អន្តរជាតិ
កូរ៉េខាងត្បូងចង់ចាប់ផ្តើមកិច្ចសហការសេដ្ឋកិច្ចជាមួយកូរ៉េខាងជើងឡើងវិញដើម្បីដោះស្រាយជម្លោះ
× រដ្ឋាភិបាលកូរ៉េខាងត្បូងមានគម្រោងចាប់ផ្តើមកិច្ចសហការសេដ្ឋកិច្ចជាមួយនឹងកូរ៉េខាងជើងឡើងវិញដោយបើកឡើងវិញនូវតំបន់ឧស្សាហកម្ម និងដំណើរការសកម្មភាពទេសចរណ៍ រួមទាំងបង្កើតកិច្ចព្រមព្រៀងទំនាក់ទំនងទ្វេភាគីថ្មីមួយទៀតផងដែរ។
ថ្ងៃពុធទី១៩ខែកក្កដា រដ្ឋាភិបាលកូរ៉េថ្មីរបស់លោក មូន ចេអ៊ីន បានបង្ហាញផែនការក្នុងការចាប់ផ្តើមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយនឹងកូរ៉េខាងជើងឡើងវិញ និងប្តេជ្ញាបង្កើតកិច្ចព្រមព្រៀងគ្រប់គ្រងទំនាក់ទំនងទ្វេភាគីថ្មីមួយទៀតផងដែរ។
ផែនការនេះមានកំណត់ក្នុងគោលនយោបាយគ្រប់គ្រងរដ្ឋមានរយៈពេលប្រាំឆ្នាំរបស់លោក មូន ចេអ៊ីន មានបំណងសំខាន់ស្ដារទំនាក់ទំនងរវាងកូរ៉េទាំងពីរឡើងវិញ ហើយលោកក៏ព្យាយាមបង្កើតផែនទីសេដ្ឋកិច្ចថ្មីក្នុងឧបទ្វីបកូរ៉េដើម្បីជំរុញកំណើនសេដ្ឋកិច្ចផងដែរ។
ផែនទីសេដ្ឋកិច្ចថ្មីនេះរួមមានការបង្កើតខ្សែក្រវ៉ាត់សេដ្ឋកិច្ចបីខ្សែ ក្នុងនោះមានខ្សែក្រវ៉ាត់ថាមពលនៅសមុទ្រខាងកើត ខ្សែក្រវ៉ាត់ភស្ដុភារនៅសមុទ្រខាងលិច និងខ្សែក្រវ៉ាត់ទេសចរណ៍នៅតំបន់គ្មានទ័ពដែលបែកចែកកូរ៉េជាពីរ។
បើតាមទីភ្នាក់ងារព័ត៌មាន ស៊ិនហួរ កូរ៉េខាងត្បូងនឹងស្ដារទំនាក់ទំនងសេដ្ឋកិច្ចឡើងវិញដោយបើកដំណើរការរោងចក្រឧស្សាកម្មនៅតំបន់ Kaesong។ រោងចក្រនេះត្រូវបានបិទដោយរដ្ឋាភិបាលមុនបន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងនុយក្លេអ៊ែរលើកទី៤ នៅដើមខែមករាឆ្នាំ២០១៦។
ក្រៅពីមានគម្រោងចាប់ផ្តើមដំណើរការតំបន់ឧស្សាហកម្មឡើងវិញ កូរ៉េខាងត្បូងក៏មានគោលបំណងចាប់ផ្តើមសកម្មភាពទេសចរណ៍ភ្នំ Kumgang ឡើងវិញដូចគ្នា។ តំបន់ទេសចរណ៍ភ្នំKumgangត្រូវបានបង្កើតក្នុងឆ្នាំ១៩៩៨ ហើយវាក៏ត្រូវបានផ្អាកបណ្ដោះអាសន្នក្នុងខែ កក្កដា ឆ្នាំ២០០៨។ មូលហេតុមកពីទាហានកូរ៉េខាងជើងបានបាញ់សម្លាប់ស្ដ្រីទេសចរកូរ៉េខាងត្បូងម្នាក់ដោយចោទថាអ្នកទេសចរនោះដើរចូលកន្លែងហាមឃាត់ ។
រដ្ឋាភិបាលកូរ៉េខាងត្បូងក៏មានគោលបំណងស្ដារពិភាក្សាឡើងវិញដោយផ្តោតលើកិច្ចការជួយសង្គ្រោះមនុស្សធម៌ និងទំនាក់ទំនងយោធា កីឡា រួមទាំងការផ្លាស់ប្ដូរវប្បធម៌ និងកិច្ចសហការសេដ្ឋកិច្ចដែរ។
កូរ៉េខាងត្បូងក៏នឹងសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងកូរ៉េទាំងពីរថ្មីមួយទៀត ដោយរដ្ឋាភិបាលលោក មូន ចេអ៊ីន នឹងប្រឹងប្រែងស្វែងរកការគាំទ្រពីសភាជាតិ និង មហាសន្និបាតអង្គការសហប្រជាជាតិផងដេរ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃចន្ទទី១៧ខែកក្កដាកូរ៉េខាងត្បូងស្នើកិច្ចសន្ទនាទ្វេភាគីពីការបង្រួបបង្រួមគ្នានិងកិច្ចការយោធា ប៉ុន្តែកូរ៉េខាងជើងមិនទាន់ឆ្លើយតបនៅឡើយទេ៕
Tag:
កូរ៉េខាងជើង
កូរ៉េខាងត្បូង
មូន ចេអ៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com