំ​កម្មវិធី កំពង់​រង់ចាំ​ការទទួលស្គាល់​ផ្លូវការ​ពី​ក្រុមការងារ Guinness World Records៕



Tag:
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com