អន្តរជាតិ
របាយការណ៍៖ សំណល់ផ្លាស្ទិកកើនដល់ជាង៩,១ពាន់លានតោន ក្លាយជាបញ្ហាធំរបស់ពិភពលោក
× បច្ចុប្បន្ននេះ ពិភលោកមានសំណល់ច្រើនជាង៩,១ពាន់លានតោន ហើយវាកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ផែនដីទាំងមូលផង។ សំណល់នេះមួយភាគធំត្រូវបានបោះចោលក្នុងសមុទ្រ និងបោះចោលក្នុងកន្លែងកប់សំរាម។ គេវាយតម្លៃថា ទំហំសំណល់ផ្លាស្ទិកនឹងកើនឡើងដល់ច្រើនជាង ១៣ពាន់លានតោនត្រឹមឆ្នាំ ២០៥០។
ថ្ងៃពុធទី១៩ខែកក្កដា របាយការណ៍ស្រាវជ្រាវអាមេរិកដែលត្រូវបានចុះផ្សាយដោយ Science Advances បានបង្ហាញថា ពិភពលោកមានសំរាមផ្លាស្ទិកទំហំច្រើនជាង ៩,១ពាន់លានតោន ហើយសំណល់មួយចំនួនធំត្រូវបានបោះចូលក្នុងសមុទ្រ និងកន្លែងកប់សំរាម។ របាយការណ៍នេះព្រមានទៀតថា ចំនួនសំរាមផ្លាស្ទិកដែលកំពុងក្លាយជាបញ្ហាធំរបស់ពិភពលោកនេះនឹងកាន់តែកើនឡើងនៅពេលខាងមុខ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP ទំហំកាកសំណល់ផ្លាស្ទិកដែលត្រូវបោះចោលនឹងកើនឡើងដល់ជាង ១៣ពាន់លានតោននៅត្រឹមឆ្នាំ២០៥០។ ចំនួននេះស្មើនឹង ៣៥ពាន់ដងនៃទម្ងន់អាគារពាណិជ្ជកម្ម Empire State Building នៅក្រុងញូវយ៉កទៀត។
សហនិពន្ធរបាយការណ៍អ្នកស្រីJenna Jambeck បាននិយាយដូច្នេះថា៖«សំណល់ផ្លាស្ទិកមួយភាគធំមិនរលាយដោយឯកឯងទេ។ ដូច្នេះហើយសំរាមនេះនឹងនៅកកកុញលើផែនដីរាប់រយឬក៏អាចរាប់ពាន់ឆ្នាំ»។
អ្នកស្រីបន្ថែមទៀតថា៖«ការសន្និដ្ឋានរបស់ពួកយើងសង្កត់ធ្ងន់លើការពិចារណាពីសំភារៈដែយើងលប្រើប្រាស់ និងការអនុវត្តស្តីពីការគ្រប់គ្រងកាកសំណល់ផងដែរ»។
កាលពីឆ្នាំ១៩៥០ ចំនួនផ្លាស្ទិកជាង២តោនប៉ុណ្ណោះត្រូវបានបង្កើតឡើងជុំវិញពិភពលោក ប៉ុន្តែចំនួនផ្លាស្ទិកកើនឡើងដល់ជាង២២០លានតោនក្នុងឆ្នាំ២០០២ និង កើនបន្តទៀតដល់ច្រើនជាង ៤៤០លានតោនក្នុងឆ្នាំ២០១៥។
សំភារៈផ្លាស្ទិកកើនឡើងលឿនជាងសំភារៈផ្សេងៗទៅទៀត លើកលែងតែដែកនិងស៊ីម៉ងត៍តែប៉ុណ្ណោះ។ដែកនិងស៊ីម៉ង់ត៍ត្រូវគេយកទៅធ្វើសំណង់។ ចំណែកឯផ្លាស្ទិកត្រូវគេយកទៅវេចខ្ចប់។ស្ទើរតែពាក់កណ្ដាលនៃដែកនិងស៊ីម៉ងត៍ដែលត្រូវយកទៅសាងសង់នឹងសឹករិចរឹល ប៉ុន្តែផ្លាស្ទិកមិនរលាយនោះទេ។ ដូច្នេះហើយស្ទើរតែពាក់កណ្ដាលនៃផ្លាស្ទិកក្លាយជាសំណល់កកកុញបន្ទាប់ពីប្រើហើយ។
ទំហំសំរាមស្ងួតក្នុងទីក្រុងធំៗ កើនឡើងពីតិចជាង១ភាគរយឆ្នាំ១៩៦០ ទៅដល់លើស១០ភាគរយនៅឆ្នាំ២០០៥ក្នុងប្រទេសដែលមានចំណូលច្រើននិងមធ្យម។ ក្នុងឆ្នាំ២០១៥ ការស្រាវជ្រាវបានបង្ហាញថា ចំនួនផ្លាស្ទិកជិត៧លានតោនស្ថិតនៅកកកុញនៅលើផែនដី ហើយ ៧៩ភាគរយនៃសំណល់ផ្លាស្ទិក ៧លានតោនត្រូវបានគេចោលនៅកន្លែងកប់សម្រាម។
បច្ចុប្បន្នសំណល់ផ្លាស្ទិកមាននៅគ្រប់ផ្ទៃមហាសមុទ្រនៅជុំវិញពិភពលោក ហើយកាលពីឆ្នាំ២០១០ សំណល់ផ្លាស្ទិក៨ពាន់លានគីឡូក្រាមនៅក្នុងគ្រប់ផ្ទៃមហាសមុទ្រ៕
Tag:
សំណល់ផ្លាសិ្ទក
Science Advances
© រក្សាសិទ្ធិដោយ thmeythmey.com