អន្តរជាតិ
Brexit៖ ការចរចារវាងអង់គ្លេសនិងអឺរ៉ុបទៅមុខទាំងរដាក់រដុប តំណាងចរចារបស់អង់គ្លេស David Davis និងសមភាគីអឺរ៉ុប Michel Barnier (រូបភាព BBC)
× ការចរចាចែកផ្លូវរវាងអង់គ្លេស និងសហភាពអឺរ៉ុប បានឈានដល់សប្ដាហ៍ទីពីរ ប៉ុន្តែដំណើរការចរចានេះស្ថិតលើផ្លូវមួយដែលរដាក់រដុបបំផុត។ ការចរចាប៉ុន្មានថ្ងៃមកនេះ ផ្ដោតលើសិទ្ធិប្រជាជនអឺរ៉ុបរស់នៅអង់គ្លេស និងថ្លៃលែងលះដែលអង់គ្លេសត្រូវបង់ឲ្យអឺរ៉ុប។ ប៉ុន្តែសហភាពអឺរ៉ុបហាក់នៅមិនទាន់ច្បាស់ពីជំហររបស់អង់គ្លេសលើបញ្ហាទាំងនេះនៅឡើយទេ និងចង់ឲ្យអង់គ្លេសបញ្ជាក់ឲ្យបានច្បាស់ ព្រោះមន្ទិលសង្ស័យដែលកើតមាន មិនមែនជារឿងល្អសម្រាប់ការចរចាឡើយ។
តំណាងមកពីអង់គ្លេស និងមកពីសហភាពអឺរ៉ុប បានបន្តជួបគ្នានៅទីក្រុងព្រុចសែល សម្រាប់សប្ដាហ៍ទីពីរនៃការចរចាចែកផ្លូវគ្នា។ ប៉ុន្តែចុងបញ្ចប់នៃការចរចា ទាំងអង់គ្លេស ទាំងសហភាពអឺរ៉ុប នៅខ្វែងគំនិតគ្នាលើសិទ្ធិប្រជាជនអឺរ៉ុបដែលកំពុងរស់នៅក្នុងទឹកដីអង់គ្លេស និងការបង់ថ្លៃលែងលះទៅឲ្យអឺរ៉ុបនោះ។ អង់គ្លេស បានប្រកាសហើយថា សិទ្ធិរបស់ប្រជាជនអឺរ៉ុបនឹងត្រូវរក្សាដដែល ហើយអង់គ្លេសក៏សន្យាបង់ថ្លៃលែងលះដែរ។
យោងតាមសារព័ត៌មាន BBC តំណាងចរចារបស់អឺរ៉ុប Michel Barnier និយាយថា ចក្រភពអង់គ្លេសមិនមានជំហរច្បាស់លាស់លើបញ្ហានេះឡើយ ដែលអាចបង្កជាបញ្ហាសម្រាប់ការចរចាមិនខាន។ តំណាងរបស់អឺរ៉ុបចង់បានការបញ្ជាក់ពីសិទ្ធិប្រជាជនអឺរ៉ុប ការបង់ថ្លៃលែងលះ បញ្ហាអៀរឡង់ និងបញ្ហាពាក់ព័ន្ធផ្សេងទៀត ខណៈអឺរ៉ុបផ្ទាល់អះអាងថា ជំហររបស់ខ្លួនលើបញ្ហានេះ គឺច្បាស់លាស់អស់ហើយ។
យ៉ាងណាមិញ លោក David Davis រដ្ឋមន្ត្រីទទួលបន្ទុកការចរចាចាកចេញរបស់អង់គ្លេស បែរជានិយាយថា ការចរចារវាងអង់គ្លេស និងអឺរ៉ុបស្ថិតលើផ្លូវល្អ ហើយមានដំណើរការទៅមុខផងដែរ។ ទន្ទឹមនឹងការខ្វែងគំនិតគ្នា តំណាងរបស់អង់គ្លេសរូបនេះបញ្ជាក់ថា ភាគីទាំងសងខាងត្រូវតែបត់បែន បើចង់ឲ្យការចរចាជោគជ័យ។
