អន្តរជាតិ
លោក ឌូ​ទើ​តេ ចុះសួរសុខទុក្ខ​ទាហាន​កំពុង​ច្បាំង​កម្ចាត់​ក្រុម​ភេរវជន​IS នៅ​ក្រុង Marawi
21, Jul 2017 , 10:39 am        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន បានអញ្ជើញ​ត្រួតពិនិត្យ និង​ចុះសួរសុខទុក្ខ​កងកម្លាំង​ហ្វីលីពីន​ដែល​កំពុង​ច្បាំង​កម្ចាត់​ក្រុម​ភេរវជន​នៅក្នុង​ក្រុង ម៉ា​រ៉ាវី (Marawi) ស្ថិតនៅកោះមិនដាណាវ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២០ កក្កដា ​​ម្សិលមិញនេះ។  វត្តមាន​ដ៏​កម្រ​របស់​បុរស​ខ្លាំង​ហ្វីលីពីន​នៅ​សមរភូមិ អាចជួយ​ជំរុញ និង​លើកទឹកចិត្ត​ទាហាន​ឲ្យ​បង្កើន​ការប្រយុទ្ធ​ដើម្បី​យកជ័យ​ជម្នះ​នៅ​ឆាប់ៗ​ខាងមុខ​ផង​។



​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានជិះ​ឧទ្ធម្ភាគចក្រ​យោធា​ទៅកាន់​មូលដ្ឋានទ័ព​មួយកន្លែង​នៅក្នុង​ក្រុង​ម៉ា​រ៉ាវី​ដើម្បី​សាកសួរ​សុខទុក្ខ​បណ្តា​កងទ័ព​ដែល​កំពុង​ច្បាំង​ជាមួយ​បណ្តាញ​ក្រុម​ភេរវជន​ដែ​ស្ហ (Daesh) ឬ​ក្រុម​រដ្ឋ​ឥស្លាម (IS) រយៈពេល​ពីរ​ខែ​មកហើយ​នោះ​។ លោក​ស្លៀក​សម្លៀកបំពាក់​យោធា ហើយ​ដើរ​ចែក​អំណោយ​ដល់​នាយទាហាន​ និង​ពលទាហាន​ដែល​ឈរជើង​ក្នុង​សមរភូមិ​ប្រឆាំង​ភេរវកម្ម​ផងដែរ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកនាំពាក្យ​កងទ័ព​ហ្វីលីពីន​ប្រចាំ​សមរភូមិ​ក្រុង​ម៉ា​រ៉ាវី​លោក  Jo-ar Herrera បាន​លើកឡើងថា វត្តមាន​លោក ឌូ​ទើ​តេ នៅក្នុង​សមរភូមិ​ពេលនេះ​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកទឹកចិត្ត​និង​ជំរុញ​ឲ្យ​ទាហាន​កាន់​តែមាន​កម្លាំងចិត្ត​និង​វិន័យ​។​

«​លោក ឌូ​ទើ​តេ ពិតជា​បង្ហាញ​ឲ្យ​ទាហាន​ទាំងអស់​ឃើញ​ពី​ការលើកទឹកចិត្ត រួមទាំង​ការគាំទ្រ​ផង ខណៈពេលដែល​ពួកគេ​កំពុង​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវជន​។ ទង្វើ​នេះ​ជួយ​លើ​ទឹកដី​ចិត្ត និង​ស្មារតី​យុទ្ធជន និង​យុទ្ធ​នារី​យើង​ដែលជា​កម្លាំង​ស្នូល​ប្រឆាំង​ភេរវកម្ម​»​។​

​ក្រៅពី​ចុះ​ចែក​អំណោយ និង​សួរសុខទុក្ខ​បណ្តា​កងទ័ព លោក ឌូ​ទើ​តេ ក៏បាន​ត្រួត​ពិនិត្យមើល​សព្វាវុធ​ដែល​ទាហាន​រឹបអូស​បាន​ពី​ក្រុម​សកម្មប្រយុទ្ធ Maute បណ្តាញ​ក្រុម​ដែ​ស្ហ​ផងដែរ​។​

​មកដល់​បច្ចុប្បន្ន ការប្រយុទ្ធ​គ្នា​នៅតែ​បន្ត​អូសបន្លាយ​ជិត​ដល់​ពីរ​ខែ​ហើយ ស្រប​ពេលដែល​ចំនួន​អ្នកស្លាប់​កើនឡើង​ដល់​ជាង ៥០០​នាក់​។ រដ្ឋាភិបាល​បានប្រកាសថា ក្រុម​ភេរវជន​ចំនួន ៤២១​នាក់​ត្រូវបាន​សម្លាប់ ខណៈដែល​ទាហាន​ហ្វីលីពីន ៩៩​នាក់​បាន​ពលី​ជីវិត​ក្នុង​សមរភូមិ​នេះ​។ ចំណែក​ជន​ស៊ីវិល ចំនួន ៤៥​នាក់​បាន​ស្លាប់ និង​រាប់ម៉ឺន​នាក់​ផ្សេងទៀត​បាន​បាត់បង់​ជម្រក​ផង​។​

​លោក ឌូ​ទើ​តេ បានប្រកាស​ដាក់​តំបន់​មិន​ដា​ណាវ​ទាំងមូល​ក្រោម​ច្បាប់អាជ្ញាសឹក​នៅ​ចុងខែ​ឧសភា​ក្រោយ​ពេលដែល​ក្រុម​ភេរវជន​វាយប្រហារ​និង​កាន់កាប់​ទីតាំង​មួយចំនួន​របស់​រដ្ឋាភិបាល​ជាពិសេស​អាគារ​មន្ទីរពេទ្យ និង​សាលារៀន​ជាដើម​។ នៅ​ថ្ងៃ ២៣ ខែកក្កដា​ខាងមុខ​សុពលភាព​នៃ​ច្បាប់អាជ្ញាសឹក​ត្រូវផុត ប៉ុន្តែ​ប្រធានាធិបតី ឌូ​ទើ​តេ បានស្នើ​សុំ​ឲ្យ​សភា​ផ្តល់​សិទ្ធ​ឲ្យ​លោក​បន្ត​សុពលភាព​អនុវត្ត​ច្បាប់អាជ្ញាសឹក​នេះ​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​ភេរវកម្ម ថ្វីបើ​មានការ​រិះគន់​ពី​ក្រុម​សិទ្ធិមនុស្ស​និង​អ្នកនយោបាយ​ខ្លះ​ក៏ដោយ​៕


Tag:
 Marawi
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  ហ្វីលីពីន​
  ​ដែ​ស្ហ​
  Daesh
  IS
© រក្សាសិទ្ធិដោយ thmeythmey.com