១. សិទ្ធិប្រជាជនអឺរ៉ុបនៅអង់គ្លេស និងសិទ្ធិប្រជាជនអង់គ្លេសនៅអឺរ៉ុប
អង់គ្លេស និងសហភាពអឺរ៉ុប មានគំនិតត្រូវគ្នាខ្លះ និងខុសគ្នាខ្លះលើបញ្ហានេះ។ ចំណុចដែលនៅខ្វែងគំនិតគ្នា គឺត្រង់អនាគតរបស់ក្មេងជំនាន់ក្រោយដែលកើតនៅអង់គ្លេស បន្ទាប់ពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ក៏ដូចជាផលប្រយោជន៍ដែលពួកគេអាចទទួលបាន។ ប៉ុន្តែប្រជាជនអឺរ៉ុបរស់នៅទឹកដីអង់គ្លេសទាំងនោះ កំពុងប្រឈមមុខនឹងការបាត់បង់សិទ្ធិ ឬអត្ថប្រយោជន៍ដែលកំពុងទទួលបាននៅពេលនេះ។
អឺរ៉ុបចង់ឲ្យអង់គ្លេសអនុញ្ញាតឲ្យប្រជាជនអឺរ៉ុបចំនួនជាង៥លាននាក់កំពុងរស់នៅអង់គ្លេស អាចចាកចេញពីអង់គ្លេសទៅកាន់ប្រទេសអឺរ៉ុបផ្សេង ហើយអាចចូលមកអង់គ្លេសវិញបាន ប៉ុន្តែអង់គ្លេសដូចជាមិនយល់ស្របលើបញ្ហានេះទេ។ បើដូច្នេះមែន ប្រជាជនអង់គ្លេសចំនួនជាងមួយលាននាក់ដែលរស់នៅរដ្ឋអឺរ៉ុបផ្សេងក៏រងផលប៉ះពាល់ដែរ។ មានន័យថា បើប្រជាជនអង់នៅអាល្លឺម៉ង់ នឹងមិនអាចផ្លាស់ទីលំនៅទៅកាន់អូទ្រីស ឬបារាំង បានដែរ។
លើសពីនោះ អឺរ៉ុបក៏ចង់ឲ្យអង់គ្លេសផ្ដល់សិទ្ធិដែលប្រជាជនអឺរ៉ុបទទួលបានសព្វថ្ងៃ ទៅឲ្យកូនៗ ឬសមាជិកគ្រួសារដូចជាការទទួលសិទ្ធិអប់រំ, សុខាភិបាល និងសង្គមកិច្ចជាដើម ទោះជាពួកគេមិនរស់នៅលើទឹកដីអង់គ្លេសក្ដី។ ប៉ុន្តែក្រុងឡុងដ៍បានដាក់លក្ខណ្ឌឲ្យប្រជាជនអឺរ៉ុបទាំងអស់ ត្រូវរស់នៅអង់គ្លេសបានប្រាំឆ្នាំសិន ទើបអាចទទួលបានសិទ្ធិដូចប្រជាជនអង់គ្លេស ចំណែកអ្នករៀបការក្រោយឆ្នាំ២០១៩ អាចបាត់បង់សិទ្ធិតែម្ដង។
២. អឺរ៉ុបចង់ឲ្យតុលាការអឺរ៉ុបដោះស្រាយរាល់បញ្ហាទាក់ទងសិទ្ធិប្រជាជន តែអង់គ្លេសមិនព្រម
ទាក់ទងនឹងរឿងសិទ្ធិប្រជាជននេះដែរ អង់គ្លេស និងអឺរ៉ុបមានជំហរផ្ទុយគ្នាស្រឡះលើយុត្តាធិការរបស់តុលាការអឺរ៉ុប។ អឺរ៉ុបចង់ឲ្យតុលាការអឺរ៉ុប (ECJ) ជាអ្នកដោះស្រាយបញ្ហាសិទ្ធិប្រជាជនរបស់ខ្លួន តែអង់គ្លេសបដិសេធ និងបានប្រាប់បិញថា តុលាការអង់គ្លេស គឺជាស្ថាប័នតែមួយគត់ដើម្បីដោះស្រាយបញ្ហាដែលកើតឡើង ព្រោះអង់គ្លេសមិនអាចស្ថិតក្រោមអំណាចរបស់តុលាការអឺរ៉ុបឡើយ ពេលចាកចេញពីអឺរ៉ុបនោះ។
ត្រង់ចំណុចនេះ នាយករដ្ឋមន្ត្រី ថេរ៉េសា ម៉េយ៍ ធ្លាប់និយាយហើយថា លោកស្រីនឹងមិនអនុញ្ញាតឲ្យអង់គ្លេសស្ថិតក្រោមយុត្តាធិការរបស់តុលាការអឺរ៉ុបឡើយ និងចាត់ទុកការទាមទាររបស់អឺរ៉ុប គឺជារឿងមិនសមរម្យទៀតផង។ ប៉ុន្តែតំណាងចរចារបស់អឺរ៉ុប ក៏ប្រកាសការពារតួនាទីរបស់តុលាការអឺរ៉ុបក្នុងការដោះស្រាយបញ្ហាទាក់ទងប្រជាជនអឺរ៉ុប ដោយចាត់ទុកការទាមទាររបស់ខ្លួន គឺជារឿងផ្លូវច្បាប់ មិនមែនជារឿងនយោបាយឡើយ។
៣. ថ្លៃលែងលះដែលអង់គ្លេសត្រូវបង់ឲ្យអឺរ៉ុបនៅតែជាបញ្ហា
ការបង់ប្រាក់សំណង ឬប្រាក់លែងលះទៅឲ្យអឺរ៉ុប នៅតែជាបញ្ហាក្នុងការចរចាដដែល។ អង់គ្លេស បានយល់ព្រមជាគោលការណ៍រួចហើយក្នុងការផ្ដល់សំណងប្រមាណ៦០ពាន់លានអឺរ៉ូទៅឲ្យអឺរ៉ុប ពេលខ្លួនចាកចេញ ដែលជាថ្លៃចំណាយលើការផ្លាស់ប្ដូរស្ថាប័នអឺរ៉ុបពីអង់គ្លេសទៅប្រទេសផ្សេង និងថ្លៃសំណងសម្រាប់មន្ត្រីសហភាពអឺរ៉ុបជាដើម។ ប៉ុន្តែខាងអឺរ៉ុបនិយាយថា អង់គ្លេសនិយាយឲ្យច្បាស់លាស់ពីបញ្ហានេះឡើយ ខណៈការចរចាក៏មិនរៀបចំដែរ។
តំណាងចរចារបស់អង់គ្លេស លោក David Davis បញ្ជាក់ថា អង់គ្លេស និងអឺរ៉ុប សុទ្ធតែទទួលស្គាល់ពីសារសំខាន់នៃការអនុវត្តកាត្វកិច្ច ដែលមានចំពោះគ្នាទៅវិញទៅមក ទាំងផ្នែងច្បាប់ ទាំងកិច្ចសហប្រតិបត្តិការរួមគ្នា។ ប៉ុន្តែតំណាងអឺរ៉ុបចង់បានចម្លើយច្បាស់ជាងនេះ ដ្បិតប្រមុខការទូតអង់គ្លេស Boris Johnson ធ្លាប់ប្រកាសអង់គ្លេសនឹងមិនបង់លុយសូម្បីមួយសេន បើការទាមទារនោះខ្ពស់ខ្លាំងពេក៕
Tag:
Brexit
អង់គ្លេស
អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com